អន្តរជាតិ
ចិន បំពាក់​ប្រព័ន្ធ​មី​ស៊ី​លបាញ់​លំហ​អាកាស​នៅ​សមុទ្រ​ចិន​ខាងត្បូង​
17, Feb 2016 , 4:23 pm        
រូបភាព
ដោយ:
​អវត្តមាន​នៃ​ដំណោះស្រាយ​រួមគ្នា​នៃ​ភាគី​ទាមទារ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​បើកផ្លូវ​ឲ្យ​ចិន​បន្ត មហិច្ឆតា​របស់ខ្លួន​ក្នុង​ការចូលទៅ​កាន់កាប់​ក្នុង​តំបន់​ជម្លោះ​ជា​ឯកតោភាគី​ដោយ​ពុំមាន​ការខ្លាច​ក្រែង​។ ហើយ​ចុង​ក្រោយនេះ ក្រៅពី​ការសាងសង់​កោះ​សិប្បនិម្មិត​ក្នុង​តំបន់​ជម្លោះ ចិន បាន​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ទៅ​លំហ​អាកាស​ក្នុង​តំបន់​កោះ​ប៉ា​រ៉ា​សែ​ល ( Paracel Islands) ដែល​ផ្នែក​មួយ​នៃ​តំបន់ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។


​លោក​ឧ​ត្ត​ម​សេនីយ៍ David Lo អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​ថ្លែងប្រាប់​ភា្ន​ក់​ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ ថា ចិន បាន​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​អាច​បាញ់​ទៅ​លំហ​អាកា​សបាន​ក្នុង​កោះ Woody ដែល ជា​ផ្នែក​មួយ​នៃ​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ តំបន់​កោះ​នេះ ត្រូវបាន​ចិន គ្រប់គ្រង​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ហើយ វា​ក៏​ជា​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​រវាង​ចិន វៀតណាម និង តៃវ៉ាន់​ផងដែរ​។

​លោក David Lo ក៏បាន​ទទូច​ឲ្យ​រដ្ឋ​ភាគី​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​រួមគ្នា​ដើម្បី​ធានា​ពី​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​រឹតបណ្តឹង​នូវ​ការចេញ​វិធាន​នានា​ជា​លក្ខណៈ​ឯកតោភាគី​ដែល​ជុំរុញ​ឲ្យ​មាន​ភាព​តានតឹង​។ ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រួមមាន​ចិន តៃវ៉ាន់ និង​រដ្ឋ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​។​

​ជុំវិញ​ការបំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​នេះ ធ្វើឡើង​ខណៈពេលដែល​មេដឹកនាំ​កំពូល​អាមេរិក និង​អាស៊ាន​កំពុង​ប្រជុំ​នៅក្នុង​រមណីយដ្ឋាន Sunny Lands នៃ California ដែល​រៀបចំឡើង​ដោយ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​ជជែក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​នោះ​។ ក្នុងជំនួប​ជាមួយនឹង​មេដឹកនាំ​កំពូល​អាស៊ាន​ទាំង​ដប់ អាមេរិក​បាន​សន្យា​ពង្រឹង​សន្តិសុខ​ដែនសមុទ្រ​ដែល​រាប់បញ្ចូល​ទាំង​ការបញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់​សមុទ្រ​ដែល​សំដៅលើ​សមុទ្រ​ចិន​ខាងត្បូង​ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការហោះហើរ និង​ការធ្វើ​នាវាចរណ៍​ក្នុង​ដែនសមុទ្រ​។

​តែ​អ្វីដែល​គួរកត់សម្គាល់​នោះ ការបំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​របស់​ចិន​នេះដែរ ត្រូវបាន​ធ្វើឡើង​ក្រោយ​ប៉ុន្មាន ថ្ងៃ​តែប៉ុណ្ណោះ​នៃ​ការ​ប្រតិបត្តិការ​នាវាច​ម្បាំ​ង​របស់​អាមេរិក​ម​ក​ក្បែរ​តំបន់​កោះ​ប៉ា​រ៉ា​សែ​ល​ដែល​សកម្ម​ភា ព​នេះ ត្រូវបាន​មើលឃើញថា​ជាការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​របស់​អាមេរិក​។ កាលពី​ថ្ងៃទី​២៩ ខែមករា​កន្លងទៅ អាមេរិក បាន​បញ្ជូន នាវា​ពិឃាត​ដែល​ឈ្មោះថា Curtis Wilbur ទៅកាន់​តំបន់​កោះ​ប៉ា​រ៉ា​សែ​ល​ដែល​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​រវាង​តៃវ៉ាន់​វៀតណាម និង​ចិន​៕


Tag:
 ចិន
  ​ប្រព័ន្ធ​មី​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com