អន្តរជាតិ
រុស្ស៊ី៖ បុរសម្នាក់ត្រូវបានសង្ស័យថា លេងល្បែងភ្នាល់ដាក់កូនស្រី ហើយចាញ់ 15, Feb 2016 , 8:59 am
× កាលពីចុងឆ្នាំ២០១៥ កន្លងមកនេះ បុរសរុស្ស៊ីម្នាក់ឈ្មោះ Alexander ដែលមានវ័យប្រមាណ៣០ឆ្នាំ ត្រូវ បានរាយការណ៍ថា បានយកកូនស្រីអាយុ១០ឆ្នាំ ទៅធ្វើល្បែងភ្នាល់ ហើយខ្លួនបានចាញ់ការ ភ្នាល់នោះ។ នេះបើតាមការផ្សាយរបស់កាសែត Siberian Times។
Katya ក្មេងស្រីវ័យ១០ឆ្នាំ ត្រូវបានក្រុមមិនស្គាល់មុខមួយធ្វើការចាប់បញ្ចូលក្នុងរថយន្ត បន្ទាប់ពីនាងចេញពីសាលារៀន។ ៤៨ម៉ោងក្រោយការស៊ើបអង្កេត ក្មេងស្រីនោះត្រូវបានរកឃើញនៅក្នុងផ្ទះរបស់បុរសម្នាក់ ដែលស្ថិតនៅចម្ងាយប្រមាណ៥០០គីឡូម៉ែត្រពីផ្ទះរបស់នាង។
នៅចំពោះមុនប៉ូលិស បុរសឈ្មោះ Sergey Ponomarev បានអះអាងថា ខ្លួនបានឈ្នះបៀរលើឪពុករបស់ Katya ដែលបានយកកូនរបស់ខ្លួនភ្នាល់ដាក់ជំនួសលុយ។
បន្ទាប់មក ប៉ូលិសក៏បានធ្វើការឃាត់ខ្លួនលោក Alexander ដែលជាឪពុករបស់ Katya ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Olga Pogarskaya ដែលបានលែងលះជាមួយលោក Alexander ទៅហើយនោះ មិនជឿថា អតីតស្វាមីខ្លួនធ្វើដូច្នោះនោះឡើយ។ «ខ្ញុំមិនជឿទេ។ គាត់ជាឪពុក ហើយស្រឡាញ់កូនខ្លាំងណាស់»។
សារព័ត៌មានរុស្ស៊ី មិនទាន់បង្ហាញចម្លើយផ្លូវការរបស់លោក Alexander នោះឡើយ។ បច្ចុប្បន្ន កុមារីស្ថិតក្នុងការព្យាបាលនៅមន្ទីរពេទ្យ ហើយគេក៏បានរកឃើញស្លាកស្នាមនៃការរំលោភផ្លូវភេទ ឬក៏ការធ្វើទារុណកម្មលើរាងកាយនោះដែរ។ ក្រៅពីដាក់ការសង្ស័យថា ឪពុកយកកូនធ្វើជាល្បែងភ្នាល់ សមត្ថកិច្ចក៏គិតមួយជ្រុងទៀតដែរថា ក្មេងស្រីរូបនោះ អាចជាជនរងគ្រោះនៃការចាប់ជម្រិតដើម្បីលក់ធ្វើជាទាសករផ្លូវភេទ៕
© រក្សាសិទ្ធិដោយ thmeythmey.com