អន្តរជាតិ
ថៃ​កំពុង​បែកបាក់​ទាំង​នយោបាយ ប្រេះឆា​ទាំង​សាសនា​
17, Feb 2016 , 8:39 am        
រូបភាព
ដោយ:
​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​ទម្លាក់​នាយករដ្ឋមន្ត្រី​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រី​បង្កើត​លោក​ថាក់ស៊ីន ចេញពី​តំណែង​ជា​សញ្ញា​មួយទៀត​នៃ​ការបែកបាក់​នៅក្នុង​នយោបាយ​ថៃ​។ ខណៈ​នយោបាយ​កំពុងតែ​បែកបាក់ ស្ថាប័ន​ពុទ្ធសាសនា​នៅ​ថៃ​ក៏​កំពុង​ប្រេះឆា​ផងដែរ​ដោយសារតែ​បញ្ហា​តែងតាំង​សម្ដេច​សង្ឃរាជ​ថ្មី ដែល​នេះ​បង្ហាញ​ប្រទេស​កាន់តែ​ធ្លាក់​ក្នុងស្ថានភាព​យ៉ាប់យ៉ឺន​មួយ​។
 


​ខណៈ​នយោបាយ​ថៃ​ហាក់​មានការ​ស្ងប់ស្ងាត់​ប​ន្តិ​ច​ក្រោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤ វិបត្តិ​ថ្មី​មួយទៀត​ក៏​លេច​ជា​រូបរាង​នៅក្នុង​ផ្នែក​ព្រះពុទ្ធសាសនា​របស់​ថៃ​។ បន្ទាប់ពី​ការ​សុគត​របស់​សម្ដេច​សង្ឃរាជ​ចាស់ បញ្ហា​អ្នក​ស្នង​តំណែង​កំពុងតែ​បង្ក​ទៅជា​ជម្លោះ​រវាង​អ្នកគាំទ្រ​សម្ដេច​ឈួ​ង (Somdet Chuang) ដែលជា​សម្ដេច​សង្ឃរាជ​ស្ដីទី​និង​ក្រុមប្រឆាំង​ព្រះអង្គ​។

​តាមពិតទៅ ក្រុមប្រឹក្សា​សង្ឃ​ជាន់ខ្ពស់​បានជ្រើសរើស​ស​ម្ដេច​ឈួ​ង​ជា​បេក្ខជន​សម្ដេច​សង្ឃ​ថ្មី​ទៅហើយ ដោយ​រង់ចាំតែ​ការបញ្ជូន​សេចក្ដីសម្រេច​នេះ​ពី​នាយករដ្ឋមន្ត្រី​ទៅកាន់​ព្រះមហាក្សត្រ​ថៃ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ព្រះសង្ឃ​មួយក្រុម​ទៀត​បាន​ប្រឆាំងនឹង​រឿងនេះ ដោយបាន​ចោទ​សម្ដេច​ឈួ​ង មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​លើ​ករណី​ទិញ​ឡាន​ទំនើប​។ ព្រះ​ឥស្សរា (Isara) ដែល​ប្រឆាំងនឹង​ការសម្រេច​របស់​ក្រុមប្រឹក្សា​សង្ឃ បានទាមទារ​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​រឿងនេះ​ផងដែរ​។

​ដោយសារតែ​មានការ​ប្រឆាំង​ដូចនេះ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​ផ្អាក​បញ្ជូន​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សង្ឃ​ជាន់ខ្ពស់​ទៅ​ព្រះមហាក្សត្រ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ក៏បាន​បញ្ជាក់ដែរថា លោក​នឹង​បញ្ជូន​សំណើរ​តែងតាំង​សម្ដេច​ឈួ​ង​ទៅ​ព្រះមហាក្សត្រ​ភូមិ​ពល លុះត្រាតែ​បញ្ហា​ទាំងអស់​ត្រូវបាន​ដោះស្រាយ​រួចរាល់​។

​ក្រោយ​ពេលដែល​នាយករដ្ឋមន្ត្រី​ផ្អាក​បញ្ជូន​សំំ​ណើ​រ​ទៅ​ព្រះមហាក្សត្រ ក្រុមព្រះ​សង្ឃ​ដែល​គាំទ្រ​សម្ដេច​ឈួ​ង និង​អ្នកគាំទ្រ​រាប់ពាន់នាក់​ផ្សេងទៀត​បានចេញ​មក​ធ្វើបាតុកម្ម​នៅ​ខេត្ត Nakhon Pathom​។ ក្រុមអ្នកតវ៉ា​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ឈប់​លូកលាន់​បញ្ហា​សាសនា និង​ឆាប់​បញ្ជូន​សំណើរ​តែងតាំង​សម្ដេច​ឈួ​ង​ទៅ​ព្រះមហាក្សត្រ​។ ក្រៅពីនោះ ក្រុមអ្នកតវ៉ា​ក៏បាន​ទាមទារ​ឲ្យ​ដាក់​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែល​កំពុងតែ​ព្រាង​ទៀតផង​។

​យ៉ាងណាមិញ រដ្ឋាភិបាល​ថៃ​ប្រហែល​មិន​ធ្វើតាម​សំណើ​ទាំងនេះ​ទេ​។ បើតាម Bangkok Post រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​របស់​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​ថែមទាំង​ជំរុញ​ឲ្យ​បើក​ការ​ស៊ើប អង្កេត រឿង​ពុករលួយ​នេះ​ផងដែរ ដើម្បី​បញ្ជាក់ថា ឡាន​ត្រូវបាន​ទិញ​ទាំងមូល​ឬក៏​ត្រូវបាន​ផ្គុំ​ឡើង​ពី បំណែក​តូចៗ​ដូច​ការអះអាង​របស់​សម្ដេច​ឈួ​ង​។

​គួរ​បញ្ជាក់ថា ក្នុង​ខែមករា សម្ដេច​ឈួ​ង ដែលមាន​ព្រះជន្ម​៩០​វស្សា​ទៅហើយនោះ ត្រូវ​ក្រុមប្រឹក្សា​សង្ឃ​ជាន់ខ្ពស់​សម្រេច​ជា​បេក្ខជន​សម្ដេច​សង្ឃរាជ​ថ្មី ដើម្បី​គ្រប់គ្រង​លើ​ព្រះសង្ឃ​ជាង​៣០​ម៉ឺន​នាក់​។ ប៉ុន្តែ​រឿងអាស្រូវ​ពុករលួយ​រឿង​ទិញ​ឡាន​បាន​រារាំង​ការ​ដំណើរការ​នេះ ដ្បិត​រដ្ឋាភិបាលយោធា​បាន​ផ្អឹប​សំណើ​ទុក​មួយអន្លើ និង​រង់ចាំ​ការដោះស្រាយ​សិន​៕


Tag:
 ​ថៃ​
  ​នយោបាយ​
 ​ សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com