អន្តរជាតិ
លោក ថេ​ន សេន ដាស់តឿន​សមាជិកសភា​ថ្មី​ឲ្យ​គោរព​រដ្ឋធម្មនុញ្ញ​
09, Feb 2016 , 8:59 pm        
រូបភាព
​ប្រធានាធិបតី​ចប់​អាណត្តិ​មី​យ៉ាន់​ម៉ា​លោក ថេ​ន សេន បាន​ប្រាប់​សមាជិកសភា​មី​យ៉ាន់​ម៉ា​ដែល​ភាគច្រើន​មកពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ឲ្យ​គោរព​តាម​បទបញ្ញត្តិ​ដែលមាន​ក្នុង​រដ្ឋធម្មនុញ្ញ ក្នុង​ការស្នើ​សេចក្ដីព្រាងច្បាប់​ឬ​កែប្រែ​ជាដើម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។


លោក រឿន ភា​រុន រាយការណ៍​លម្អិត​៖



​ក្នុង​លិខិត​ទៅកាន់​សភា​សហភាព​ដែល​ផ្ដើម​ប្រជុំ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក ថេ​ន សេន បានស្នើ​ឲ្យ​សមាជិកសភា​ទាំងអស់​ឲ្យ​ការពារ​និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ដែល​បាន​ព្រាង​ដោយ​ក្រុម​យោធា​។ សភា​សហភាព​នេះ​គ្របដណ្ដប់​ដោយ​សមាជិក​ភាគច្រើន​មកពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​កំពុងតែ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​៥៩ ដើម្បី​អនុញ្ញាត​ឲ្យ​លោកស្រី ស៊ូ​ជី ធ្វើ​ប្រ​ធានា​ធីប​តី​។​

​លោក ថេ​ន សេន ដែល​នឹង​ត្រូវផុត​អាណត្តិ​នៅ​ចុងខែ​មិនា​ខាងមុខ បានស្នើ​ឲ្យ​សភា​ត្រូវ​គិតពី​ផលប្រយោជន៍​របស់​ប្រទេស និង​ត្រូវ​គោ​ព​រដ្ឋធម្មនុញ្ញ ដែល​នេះ​គឺ​លោក​ចង់​សំដៅ​ដល់​ការបង្កើត​ច្បាប់​ថ្មី ការកែប្រែ​ច្បាប់ ព្រមទាំង​ការលុបចោល​ជាដើម ត្រូវតែ​ស្របតាម​បញ្ញត្តិ​កំពូល​នេះ​។ លោក​ក៏បាន​ប្រាប់​ឲ្យ​សមាជិកសភា​សហភាព​ទាំងអស់ ត្រូវតែ​ពង្រឹង​សន្តិភាព សន្តិសុខ ក៏ដូចជា​នីតិរដ្ឋ​នៅក្នុង​ប្រទេស​។​

​ជាការ​កត់សម្គាល់​នោះ សារ​ដាស់តឿន​របស់​ប្រធានាធិបតី ថេ​ន សេន គឺធ្វើឡើង​ចំពេល​ដែលមាន​ភាពស្រពិចស្រពិល​ថា គណបក្ស​លោកស្រី ស៊ូ​ជី កំពុងតែ​ព្យាយាម​ធ្វើ​វិសោធនកម្ម​មាត្រា​៥៩ ។ មាត្រា​៥៩​នេះ ជា​របាំង​ដែល​រារាំង​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១​រូបនេះ​ធ្វើ​ប្រធានាធិបតី ព្រោះ​មាត្រា​នេះ​ចែងថា អ្នកណា​ដែលមាន​ប្ដី​ប្រពន្ធ​ឬ​កូន​មាន​សញ្ជាតិ​បរទេស មិនអាច​ធ្វើជា​ប្រធានាធិបតី​បានទេ​។ លោកស្រី ស៊ូ​ជី មាន​ប្ដី​និង​កូនប្រុស​ពីរ​នាក់​ជា​ជនជាតិ​អង់គ្លេស​។

​យ៉ាងណាក្ដី រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​បានបញ្ជាក់​ច្បាស់​ហើយ​ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អាចធ្វើ​បាន លុះត្រាតែ​មានការ​យល់ព្រម​ពី​សមាជិក​ច្រើនជាង​២​ភាគ​៣​លើ​វិសោធនកម្ម​នោះ​។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ឈ្នះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ មិនអាច​ធ្វើ​រឿងនេះ​តែឯង​បានទេ ដ្បិត​ក្រុម​យោធា​មាន​សំឡេង​២៥​ភាគរយ​នៅក្នុង​សភា​ទៅហើយ ដែល​វា​គឺ​គ្រប់គ្រាន់​សម្រាប់​ប្រឆាំងនឹង​ការធ្វើ​វិសោធនកម្ម​ណាមួយ​ក៏បាន​។​មួយវិញទៀត​នោះ ការកែប្រែ​ច្បាប់​ទាំងឡាយ​ក៏ត្រូវ​ការធ្វើប្រជាមតិ​យល់ព្រម​ពី​ប្រជាជន​ដែរ​ពោលគឺ​ត្រូវតែ​ទទួល​ការយល់ព្រម​លើសពី​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​បោះឆ្នោត​។​

​សូម​រម្លឹក​ដែរ​ថា ក្រោយ​ការបោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៥ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង (Min Aung Hlaing) ចំនួន​ពីរដង​។ ជំនួប​នោះ​ត្រូវបាន​ចាត់ទុកជា ការចរចា​សម្របសម្រួល​មួយ​របស់​លោកស្រី ស៊ូ​ជី ជាមួយ​យោធា​ដ៏​មាន​ឥទ្ធិពល​ដើម្បី​បើកផ្លូវ​ដល់​ការធ្វើ​វិសោធនកម្ម​មាត្រា​៥៩ បើទោះបីជា​របៀបវារៈ​នៃ​ជំនួប​ទាំងពីរ​មិន​ត្រូវបាន​បញ្ចេញ​ក៏ដោយ​៕ 


Tag:
 ថេ​ន​សេន​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com