អន្តរជាតិ
អឺរ៉ុប​បញ្ចប់​ទណ្ឌកម្ម​៥​ឆ្នាំ​លើ​បេឡា​រុស​
16, Feb 2016 , 8:19 pm        
រូបភាព
លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស​
លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស​
ដោយ:
​សហភាព​អឺរ៉ុប​បានសម្រេច​លើកលែង​ទណ្ឌកម្ម ​លើ​ប្រទេស​បេឡា​រុស​ដែល​បានដាក់​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​ បន្ទាប់ពី​ការបង្ក្រាប​ហិង្សា​លើ​អ្នក​តវ៉ា​ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១០​។ ការលើកលែង​នេះ​ធ្វើឡើង ក្រោយពេល​ស្ថានភាព​សិទ្ធិមនុស្ស​ មានការ​រីក​ចម្រើន​ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី Alexander Lukashenko ។


​ក្រុម​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​ បានសម្រេច​បញ្ចប់​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​បេឡា​រុស ​និង​មេដឹកនាំ​ប្រទេស​នេះ គ្រា​ដែល​ការគោរព​សិទ្ធិមនុស្ស​ និង​ស្ថានភាព​នយោបាយ​មាន​ភាពប្រសើរ​ឡើងវិញ ​នាពេល​ថ្មីៗ​នេះ​។ ប៉ុន្តែ​ទណ្ឌកម្ម​មួយចំនួនទៀត ​ដូចជា​ការជួញដូរ​អាវុធ​នៅតែ​ត្រូវអនុវត្តន៍ ស្របគ្នា​នឹង​ទណ្ឌកម្ម​លើ​បុគ្គល​៤នាក់​ផ្សេងៗ​ទៀត ​ដែល​សង្ស័យថា​នៅ​ពីក្រោយ​ការបាត់​ខ្លួន​មនុស្ស​ជាច្រើន​។

​អឺរ៉ុប​បានដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​នេះ បន្ទាប់ពី​មានការ​បង្ក្រាប​លើ​អ្នក​តវ៉ា​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១០​។ ក្រុមហ៊ុន​ចំនួន​៣ និង​មនុស្ស​ចំនួន​១៧០​នាក់​ទៀត​ដែល​រួមទាំង​លោក​ប្រធានាធិបតី Lukashenko សុទ្ធតែ​ជាប់​ក្នុង​បញ្ជី​ទណ្ឌ​កម្មនេះ​។ លោក Alexander Lukashenko ត្រូវគេ​ចាត់ទុកជា​មេដឹកនាំ​ផ្ដាច់​ការ ដែល​គ្រប់គ្រង​បេឡា​រុស​អស់​រយៈពេល​២០​ឆ្នាំ និង​មាន​ទំនាក់​ជិតស្និទ្ធ​ជាមួយ​រុស្សី​។

​យ៉ាងណាមិញ ស្ថានភាព​នយោបាយ​នៅ​បេឡា​រុស ​បង្ហាញ​សញ្ញា​វិជ្ជមាន​ជាច្រើន ជាពិសេស​ការបោះឆ្នោត​ខែតុលា ឆ្នាំ​២០១៥ និង​ការដោះលែង​អ្នកទោសនយោបាយ ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​បន្ធូរ​សម្ពាធ​លើ​ប្រទេស​នេះ​។ មួយវិញទៀត តួនាទី​របស់លោក​Lukashenko ក្នុង​ដំណើរការ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ជាកា​រួមចំណែក​ដែល​ជំរុញ​ទំនាក់ទំនង​អឺរ៉ុប​ និង​បេឡា​រុស​។

​ទាក់ទិន​នឹង​ការបញ្ចប់​ទណ្ឌកម្ម​នេះ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក Frank-Walter Steinmeier បញ្ជាក់ថា ការលើកលែង​ទណ្ឌ​កម្មនេះ មិនមែន​ដោយសារ​សកម្មភាព​ផ្លាស់ប្ដូរ​ភ្លាមៗ​របស់​បេឡា​រុស​នោះទេ​។ បើតាម Reuters អឺរ៉ុប​នឹង​ពង្រឹង​ទំនាក់ទំនង​ដែលមាន​លក្ខណៈ​ស្ថាបនា ​ជាមួយ​រដ្ឋ​អតីត​សហភាពសូវៀត​មួយ​នេះ ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ខ្លួន​របស់​រុស្សី​ចូលមក​តំបន់​នេះ​។ អឺរ៉ុប​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​តំបន់​ខាងកើត ជាជាង​ទុក​ពួកគេ​ឲ្យ​ងាក​ទៅរក​រុស្សី​។ 

​ក្រៅពី​ការបញ្ចប់​ទណ្ឌកម្ម អឺរ៉ុប​ក៏បាន​ប្រកាស​ជួយ​បេឡា​រុស​ផ្នែក​សេដ្ឋកិច្ច ដោយ​ក្រុមហ៊ុន​មកពី​បេឡា​រុស ​ក៏​អាច​ទទួលបាន​ការផ្ដល់​ប្រាក់កម្ចី​ពី​ធនាគារ​របស់​អឺរ៉ុប​ផងដែរ​។ លើសពីនេះ អឺរ៉ុប​ជួយ​បេឡា​រុស ក្នុងការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទៀតផង​។

​ភាពល្អប្រសើរ​ក្នុង​ទំនាក់ទំនង​អឺរ៉ុប​-​បេឡា​រុស អាចជា​គោលបំណង​របស់​មេដឹកនាំ​ផ្ដាច់ការ​លោក​Alexander Lukashenko ដែល​ចង់​ងាក​ចេញពី​ការពឹងផ្អែក​ខ្លាំងពេក​លើ​រុស្សី ទោះជា​បេឡា​រុស​ជិតស្និទ្ធ​នឹង​រុស្សី​ក៏ដោយ​។ នេះ​ក៏​ព្រោះតែ រុស្សី​ជួបប្រទះ​បញ្ហា​ជាច្រើន​ ដែល​រួមទាំង​ការដាក់ទណ្ឌកម្ម​ពី​សំណាក់​លោកខាងលិច និង​ផលប៉ះពាល់​ដោយសារ​ការធ្លាក់​ថ្លៃ​ប្រេង​៕


Tag:
 អឺរ៉ុប​
  ​បេឡា​រុស​
 ​ ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com