អន្តរជាតិ
អាមេរិក​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​នាទី​ស្នូល​លើកកម្ពស់​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​
08, Feb 2016 , 8:39 pm        
រូបភាព
​បញ្ហា​រើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​(LGBTI) នៅតែ​កើតមានឡើង​នៅ​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​នេះ​។ សហរដ្ឋអាមេរិក​ជា​ប្រទេសមួយ​ដែល​ប្រឹងប្រែង​ក្នុង​ការជួយ​លើកកម្ពស់​ការយល់ដឹង​និង​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​លើ​ពិភពលោក ដោយ​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល អង្គការ​មិនមែន​រដ្ឋាភិបាល​ជាដើម​។ ក្រៅពី​អង្គការ​សង្គម​ស៊ីវិល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ជា​តួអង្គ​ស្នូល​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដែរ​។​


​បញ្ហា​ប្រឈម​នៅតែមាន​ច្រើន​សម្រាប់​ក្រុម មនុស្ស​ស្រី​ស្រលាញ់​ស្រី  មនុស្ស​ប្រុស ស្រលាញ់​ប្រុស​ដូចគ្នា មនុស្ស​ដែល​ស្រលាញ់​មនុស្ស​ទាំង​ពីរភេទ មនុស្ស​កែ​ភេទ និង​មនុស្ស​ខ្ទើយ (LGBTI)​។ ការរើសអើង អំពើហិង្សា  ច្បាប់​ដាក់ទោស​ទណ្ឌ ការដាក់​គំនៀប​ពី​សង្គម និង​ប្រពៃណី នៅតែ​ជា​រឿង​ដែល​ក្រុម LGBTI ជួបប្រទះ​។

​ការស្រលាញ់​ភេទ​ដូចគ្នា​ជា​លក្ខខណ្ឌ​ជីវសាស្ត្រ​នៃ​រូបរាងកាយ​របស់​មនុស្ស

​ពាក់ព័ន្ធ​នឹង​បញ្ហា LGBTI  បេសកជន​ពិសេស​សហរដ្ឋអាមេរិក​ទទួលបន្ទុក​សិទ្ធិ​ក្រុម LGBTI លោក Randy W. Berry​បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នាទី​ក្រុង​បាងកក​ថា​នៅ​នៅ​ដើមខែ​កុម្ភៈ​ថា ៖« ការស្រលាញ់​ភេទ​ដូចគ្នា​ជា លក្ខណ​ធម្មជាតិ​របស់​មនុស្ស​ប៉ុណ្ណោះ ហើយ​បញ្ហា​ជីវសាស្ត្រ​នេះ​តម្រូវ​ឲ្យ​មនុស្ស​មួយចំនួន​ត្រលប់​ទៅជា​បែប​នោះ​។ ពួកគេ​ក៏​មិន​ចង់ បាត់បង់​ការស្រលាញ់​ពី​ឪពុកម្តាយ រង​ការរើសអើង​ពី​សង្គម មិត្តភក្តិ​ជាដើម តែ​គ្រប់គ្នា​ដែល​រស់នៅ​ក្នុងសង្គម​គួរតែ​ទទួលយក និង​ស្វែងយល់​ពី​បញ្ហា​នេះ​ឲ្យ​ច្បាស់​ទៅវិញ​»​។ ជារួម ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ជា​មនុស្ស​ដូចនឹង​មនុស្ស​ទូទៅ មាន​កិត្តិយស មាន​ភាពថ្លៃថ្នូ ត្រូវការ​ការគោរព ស្រលាញ់ និង​លើកទឹកចិត្ត​ដែរ​។​

​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ផ្លាស់ប្តូរ​ស្ថានភាព​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​

​មកដល់​បច្ចុប្បន្ន គេ​មើលឃើញថា ប្រទេស​ចំនួន​៧៣ នៅតែ​បន្ត​ដាក់ទោស​ព្រហ្មទណ្ឌ​ដល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា  ហើយ​ប្រទេស​ចំនួន​៧​ផ្សេងទៀត​នោះបាន​ដាក់ទោស​ប្រហារជីវិត​ចំពោះ​អ្នក​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ដែលមាន​ភេទ​ដូចគ្នា​ទៀត​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ស្ថានភាព​ជារួម​ហាក់​មាន​ភា​ព​ប្រសើរឡើង​បន្តិច​ហើយ ព្រោះ​មនុស្ស​ជាច្រើន​បាន​យល់ដឹង​ពី​បញ្ហា​នេះ និង​យល់ដឹង​ពី​សិទ្ធិ​របស់​ក្រុម LGBTI ផង​។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​វា​ត្រូវការ​ចូលរួម​ទាំងអស់​គ្នា ពី​គ្រប់​មជ្ឈដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ជា​អ្នក​ដែលមាន​តួនាទី​សំខាន់​ខ្លាំង​ដែរ​ក្នុងការ​ផ្សព្វផ្សាយ​និង​ប​ញ្ចៀ​ប​ចំណេះដឹង​ពាក់ព័ន្ធ​សិទ្ធិ​និង​បញ្ហា​ប្រឈម​របស់​ក្រុម LGBTI​។​

​លោក​សង្កត់ធ្ងន់ថា​៖« ការងារ​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​សំខាន់បំផុត​ក្នុងការ​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ដែល​អាចជួយ​ដល់​លើកកម្ពស់​សិទ្ធិ អ្នក​ស្រលាញ់​ភេទ​ដូចគ្នា (LGBTI)»​។

​ក្រៅពីនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​សុទ្ធ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការជួយ​លើកកម្ពស់​និង​ផ្សព្វផ្សាយ​សិទ្ធិ​របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា តាមរយៈ​ផ្តល់ព័ត៌មាន​មាន​ប្រយោជន៍ និង​ចំណេះដឹង​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​និង​បញ្ហា​ប្រឈម​។​ការធ្វើ​បែបនេះ​នឹង​ជួយ​ឲ្យ​មនុស្ស​គ្រប់គ្នា​បាន​យល់ច្បាស់​និង​ផ្លាស់ប្តូរ​ផ្នត់គំនិត​ចំពោះ​ប្រជាជន​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​។

​អាមេរិក​បន្ត​លើកស្ទួយ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ទូទាំងពិភពលោក

​សម្រាប់​សហរដ្ឋអាមេរិក ដែល ស្ថិតក្នុង​ចំណោម​រដ្ឋ​ដែល​បើកទូលាយ​និង​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាជន​អាច​រៀបការ​ជាមួយ​មនុស្ស​មាន​ភេទ​ដូចគ្នា​បាន​ដោយ​សេរី នោះ​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ជំរុញ និង​លើកកម្ពស់​សិទ្ធិសេរីភាព​អ្នក​ស្រលាញ់​ភេទ​ដូចគ្នានេះដែរ​។

​ពាក់ព័ន្ធ​ការលើកកម្ពស់​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា លោក Berry បាន​ឆ្លើយតប គោលនយោបាយ​អាមេរិក​គឺ​ជួយ​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល​នៅ​គ្រប់​ទីកន្លែង​រួមទាំង​កម្ពុជា និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​តំបន់​នានា​លើ​ពិភពលោក​។ លោក បន្តថា ស្ថាប័ន​អាមេរិក​ដូចជា USAID និង​ស្ថានទូត​អាមេរិក សុទ្ធ​តែមាន​ម្រោ​ង​ផ្សេងៗ ដែក​បានរួម​ចំណែក​ជួយ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ការពារ​និង​លើកកម្ពស់​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បំពេញការងារ​បានល្អ​ប្រសើ​រ​ទៅមុខទៀត​។​

​ហើយ​អាច​និយាយថា ជារួម នៅ​ស្ថានភាព​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា មិនមែនជា​បញ្ហា​ចោទ​ទេ ព្រោះ​កម្ពុជា​មិនបាន​ដាក់ទោស​ទណ្ឌ​ដល់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ទេ ទោះជា​បរិបទ​វប្បធម៌​ប្រពៃណី​ហាក់បីដូចជា​មិនទាន់​ទទួលយក​បញ្ហា​នេះ​ក៏ដោយ​៕


Tag:
 អាមេរិក
  LGBTI
  Randy W. Berry
© រក្សាសិទ្ធិដោយ thmeythmey.com