អន្តរជាតិ
នយោបាយអន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ បើកកិច្ចប្រជុំចង្អៀតបន្ទាន់ រកវិធានការទប់ទល់កូរ៉េខាងជើង 07, Feb 2016 , 4:38 pm
× ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារជាបន្ទាន់មួយដើម្បីស្វែងរកដំណោះ ស្រាយឆ្លើយតបទៅនឹការបាញ់សាកល្បងមីស៊ីលរ៉ុកហ្គែតរបស់កូរ៉េខាងជើងកាលពីព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈនេះ។ កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងក្រោមសំណើរបស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
ប្រទេសសមាជិកទាំង១៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងតែបើកកិច្ចប្រជុំជាបន្ទាន់ មួយដើម្បីស្វែងរកដំណោះស្រាយភា្លមៗប្រឆាំងកូរ៉េខាងជើងដែលបន្តសកម្មភាពដ៏គឃ្លើនបំពាននឹងបំរាមរបស់ក្រុមប្រឹក្សាសន្តិសុខម្តងហើយម្តងទៀត។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីការទូត អង្គការសហប្រជាជាតិជាមួយនឹងភា្នក់ងារព័ត៌មាន Xinhua។
ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ នេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចម្ងាយឆ្ងាយដែល បំពាក់ជាមួយនឹងផ្កាយរណបផងដែរ។ ការបាញ់សាកល្បងរបស់កូរ៉េខាងជើង បានបំពានទៅនឹងបំរាមរបស់សហគមន៍អន្តរជាតិជាថ្មី។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានអះអាងថាកូរ៉េខាងជើងបានបាញ់គ្រាប់រ៉ុកហ្គែតចេញពីមូលដ្ឋានមីស៊ីល Dongchang ដែលស្ថិតនៅភាគពាយព្យនៃប្រទេស។ នេះបើយោងតាមកាសែត Yonhap ដែលបានស្រង់ការអះអាងរបស់ទាហានកូរ៉េខាងត្បូងដែលថា រ៉ុកហែ្គតកូរ៉េខាងជើង ក៏បានហោះរំលងកោះ Okinawa របស់ជប៉ុន និងបំណែកនៃគ្រាប់រ៉ុកហ្គែតនោះ បានធ្លាក់ចូលក្នុងសមុទ្រ លឿង និងដែនទឹកភាគនីរតីនៃកោះ Jeju របស់កូរ៉េខាងត្បូងផងដែរ។
បើទោះបីជាអ្នកជំនាញមួយចំនួនចាត់ទុកការបាញ់នោះបរាជ័យក៏ដោយ ទូរទស្សន៍ក្នុងស្រុកកូរ៉េខាង ជើង ក៏បានចុះផ្សាយបន្ទាប់ពីការបាញ់នោះ ថាកូរ៉េខាងជើង បានបាញ់គ្រាប់បែករ៉ុកហ្គែតដោយជោគជ័យ ។ តាមទូរទស្សន៍ដដែល ដែលបានដកស្រង់ដោយភា្នក់ងារព័ត៌មាន Xinhua បានបញ្ជាក់ថា ការបាញ់មីស៊ីលរ៉ុកហ្គែតដោយជោគជ័យ បានបង្ហាញពីការវិវត្តប្រវត្តិសាស្ត្រមួយនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច និងសមត្ថភាពការពារជាតិរបស់ប្រទេសកំពុងអភិវឌ្ឍតាមរយៈការអនុវត្តសិទ្ធិនៃការប្រើប្រាស់លំហដោយស្របច្បាប់ក្នុងគោលបំណងសន្តិភាព និងឯករាជ្យ។
ជុំវិញបញ្ហានេះ ទាំងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពដ៏ គឃ្លើនរបស់កូរ៉េខាងជើង បើទោះបីជាសកម្មភាពចុងក្រោយនេះ មិនបានគំរាមកំហែងខ្លាំងមកលើសន្តិសុខក្នុងតំបន់ក៏ដោយ។ សម្ព័ន្ធមិត្តទាំងបីបានចាត់ទុកសកម្មភាពរបស់កូរ៉េខាងជើង ថាកំពុងប្រទាញប្រទង់ឲ្យមានសង្គ្រាម។ បន្ថែមពីនេះ កូរ៉េខាងត្បូង និងអាមេរិក ក៏កំពុងតែចាប់ដំណើរការការចរចាជា ផ្លូវការក្នុងការដំឡើងប្រព័ន្ធការពារ និងកម្ទេចមីស៊ីលនៅក្នុងទឹកដីកូរ៉េខាងត្បូង៕
© រក្សាសិទ្ធិដោយ thmeythmey.com