អន្តរជាតិ
នយោបាយអន្តរជាតិ
ហេតុអ្វីកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលបន្តបន្ទាប់? 08, Feb 2016 , 5:16 pm
×
កាលពីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ម្សិលមិញ កូរ៉េខាងជើង បានប្រកាសពីការបាញ់មីស៊ីលចម្ងាយឆ្ងាយដោយភ្ជាប់ជាមួយនឹងផ្កាយរណបទៅកាន់លំហអាកាសដោយជោគជ័យ។ ការបាញ់ដែលធ្វើបន្តបន្ទាប់ គ្នាពីការបាញ់គ្រាប់បែកអ៊ីដ្រូសែនកាលពីដើមឆ្នាំ២០១៦នេះ បានបង្កើតជាការគំរាមកំហែងថ្មី និងកំពុង ដាក់សម្ពាធខ្លាំងទៅលើសហគមន៍អន្តរជាតិ ជាពិសេសប្រទេសជិតខាងដែលរួមមានកូរ៉េខាងត្បូង ជប៉ុន និង អាមេរិកដែលជាតួអង្គសំខាន់លើផ្នែកសន្តិសុខ។ តើមានកត្តាជំរុញអ្វីខ្លះបានជាកូរ៉េខាងជើង បាញ់សាកល្បងគ្រាប់បែកមីស៊ីលជាបន្តបន្ទាប់គ្នា បើទោះបីជាមានបំរាមពីសហគមន៍អន្តរជាតិក៏ដោយ?
សហគមន៍អន្តរជាតិ ជាពិសេសកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង និងកំពុងតែបញ្ចេញសកម្មភាពយ៉ាងសកម្មក្នុងការរៀបចំយុទ្ធសាស្ត្រដើម្បីប្រឆាំងសកម្មភាពដ៏ឃ្លើនរបស់កូរ៉េខាងជើងក្នុងការបាញ់សាកល្បងគ្រាប់បែកមីស៊ីលម្តងហើយម្តងទៀតដែលពិតជាបាន គំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ ក្នុងក្រសែភ្នែកអ្នកវិភាគ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង មិនមែនជារឿង ដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ តែគេចាប់អារម្មណ៍ការបាញ់នេះ ក្រោមហេតុផលមួយចំនួន។
១. កូរ៉េខាងជើង មិនចង់ឲ្យចិនព្រងើយកន្តើយខ្លួនបន្តទៀត?
អ្នកណាក៏ដឹងថា កូរ៉េខាងជើង និងចិន គឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយគ្នា ។ ជាពិសេសនោះក្នុង អំឡុងសម័យសង្គ្រាមត្រជាក់ដែលចិនបានបញ្ជូនកងទ័ពជាច្រើនដើម្បីជួយ និងអន្តរាគមន៍ក្នុងសង្គ្រាម ឧបទ្វីបកូរ៉េឆ្នាំ១៩៥០-១៩៥៣។ យ៉ាងណាក៏ដោយ សម្ព័ន្ធភាពរវាងប្រទេសទាំងពីរហាក់ចាប់ផ្តើមឃ្លាត ឆ្ងាយពីគ្នាគួរកត់សម្គាល់ក្រោយពេលលោក គីម ជុងអ៊ីល បានទទួលមរណភាព ដែលត្រូវជំនួសដោយ មេដឹកនាំវ័យក្មេងគីម ជុងអ៊ុន និងក្នុងពេលប្រធានាធិបតីស៊ី ជិនពីងដឹកនាំប្រទេសចិន។
អ្វីគួរកត់សម្គាល់នោះ ជំនួសភាពសិទ្ធស្នាលរវាងកូរ៉េខាងជើង និងចិន កូរ៉េខាងត្បូងដែលជាបងប្អូន និងគូសត្រូវស្លាប់រស់កូរ៉េខាងជើង បានចូលមកកាន់តែជិតជាមួយនឹងចិនតាមរយៈកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាក់ស្តែង ចិន និងកូរ៉េខាងត្បូង បានចុះហត្ថលេខាពាណិជ្ជកម្មសេរីជាផ្លូវការនៅ ឆ្នាំ២០១៥ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានប្រធានាធិបតីចិនលោក ស៊ី ជិងពីង ចាត់ទុកថាជាកិច្ចព្រម ព្រៀងប្រវត្តិសាស្ត្រមួយរវាងប្រទេសទាំងពីរ។ ក្នុងព្រឹត្តិការណ៍ឆ្នាំ២០១៥ក្នុងឱកាសចិនធ្វើព្យុហយាត្រារម្លឹកខួបលើកទី៧០នៃជ័យជម្នះសង្គ្រាមលោកលើកទី២ កូរ៉េខាងជើង អន់ចិត្តមិនតិចទេនៅពេល លោក គីម ជុងអ៊ុន បានអវត្តមាន ខណៈលោកស្រីផាក ហ្គឺនហេ បានបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយនឹងលោកស៊ី ជិនពីង។ ក្នុងន័យនេះ គេអាចសន្និដ្ឋាន ថាការបាញ់មីស៊ីលបន្តបន្ទាប់របស់កូរ៉េខាងជើង ដែលបានបង្កឲ្យចិនភ្ញាក់ផ្អើលដែលសហគមន៍អន្តរជាតិមើលឃើញថាជាការមិនគោរពចិន ក៏ជាហេតុផលមួយដើម្បីឲ្យចិន មានការចាប់អារម្មណ៍ និងមិនព្រងើយកន្តើយជាមួយនឹងកូរ៉េខាងជើងបន្តទៀត។
២. ការបាញ់មីស៊ីលដើម្បីបង្ហាញពីភាពរឹងម៉ាំរបស់កូរ៉េខាងជើង?
ក្រោយមរណៈភាពនៃរបស់អតីតមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ីល ឆ្នាំ២០១១ សហគមន៍អន្តរជាតិ ដំបូងមើលឃើញថាឥទ្ធិពលកូរ៉េខាងជើងអាចនឹងត្រូវធ្លាក់ចុះ ដ្បិតមេដឹកនាំដែលត្រូវឡើងកាន់តំណែង ជំនួសដែលមានលោក គីម ជុងអ៊ុន នៅវ័យក្មេងពេក។ មិនខុសពីមេដឹកនាំត្រកូលគីមមុនៗ លោក គីម ជុង អ៊ុនបានបន្តមហិច្ឆតាក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរបរមាណូ ដែលកូរ៉េខាងជើងចាត់ទុកជាយុទ្ធសាស្ត្រការពារខ្លួន និងប្រឆាំងដាច់ខាតចំពោះវត្តមានអាមេរិកនៅក្នុងឧបទ្វីបកូរ៉េ។ គិតចាប់ពីឆ្នាំ២០១២ កូរ៉េខាងជើង បានបាញ់គ្រាប់បែកមីស៊ីលជាច្រើនដងមកហើយ។ ហើយការបាញ់ពីរចុងក្រោយនេះ ពោលគឺកាលពីថ្ងៃទី០៦ មករា និង ថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០១៦ ត្រូវបានគេមើលឃើញ ថាជាចេតនារបស់លោកគីម ជុងអ៊ុនដើម្បីបង្ហាញទៅកាន់ប្រជាជនកូរ៉េខាងជើងដើម្បីផ្តល់ទំនុកចិត្តទៅ លើមេដឹកនាំត្រកូលគីម ខណៈសមាជបក្សកុម្មុយនីស្តលើទី៧ កាន់តែខិតជិតមកដល់។ នេះមានន័យ ថាលោក គីម ជុងអ៊ុន ចង់សម្រេចឲ្យបានជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលមុនពេលនៃសមាជ បក្សរបស់ខ្លួន។ កូរ៉េខាងជើង នឹងធ្វើសមាជបក្សលើកទី៧ នៅខែឧសភា។
៣. ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ជាលេសដើម្បីចរចារកជំនួយ?
ក្នុងក្រសែភ្នែកអ្នកវិភាគ ចម្លើយដែលកូរ៉េខាងជើង ចង់បានក្រោយពីការបាញ់មីស៊ីលនោះ មិនមានជា ការដំឡើងប្រព័ន្ធកម្ទេចមីស៊ីលរបស់អាមេរិក ឬទណ្ឌកម្មថ្មីពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ អ្វីដែលកូរ៉េខាងជើង ចង់បានដែលវាជាហេតុមួយដែលគេតែងសង្កេតនោះគឺជាជំនួយ។ បើយោងតាមការប្រកាសរបស់សារព័ត៌មានជាតិ ដែលស្របជាមួយនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិផងដែរនោះ នៅឆ្នាំ២០១៥ កូរ៉េខាងជើងបានជួបនូវបញ្ហាគ្រោះរាំងស្ងួតដែលមិនធា្លប់កើតមានក្នុងរយៈពេល១០០ឆ្នាំចុងក្រោយ ។ ដូច្នេះ កូរ៉េខាងជើង ត្រូវបង្កឲ្យមានបញ្ហាអ្វីមួយដើម្បីយកលេសចរចារកជំនួយដើម្បីឆ្លើយតបនឹងស្ថានភាពរបស់ខ្លួន។ ហើយនេះ ក៏មិនមែនជារឿងថ្មីអ្វីនោះដែរ ។ ក្រោយការបាញ់គ្រាប់ផ្លោងរវាងកូរ៉េទាំងពីរ នៅខែសីហា ឆ្នាំ២០១៥ ជាលទ្ធផល កូរ៉េខាងជើង ទទួលជំនួយជាច្រើនពីកូរ៉េខាងត្បូងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com