អន្តរជាតិ
វាយប្រហារ​នៅ​តួ​ក​គី សម្លាប់​មនុស្ស​យ៉ាងតិច​២៨​នាក់​និង​របួស​៦៨​នាក់​
18, Feb 2016 , 10:44 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យ៉ាងតិច​២៨​នាក់​ស្លាប់​និង​៦៨​នាក់​ទៀត​របួស​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​ឡាន​អត្តឃាត​នៅ​កណ្ដាល​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​។ មិនទាន់មាន​ក្រុម​ណា​ចេញមក​ទទួលខុសត្រូវ​លើ​សកម្មភាព​នេះ​នៅឡើយ​ទេ តែ​អាជ្ញាធរ​តួ​ក​គី​ចាត់ទុក​នេះ​ជា​អំពើ​ភេ​វរ​កម្ម និង​ប្រកាស​សងសឹក​ចំពោះ​អ្នក​នៅ​ពីក្រោយ​វិញ​ផងដែរ​។


​ការវាយប្រហារ​ដោយ​បំផ្ទុះ​ឡាន​អត្តឃាត បានសម្លាប់​មនុស្ស​យ៉ាងតិច​២៨​នាក់​និង​របួស​៦៨​នាក់ នៅឯ​រដ្ឋធានី​អង់កា​រ៉ា​របស់​តួ​ក​គី​។ ការវាយប្រហារ​នេះ​សំដៅ​ទៅលើ​ក្បួន​រថយន្តយោធា​ដែល​កំពុង​ឈប់​ស្តុ​ប​នៅ​ព្រលប់​ថ្ងៃ​ពុធ​ម្សិលមិញ​។ ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan បានប្រកាស​ស្វែង​រកមុខ​អ្នក​នៅ​ពីក្រោយ​អំពើ​នេះ ខណៈ​តួ​ក​គី​ជួបប្រទះ​នឹង​ការវាយប្រហារ​ជាច្រើនលើក​មកហើយ​។ 

​បើតាម Al Jazeera គ្រាប់បែក​ដែល​បង្កប់​ក្នុង​ឡាន​បាន ផ្ទុះ​នៅពេលដែល​ក្បួន​រថយន្ត យោធា​ដែល​ដឹក​ទាហាន​មួយចំនួន​បាន​ឈប់​ស្តុ​ប​នៅ​កណ្ដាល​ទីក្រុង​អង់កា​រ៉ា​។ គេ​អាច​មើលឃើញ​ផ្សែង​យ៉ាងខ្លាំង​ចេញពី​កន្លែងកើតហេតុ ដែល​ស្ថិត​នៅក្បែរ​បញ្ជាការ​កង​ទ័ព​តួ​ក​គី​និង​អាគារ​សភា​។​

​ក្រោយ​ការកើត​ហេតុ នាយករដ្ឋមន្ត្រី​តួ​ក​គី​លោក​Ahmet Davutoglu បាន​លុបចោល​ដំណើរ​ទៅកាន់​ទីក្រុង​ព្រុ​ច​សែ​ល​ដើម្បី​ចូលរួម​ប្រជុំ​ស្ដីពី​វិបត្តិ​ជនភៀសខ្លួន​។ ចំណែកឯ​លោក​Recep Tayyip Erdogan ក៏​ត្រលប់​មកពី​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​វិញ​ផងដែរ និង​បាន​កោះប្រជុំ​បន្ទាន់​ជាមួយ​មន្ត្រី​សន្តិសុខ​សំខាន់ៗ​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​មួយ លោក Erdogan និយាយថា យើង​នឹង​បន្ត​ការប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​ដែល​តែង​ធ្វើ​សកម្មភាព​ដូចនេះ និង​គ្មាន​សីលធម៌​ឬ​មនុស្សធម៌​អ្វី​ទាំងអស់​។​

​យ៉ាងណាមិញ នៅ​មិនទាន់មាន​ក្រុម​ណា​ចេញមក​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​តួ​ក​គី​ចាត់ទុកជា​អំពើ​ភេ​វរ​កម្ម​។ ក្រុម​កងកម្លាំង​របស់​បក្ស​ពលករ​ឃើ​ដ ជា​មុខសញ្ញា​នៃ​ការសង្ស័យ​នេះ ដែល​បានការ​វាយប្រហារ​ចំ​ពេលដែល​ចរាចរណ៍​ចាប់ផ្ដើម​ស្ទះ​ខ្លាំង​ក្នុង​ទីក្រុង​អង់កា​រ៉ា​៕   


Tag:
 តួ​ក​គី​
 ​ ភេ​វរ​កម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com