អន្តរជាតិ
អាហ្វ្រិកនាំគ្នារៀនចិនជាអាណានិគមបែបថ្មី? 08, Feb 2016 , 10:36 am
× ចាប់តាំងពីឥទ្ធិពលសេដ្ឋកិច្ចចិនកើនឡើងខ្លាំងនៅតំបន់អាហ្វ្រិកប្រទេសមួយចំនួនចាប់ផ្តើមដាក់ឲ្យមានការសិក្សាភាសាចិននៅតាមសាលារៀនផង។ ការធ្វើបែបនេះគឺដើម្បីជួយឲ្យប្រជាជនខ្លួនទទួលបាន ឱកាសធ្វើការងារជាមួយក្រុមហ៊ុនចិននិងទទួលប្រយោជន៍ផ្សេងទៀតពីទំនាក់ទំនងជាមួយចិន ។ នៅអាហ្វ្រិកខាងត្បូង នីហ្សេរីយ៉ាជាដើម ភាសាចិនក្លាយជាភាសាពេញនិយមសម្រាប់សិស្សជ្រើសរើសក្រៅពីភាសាអង់គ្លេសផង។
បច្ចុប្បន្ននេះមហាយក្សចិនមានវិទ្យាស្ថានខុងជឺ ប្រហែល៣៨ ដែលប្រតិបត្តិការនៅតំបន់អាហ្វ្រិកដើម្បីបណ្តុះបណ្តាលភាសាចិន និងផ្សព្វផ្សាយវប្បធម៌ចិនដល់ប្រជាជនអាហ្វ្រិ កផង។ រដ្ឋាភិបាលចិនក៏បានចំណាយលុយច្រើនសន្ធឹកពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៥ ដោយនាំយកប្រជាជនអាហ្វ្រិកប្រហែល ៣ម៉ឺននាក់ទៅចិនដើម្បីទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លីផង។
បច្ចុប្បន្នប្រទេសមួយចំនួនដែលមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំនិងជិតស្និទ្ធជាមួយចិនបានចាប់ផ្តើមកំណត់ថ្នាក់ពិសេសសម្រាប់បណ្តុះបណ្តាលក្មេងៗថ្នាក់បឋម និងថ្នាក់វិទ្យាល័យ ឬសាកលវិទ្យាល័យផង។ ម្យ៉ាងទៀតប្រទេសទាំងនោះរំពឹងទទួលបានប្រយោជន៍ពីចិន ក្នុងវិស័យទេសចរណ៍ផង ព្រោះចំនួនអ្នកទេសចរចិនមកទស្សនកិច្ចនៅអាហ្វ្រិកបន្តកើនឡើងរៀងរាល់ឆ្នាំ។សម្រាប់រដ្ឋអាហ្វ្រិកការសិក្សាភាសាចិន ជាជម្រើសល្អ ហើយអាចថាជាជម្រើសចាំបាច់មិនអាចចៀសផុតផង។ ប៉ុន្តែសម្រាប់លោកខាងលិចនិងអ្នកវិភាគមួយចំនួន យល់ថា ចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួន និងដាក់អាណានិគមបែបថ្មីសម្រាប់តំបន់អាហ្វ្រិកថែមទៀត។
ត្រលប់មកវិញប្រទេសអាហ្វ្រិកខាងត្បូងជាប្រទេសមួយដែលបានចាប់ផ្តើមដាក់ចេញគោលនយោបាយអប់រំថ្មីដោយបង្រៀនភាសាចិនដល់សិស្ស តាំងពីដើមឆ្នាំ ២០១៥ម្ល៉េះ។ សិស្សចាប់ពីថ្នាក់ទី៤ដល់ថ្នាក់ទី៩ ហើយចាប់ពីឆ្នាំ ២០១៦តទៅរដ្ឋាភិបាលនឹងបង្កើតថ្នាក់ភាសាចិនសម្រាប់សិស្សថ្នាក់ទី១០ផង។ ឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨ សិស្សថ្នាក់ទី ១១ និងទី ១២ អាចរៀនភាសាចិនបានដែរ។
ចំណែកនៅ ប្រទេសអាហ្វ្រិកខាងលិច នីហ្សេរីយ៉ា ថ្នាក់ភាសាចិនក៏កំពុងពេញនិយម ហើយប្រជាជននីហ្សេរីយ៉ាក៏សម្លឹងឃើញពីសារសំខាន់នៃការសិក្សាភាសាចិនដូចគ្នាដែរ។ នៅរដ្ឋធានីឡាកូស (Lagos) សិស្សជាច្រើននាក់បានសម្រេចចិត្តរៀនភាសាចិន ស្របពេលដែលរដ្ឋាភិបាលនីហ្សេរីយ៉ានិងចិនចាប់ផ្តើមពង្រឹងចំណងមិត្តភាពទ្វេភាគីកាន់តែខ្លាំង ហើយចំណងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់រីកធំឡើងរាល់ឆ្នាំ។
នៅប្រទេសសំប៊ី ក៏ចាប់ផ្តើមដាក់គោលនយោបាយបញ្ចូលភាសាចិននៅក្នុងប្រព័ន្ធអប់រំរបស់ខ្លួនដែរ កាលពីចុងឆ្នាំមុន។ រដ្ឋមន្ត្រីអប់រំសំប៊ីលោក Sydney Mushanga បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងខ្នះខ្នែងបញ្ចូលភាសាចិនក្នុងប្រព័ន្ធសិក្សាបន្ទាប់ភាសាបារាំងនិងភាសាព័រទុយហ្កាល់។ លោកក៏សង្កត់ធ្ងន់ថា ការដាក់ភាសាចិនឲ្យសិស្សសំប៊ីនេះរៀននេះជាគោលនយោបាយសំខាន់សម្រាប់ជួយក្មេងៗនិងយុវជនដើម្បីឲ្យពួកគេមានឱកាសទទួលការងារល្អ និងអាចស្វែងយល់ពីវប្បធម៌ចិនបានស៊ីជម្រៅថែមទៀត៕
Tag:
អាហ្វ្រិក
ភាសាចិន
© រក្សាសិទ្ធិដោយ thmeythmey.com