ជាតិ
អន្តរជាតិ
មេដឹកនាំ​អាមេរិក​-​អាស៊ាន ចេញ​សេចក្តីថ្លែងការណ៍​មួយ​ជា​ផ្លែផ្កា ក្រោយ​ជំនួប​២​ថ្ងៃ​
17, Feb 2016 , 10:09 am        
រូបភាព
មេដឹកនាំអាមេរិក-អាស៊ាន​ក្រោយ​ជំនួបកំពូល២ថ្ងៃនៅ Sunnylands។ រូបថតហ្វេសប៊ុក​សម្តេច ហ៊ុន សែន
មេដឹកនាំអាមេរិក-អាស៊ាន​ក្រោយ​ជំនួបកំពូល២ថ្ងៃនៅ Sunnylands។ រូបថតហ្វេសប៊ុក​សម្តេច ហ៊ុន សែន
កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន ដែល​រៀបចំឡើង​ដោយ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា រយៈពេល​ពីរ​ថ្ងៃ​ក្នុង​រមណីយដ្ឋាន Sunnylands នៃ​រដ្ឋ កាលី​ហ្វ​រ​នីញ៉ា បានបញ្ចប់​ដោយ​ផ្លែផ្កា​។ មេដឹកនាំ​ទាំងអស់ បាន​ព្រម ព្រៀងគ្នា និង​សម្រេចបាន​នូវ​សេចក្តីថ្លែងការណ៍​រួមមួយ ​ដែល​បានដាក់​បញ្ចូល​ទាំង​ការបន្ត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច លើកកម្ពស់​នីតិរដ្ឋ និង​បញ្ហា​ប្រឈម​សកល​បច្ចុប្បន្ន​នានា។​


​ក្នុង​សេចក្ដីថ្លែងការណ៍​នោះ មេដឹកនាំ​អាមេរិក និង​អាស៊ាន​បង្ហាញ​ជំហរ​បន្ត​គាំទ្រ​តួនាទី​ស្នូល​របស់​អាស៊ាន និង​អង្គការ​តំបន់​នានា​ ដែល​អាស៊ាន​កំពុងតែ​ដឹកនាំ​។ ភាគី​ទាំងអស់​នឹង​គោរព​អធិបតេយ្យ ភាព​ស្មើ​មុខមាត់​គ្នា ព្រមទាំង​ឯករាជ្យ​របស់​ប្រទេស​ជា​សមាជិក​ទាំងអស់ ​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ និង​ធម្មនុញ្ញ​អាស៊ាន​។

​ទាក់ទិន​នឹង​ការជំរុញ​សេដ្ឋកិច្ច មេដឹកនាំ​អាមេរិក​ និង​អាស៊ាន​ បានទទួល​ស្គាល់​សារៈសំខាន់ ​ក្នុងការ​បង្កើត​គោលនយោបាយ​ ដែល​នាំ​ដល់​ការបើកចំហ​ការប្រកួតប្រជែង​សេដ្ឋកិច្ច​។ គោលនយោបាយនេះ ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច ការបង្កើត​ការងារ ព្រមទាំង​ជួយ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម ក៏ដូចជា​បង្រួម​គម្លាត​អភិវឌ្ឍន៍​ផងដែរ​។ 

​ជាមួយគ្នា​នោះ សេចក្ដីថ្លែងការណ៍​ដដែល​ក៏បាន​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​រួមគ្នា​ ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី​ តាមរយៈ​ច្បាប់ និង​មធ្យោបាយ​ការទូត និង​ការមិន​ប្រើ​កម្លាំងយោធា​។ ភាគី​ទាំងអស់​ក៏​ប្ដេជ្ញា​រក្សា​ស្ថិរភាព និង​សន្តិភាព​តំបន់ ដោយ​រួមទាំង​សុវត្ថិភាព​ផ្លូវ​សមុទ្រ​ផងដែរ ជាពិសេស​នោះ​សិទ្ធិសេរីភាព​នាវាចរណ៍ និង​ការហោះហើរ​នៅ​ដែនសមុទ្រ ដែល​ត្រូវបាន​ការពារ​ដោយ​អនុសញ្ញា ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។  

​លើសពីនេះ មេដឹកនាំ​អាមេរិក និង​អាស៊ាន​ បាន​សន្យា​ដោះស្រាយ​បញ្ហាសំខាន់ៗ​ផ្សេងទៀត ​ដូចជា​ការប្រឆាំង​ភេ​វរ​កម្ម និង​អំពើហិង្សា​ជ្រុលនិយម​ជាដើម​។ ម្យ៉ាងទៀត មេដឹកនាំ​ទាំងអស់​ បានបង្ហាញ​ជំហរ​ដោះស្រាយ​បញ្ហា​ការជួញដូរ​មនុស្ស គ្រឿងញៀន និង​ការនេសាទ​ខុសច្បាប់​ផងដែរ​។ បម្រែបម្រួល​បរិស្ថាន ដែលជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​របស់​ពិ​ភព​លោក ក៏ត្រូវ​បានលើកឡើង​ក្នុង​សេចក្ដី​ការណ៍ ដោយបាន​ឯកភាពគ្នា​អនុវត្ត​ន៍ឲ្យ​បាន​ពេញលេញ​ នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​។

​ក្រៅពីនោះ មេដឹកនាំ​កំពូល​អាមេរិក និង​អាស៊ាន​ទាំង​១០ ក៏បាន​ប្ដេជ្ញាចិត្ត​ ដើម្បី​ពង្រឹង​ការតភ្ជាប់​រវាង​ប្រជាជន ​និង​ប្រជាជន ​តាមរយៈ​កម្មវិធី​នានា​ ដែល​ចួ​ល​រួម​ដោយ​ប្រជាជន​អា​ស៊ាន​ ​និង​អាមេរិក ជាពិសេស​ក្នុងចំណោម​យុវជន​វ័យក្មេង​៕

   


Tag:
 Sunnylands
  អាមេរិក-អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com