អន្តរជាតិ
បច្ចេកវិទ្យា
ឥណ្ឌាហាមឃាត់គម្រោង Free Basics របស់ហ្វេសប៊ុក 09, Feb 2016 , 9:30 am
× Free Basics ដែលជាគម្រោងសេវាកម្មថ្មីដោយឥតគិតថ្លៃរបស់លោក Mark Zuckerberg ស្ថាបនិកបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានអាជ្ញាធរទូរគមនាគមន៍ឥណ្ឌា (TRAI) ចេញសេចក្តីសម្រេចហាមឃាត់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។
សេវាកម្មប្រើប្រាស់អ៊ីនធ័រណិតកម្រិតមូលដ្ឋានដោយគិតថ្លៃ (Free Basics) របស់ក្រុមហ៊ុនហ្វេសប៊ុក ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសចំនួន៣៥លើពិភពលោកក្នុងនោះមានកម្ពុជាផងដែរ។ ចំពោះគម្រោងនេះ ក្រុមហ៊ុនហ្វេសប៊ុកធ្វើការសហការជាមួយក្រុមហ៊ុនបណ្តាញទូរសព្ទក្នុងស្រុកដើម្បីផ្តល់ឲ្យពលរដ្ឋនូវគេហទំព័រកម្រិតមូលដ្ឋានដែលទាក់ទងនឹងបញ្ហាសុខភាព អប់រំ ព័ត៌មានការងារ ផ្សេងៗ ។
នៅឥណ្ឌា ពលរដ្ឋតែម្នាក់ក្នុងចំណោម៦នាក់ ប្រើប្រាស់សេវាកម្មនេះ ហើយអាជ្ញាធរ TRAI បានយល់ស្របតាមការទាមទាររបស់ក្រុមអ្នកគាំទ្របណ្តាញ Net Neutrality ដោយគិតថា Free Basics គឺជាសេវកម្មដែលមានលក្ខណៈរើសអើង ព្រោះតែមានការកំណត់ចំនួនវែបសាយដែលត្រូវចូលមើល។
បន្ទាប់ពីអេហ្ស៊ីប ឥណ្ឌាជាប្រទេសទីពីរដែលបានហាមឃាត់សេវាកម្មនេះ ក្រោយពីមានការសម្រេចផ្អាកជាបណ្តោះអាសន្នកាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងមក។ ឥណ្ឌាជាទីផ្សារដ៏ធំទីពីរបន្ទាប់សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍បណ្តាញសង្គមហ្វេសប៊ុក ដោយមានមនុស្សជាង៣០០លានប្រើប្រាស់អ៊ីនធ័រណែតតាមទូរសព្ទដៃបើគិតត្រឹមចុងឆ្នាំ២០១៥ ៕
© រក្សាសិទ្ធិដោយ thmeythmey.com