អន្តរជាតិ
ខេត្ត​ភាគ​ឦសាន​របស់​ថៃ​កំពុង​សម្លឹង​រក​វិធី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​
09, Feb 2016 , 7:39 am        
រូបភាព
ដោយ: VOA
​បាងកក​៖ សេដ្ឋកិច្ច​នៅ​ភាគ​ឦសាន​របស់​ប្រទេស​ថៃ ដែលជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ក្រីក្រ​បំផុត​នៃ​ប្រ​ទស​នេះ កំពុង​ស្វែងរក​ការពង្រីក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឡាវ​នៅ​ជិតខាង និង​អាជីវកម្ម​នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ (GMS) នៅ​ខណៈដែល​តំបន់​នេះ​កំពុង​ងើបឡើង​វិញ​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​អស់​រយៈពេល​ពីរ​ឆ្នាំ​។


​ការធ្លាក់ចុះ​នេះ​បានកើត​ចេញពី​ការបញ្ចប់​គម្រោង​តំណាង​ផលប្រយោជន៍​ប្រជាជន ក្រោម​ការដឹកនាំ​របស់​អតីត​រដ្ឋាភិបាល លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​។ រដ្ឋប្រហារ​កាលពី​ខែឧសភា ឆ្នាំ​២០១៤ បានបញ្ចប់​ការគ្រប់គ្រង​ជិត​បី​ឆ្នាំ​របស់​លោកស្រី និង​បានបញ្ចប់​កម្មវិធី​ផ្សេងៗ​ដែល​កើតចេញពី​ផែនការ​សន្យា​ទិញស្រូវ​អង្ករ​។​

​នៅក្រោម​គម្រោង​នេះ កសិករ​បានទទួល​ត​ម្លៃ​ក្នុង​អត្រា​៥០​ភាគរយ​លើ​តម្លៃ​ទីផ្សារ​ពិភពលោក មុនពេល​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​បាន​ដួលរលំ ដែល​ធ្វើឱ្យ​ប្រជាជន​ថៃ​ត្រូវ​បង់ពន្ធ​ច្រើនជាង ១៤​ពាន់​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​កសិករ​នៅ​ទូទាំង​តំបន់​បាន​ធ្លាក់ខ្លួន​ជំពាក់​បំណុល​គេ​យ៉ាងច្រើន​។​

​ខណៈពេលដែល​ពេលវេលា​ល្អ​នៅតែមាន​នៅឡើយ មូលនិធិ​ជាច្រើន​បាន​ជំរុញឱ្យមាន​ការរីកចម្រើន​ក្នុងការ​វិនិយោគ​លើ​ការលក់​រាយ​និង​ពាណិជ្ជកម្ម ក៏ដូចជា​ការចំណាយ​។ ហាង​លក់ទំនិញ​ធំៗ បាន​ផុស​ឡើង​នៅក្នុង​ទីប្រជុំជន​ដូចជា​នៅ​ខេត្ត Ubon Ratchathani និង​ក្រុង Udon Thani​។​

​ប៉ុន្តែ​ឥឡូវនេះ ក្រុម​អ្នកលក់​ទំនិញ​ក្នុង​កម្រិត​តូចតាច​បាន​រាយការណ៍​ថា ការលក់ដូរ​មិនសូវ​គាប់ប្រសើរ ហើយ​ធនាគារកណ្តាល​ថៃ​បាន​ព្រមាន​ពី​ការកើនឡើង​នៃ​ការ​ជំពាក់​បំណុល​ធនាគារ​ក្នុងចំណោម​កសិករ​ជាច្រើន ស្រប​ពេលដែល​តម្លៃ​អង្ករ​ធ្លាក់ចុះ​ទាប​បំផុត ក្នុង​រយៈពេល​ប្រាំ​មួយឆ្នាំ​ចុងក្រោយ​នេះ​។​

​វិស័យ​កសិកម្ម​រួមចំណែក​២០​ភាគរយ​នៃ​សេដ្ឋកិច្ច​របស់​តំបន់​នេះ បន្ទាប់មក​គឺ​វិស័យ​ពាណិជ្ជកម្ម​។ ប្រាក់ចំណូល​ប្រចាំ​គ្រួសារ​នៅ​ភាគ​ឦសាន មាន​កម្រិត​ទាប​បំផុត​នៅក្នុង​ប្រទេស​ថៃ គឺមាន​ជិត​ស្មើ​៥៥០​ដុល្លារ​ក្នុង​មួយខែ​។ ចំនួន​នេះ​ទាប​ខ្លាំងណាស់​បើ​ប្រៀបធៀប​ជាមួយ​តំបន់​ទីក្រុង​បាងកក ដែល​គ្រួសារ​នីមួយៗ យ៉ាងហោចណាស់​ក៏​រកបាន​១២០០​ដុល្លារ​ដែរ​ក្នុង​មួយខែ​។​

​ប៉ុន្តែ​លោក Adhikar Rungcharoen ប្រធានសភា​ពាណិជ្ជកម្ម​ក្នុង​ខេត្ត Amnat Charoen ដែល​ជាប់​ព្រំដែន​ឡាវ បាន​និយាយថា សេដ្ឋកិច្ច​ក្នុង​តំបន់​កំពុង​ចាប់ផ្តើម​កើនឡើង បើទោះបីជា​នៅតែមាន​កម្រិត​ទាប​ជាង​កាលពី​ពីរ​ឆ្នាំមុន​ក៏ដោយ​។​

Athikarn និយាយថា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ដែល​គាំទ្រ​និង​បង្កើន​ពាណិជ្ជកម្ម​ឆ្លងដែន​ជាមួយ​ប្រទេស​ឡាវ កំពុង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មាន​សន្ទុះ​ឡើងវិញ​។ លោក​បាន​បន្ថែមថា ថ្វីបើ​សេដ្ឋកិច្ច​សកល​ស្ថិតក្នុង​ស្ថានភាព​ពិបាក​ក៏ដោយ ក៏​ទស្សនវិស័យ​នៅតាម​ខេត្ត មាន​លក្ខណៈ​ល្អ​ដដែល​។​

​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ត្រូវ​បានកំណត់​ឱ្យមាន​ជំនួយ​ក្នុង​តំបន់​នេះដែរ​។ លោក Athikarn បាន​និយាយថា គម្រោង​ឱ្យ​ប្រសើរឡើង​ផ្លូវ​យន្តហោះ Royal Thai Airforce ដែល​នៅ​ចម្ងាយ​តិចជាង​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង Amnat Charoen ដើម្បី​ភ្ជាប់​ជើងហោះហើរ​ទៅ​ព្រលានយន្តហោះ​ក្នុង​តំបន់ ក៏​ទទួលបាន​យល់ស្រប​ផងដែរ​។​

​ហេដ្ឋារចនាសម្ព័ន្ធ​រយៈ​ពេល​វែង នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​តំបន់​នេះ រួមបញ្ចូល​ទាំង​ផ្លូវដែក​ចិន​-​ថៃ​ចម្ងាយ​៨៧០ គីឡូ​ម៉ែត ដែល​ចំណាយ​ប្រាក់​អស់​១០​ពាន់​លាន​ដុល្លារ ភ្ជាប់​ពី​ខេត្ត Nong Khai ជាប់​ព្រំដែន​ឡាវ​ទៅដល់​ទីក្រុង​បាងកក​។ អ្វីដែល​នឹង​កើតឡើង​ឆាប់ៗ​នេះ គឺ​ផ្លូវដែក ជប៉ុន​-​ថៃ ភ្ជាប់​ពី​ខេត្ត Tak ជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា ទៅ​ខេត្ត Mukdahan ជាប់​ព្រំដែន​ជាមួយ​ឡាវ​។​

​លោក Titipol Phakdeewanich អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Ubon Ratchathani និយាយថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន បាន​ជួយ​បន្ធូរបន្ថយ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​។​

«​ឥឡូវនេះ ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​បាន​ងាក​ទៅរក​អតិថិជន​ពី​ប្រទេស​ឡាវ​។ ប្រសិនបើ​អ្នក​ចូលទៅ​កាន់​ផ្សារ​ទំនើប​ផ្សេងៗ ពួកគេ​មាន​ស្លាក​សម្គាល់​ជា​ភាសា​ឡាវ ហើយ​នៅពេលដែល​ទីផ្សារ​មាន​ទំនាក់ទំនង​គ្នា វា​នឹង​ជួយផ្តល់​នូវ​ការគាំទ្រ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ក្នុង​កម្រិត​ណាមួយ​។ ដូច្នេះ​សេដ្ឋកិច្ច​ក្នុងស្រុក​នៅក្នុង​តំបន់​នោះ ខ្ញុំ​មិន​គិតថា វា​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទីផ្សារ​ពិភពលោក​នោះទេ​»​។​

​មេដឹកនាំ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​យោធា គឺ​លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak បានប្រកាស​អំពី​ការចំណាយ​លើសពី​៩៧០​លាន​ដុល្លារ ក្នុង​គម្រោង​ផ្សេងៗ​ដែល​ផ្តោត​គោលដៅ​លើ​ភូមិ​ចំនួន​៧០.០០០ នៅ​ទូទាំងប្រទេស​។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា គម្រោង​នេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​គំនិត​ផ្តួចផ្តើម​ស្រដៀង​គ្នា​ទៅនឹង​រដ្ឋាភិបាល​មុន ដែល​គេ​ហៅថា «​មូលនិធិ​ភូមិ​» ដើម្បី​បង្កើន​ការទិញ​ដូរ​នៅ​តំបន់​ជនបទ​។​

​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ដែល​បាន​ស្វាគមន៍​កម្មវិធី​នេះ និយាយថា ត្រូវការ​មាន​វិធានការ​ជាច្រើន​ទៀត​ដើម្បី​ធានាបាន​នូវ​និរន្តរភាព​។​

​សហព័ន្ធ​នេះ​បាន​ព្រមាន​ថា វិស័យ​នៅ​ជនបទ​នៅតែ​ងាយ​រងគ្រោះ​ដោយ​ការធ្លាក់ចុះ​តម្លៃ​ទំនិញ​ទិញដូរ ដែល​អាច​ប៉ះពាល់​ប្រជាជន​៣០​លាន​នាក់​នៅក្នុង​វិស័យ​កសិកម្ម ដែលមាន​ស្ទើរតែ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​៕

ប្រែ​សម្រួល​ដោយ ឆាយ គីម​ហ៊​ង​
​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​



© រក្សាសិទ្ធិដោយ thmeythmey.com