អន្តរជាតិ
ហុងកុង​មាន​បាតុភាព​ហិង្សា​រវាង​ប៉ូលិស និង​អ្នកលក់ដូរ​តាមផ្លូវ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​
09, Feb 2016 , 8:19 pm        
រូបភាព
ដោយ:
​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង​លោក Leung Chun-ying បាន​ចេញមក​ថ្កោលទោស​អំពើហិង្សា​ដែល​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​រវាង​ប៉ូលិស​និង​អ្នកលក់ដូរ​តាមផ្លូវ​ក្នុង​សង្កាត់​មួយ​នៅពេល​ចូលឆ្នាំ​ចិន​។ លោក Leung Chun-ying ក៏បាន​ប្រកាស​រក​ជន​ដៃដល់​ក្នុងពេល​ប៉ះទង្គិច​នេះ ដែល​បណ្ដាល​ឲ្យ​ប៉ូលិស​រាប់សិប​នាក់​របួស​។


សូមស្តាប់ព័ត៌មានលម្អិត៖



​បាតុករ​ជា​អ្នកលក់ដូរ​ជាង​៣០០​នាក់​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ទីក្រុង​ហុងកុង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​នេះ​ក្នុង​សង្កាត់ Mong Kok នៅពេលដែល​ប៉ូលិស​បាន​ព្យាយាម​បណ្ដេញ​ក្រុម​អ្នកលក់​ទាំងនោះ​ឲ្យ​ចាកចេញ​ទីនោះ​។ ក្រោយ​ការកើត​ហេតុ ប្រមុខ​តំបន់​ហុងកុង​លោក Leung Chun-ying បាន​ចេញមក​ថ្កោលទោស​និង​ប្រកាស​ឲ្យ​ប៉ូលិស​រក​អ្នកពាក់ព័ន្ធ​មក​ទទួលទោស​តាមច្បាប់​។

​ក្រុមបាតុករ​និង​ប៉ូលិស​បាន​ប្រឈមមុខ​នឹង​គ្នា​អស់​ពេល​ជាង​មួយ​ម៉ោង មុនពេល​ក្រុមបាតុករ​បាន​ចោល​ដុំថ្ម ដុំឥដ្ឋ និង​របស់របរ​ផ្សេងទៀត​ទៅលើ​ប៉ូលិស​ដោយបាន​កម្ទេច​ឡា​ន​ប៉ូលិស​និង​សម្បត្តិ​សាធារណៈ​ជាច្រើន​ទៀត​។ អំឡុងពេល​នោះដែរ ប៉ូលិស​ក៏​បាញ់កាំភ្លើង​គំរាម​ចំនួន​ពីរ​គ្រាប់ ដើម្បី​ព្រមាន​ក្រុមបាតុករ​ទាំងនោះ​ដែល​បាន​នៅតែ​បន្ត​វាយប្រហារ​មកលើ​ក្រុមប៉ូលិស​។

​បើតាម Xinhua បាតុករ​ចំនួន​២៤​ត្រូវបាន​ចាប់ខ្លួន ខណៈ​ប៉ូលិស​៤៨​នាក់​បាន​រងរបួស​។ នៅ​កន្លែង​ប៉ះទង្គិច​នោះ គេ​សង្កេតឃើញ​មាន​កម្ទេចកំទី​កែវ​ដប ដុំឥដ្ឋ​និង​កញ្ចក់​ឡាន​តាក់ស៊ី​ដែល​ខ្ទេចខ្ទី​ក្នុងពេល​អំពើហិង្សា​នោះ​។

​ប៉ុន្មាន​ម៉ោង​ក្រោយ​ការប៉ះទង្គិច លោក Leung Chun-ying បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាល​ហុងកុង​នឹងមិន​លើកលែង​ដល់​អំពើហិង្សា​បែបនេះ​ទេ​។ លោក​ក៏បាន​ថ្កោលទោស​ក្រុមបាតុករ​ដែល​ហ៊ាន​វាយប្រហារ​លើ​ប៉ូលិស សូម្បីតែ​កំពុងតែ​ដេក​ដួល​លើដី​ក៏ដោយ​។ មិនតែប៉ុណ្ណោះ ប្រមុខ​ទីក្រុង​ហុងកុង​រូបនេះ​ក៏បាន​បញ្ជាក់ដែរថា សកម្មភាព​ឆ្លើយតបរ​បស់​ប៉ូលិស គឺ​បាន​បន្ធូរ​ដៃដល់​ក្រុមបាតុករ​ជា​អ្នកលក់ដូរ ដែល​វា​មាន​លក្ខណៈ​ខុសគ្នា​នឹង​ទីក្រុង​ដទៃទៀត​នៅលើ​ពិភពលោក​។​

​សូមបញ្ជាក់ថា ការប៉ះទង្គិច​នេះ​ជា​អំពើហិង្សា​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១៤ កន្លងទៅ​។ វីដេអូ​ជាច្រើន​បានបង្ហាញ​ពី​សកម្មភាព​ប៉ះទង្គិច​រវាង​ប៉ូលិស​និង​ក្រុម​អ្នកលក់ដូរ​នៅតាម​ដងផ្លូវ​នៅ​សង្កាត់​ដែល​សំបូរ​មនុស្ស​នៅ​ទីក្រុង​ហុងកុង​។ មូលហេតុ​នៃ​ការប៉ះទង្គិច​នេះ អាច​បណ្ដាលមកពី​ការប៉ុនប៉ង​របស់​ប៉ូលិស​ក្នុង​បោសសម្អាត​អ្នក​ដូរ​ខុសច្បាប់​ដែល​រៀបចំ​លក់​នៅពេល​ចូលឆ្នាំ​ដ៏​មមាញឹក​របស់​ជនជាតិ​ចិន​។ ជារឿយៗ គេ​តែងតែ​សង្កេតឃើញ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​អ្នកលក់​ក្នុង​តំបន់​នេះ តែ​ស្ថិតក្នុង​ទ្រង់ទ្រាយ​តូច​តែប៉ុណ្ណោះ​៕

Tag:
 ​ហុងកុង​
  ចូលឆ្នាំ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com