អន្តរជាតិ
ពេទ្យ​ប្រកាសថា​ស្លាប់ ប៉ុន្តែ​ក្រោយ​ដាក់​ក្នុង​ទូរ​តម្កល់សព​១៥​ម៉ោង ទារក​នៅមាន​ជីវិត​
10, Feb 2016 , 12:20 pm        
រូបភាព
ដោយ: ធីតា
 
​ទារក​ចិន​ម្នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត Zhejiang ប្រកាសថា​ស្លាប់​។ បន្ទាប់មក គេ​បាន​យក​ទារក​នោះ​ដាក់​ក្នុង​សាល​តម្កល់សព​ដែលមាន​សីត​ណ្ហ​ភាព​ក្រោម​១២​អង្សារ​សេ ប៉ុន្តែ​១៥​ម៉ោង​ក្រោយមក គេ​បានឃើញ​ក្មេង​នោះ​កម្រើក​ដៃជើង និង​ប្រឹង​ស្រែក ខណៈ​គ្រូពេទ្យ និង​ឪពុក បម្រុង​យក​រូបគេ​ទៅ​បញ្ចុះ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទូរទស្សន៍ Channel Six របស់​ខេត្ត Zhejiang​។​
 
​កាលពី​ថ្ងៃទី​៨ ខែមករា ទារក​បាន​កើតមុន​កំណត់​រហូតដល់​ទៅ​ជាង​២​ខែ​នៅ​មន្ទីរពេទ្យ Pan’an People’s Hospital ក្នុង​ខេត្ត Zhejiang ប្រទេស​។ ទារក​រូបនេះ កើតមក​បន្ទាប់ពី​ម្តាយ​ពរ​ពោះ​បានតែ​៧​ខែ​ប៉ុណ្ណោះ ហើយ​មាន​ទម្ងន់​១,៤​គីឡូក្រាម​។​
 
​ពេទ្យ​បាន​តម្រូវ​ឲ្យ​ឪពុកម្តាយ​ថែទាំ​ទារក​រូបនេះ នៅ​មន្ទីរពេទ្យ​រយៈពេល​១​ខែ​។ ប៉ុន្តែ​ត្រឹម​រយៈពេល​២៣​ថ្ងៃ​ប៉ុណ្ណោះ ឪពុកម្តាយ​បានសម្រេច​យក​កូន​ទៅ​ថែទាំ​នៅផ្ទះ និង​ដើម្បី​បាន​ឱកាស​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។​
 
​ដោយសារតែ​ការមិន​ស្តាប់​តាម​ពេទ្យ បញ្ហា​បានកើត​ឡើងលើ​ទារក​។ ២​ថ្ងៃ​ក្រោយមក ឪពុកម្តាយ​បាន​នាំ​ទារក​ទៅ​មន្ទីរពេទ្យ​វិញ​ដើម្បី​សង្គ្រោះបន្ទាន់ ដោយសារ​តែមាន​អា​ការៈមិន​ស្រួលខ្លួន​។ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ក្រុមគ្រូពេទ្យ​បានចេញ​លិខិត​បញ្ជាក់ថា ទារក​បាន​ស្លាប់​។​
 
​ក្រោយ​ការបញ្ជាក់ ទារក​ត្រូវបាន​យកទៅ​ទុក​នៅក្នុង​សាល​តម្កល់សព ដោយ​ដាក់​ក្នុង​ទូរ​ក្លាសេ​ដ៏​ត្រជាក់​។ ទារក​ស្ថិតនៅក្នុង​សាល​ពី​៦​ល្ងាច ហើយ​នៅ​ម៉ោង​៩​ព្រឹក​នា​ថ្ងៃ​បន្ទាប់​ពោលគឺ​១៥​ក្រោយ ឪពុកម្តាយ និង​គ្រួ​ពេទ្យ នាំគ្នា​យក​ទារក​ទៅ​បញ្ចុះ ប៉ុន្តែ​ជាមួយគ្នានេះ គេ​បានលឺ​សំឡេង​ក្មេង​ស្រែក​។​
 
«​ខ្ញុំ​ធ្វើ​ពេទ្យ​ផ្នែក​កុមារ​ជាង​២០​ឆ្នាំ​ហើយ ខ្ញុំ​អាច​ជឿ​បាន​សោះ​ថា ហេតុអ្វី​អភិនីហា​កើតឡើង​យ៉ាង​ដូច្នេះ​?»​។ លោក​វេជ្ជបណ្ឌិត Chen សម្តែង​ការភ្ញាក់ផ្អើល បន្ទាប់ពី​ឪពុកម្តាយ​របស់​ទារក បានប្រកាស​រំសាយ​កម្មវិធី​បញ្ចុះសព​។​
 
​ភ្លាមៗ ទារក​ត្រូវបាន​បញ្ជូនទៅ​កាន់​បន្ទ​ប់​សង្គ្រោះបន្ទាន់​សារជាថ្មី ខណៈ​ស្ថានភាព​របស់គេ​ស្ថិតនៅក្នុង​ជ្រោះ​មរណ​ដដែល​។ ប្រធាន​មន្ទីរពេទ្យ លោក Yang បាន​អះអាងថា ក្រុមគ្រូពេទ្យ​របស់លោក​នឹងមិន​បង្ករ​កំហុស​លើក​ទី​ពីរ​ទាក់ទង​នឹង​ការប្រកាស​ពី​មរណភាព​របស់​ទារក​នោះឡើយ​៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com