អន្តរជាតិ
បាតុករ​កូ​សូ​វ៉ូ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះចេញ​ពី​តំណែង​
18, Feb 2016 , 4:26 pm        
រូបភាព
ដោយ:
​ក្រុមបាតុករ​ប្រឆាំង​រាប់ពាន់នាក់​បានទាមទា​រ​ឲ្យ​រដ្ឋាភិបាល​លោក Isa Mustafa ចាក​ចេញពី​តំណែង​ដោយ​ចោទប្រកាន់ថា​រំលោភ​រដ្ឋធម្មនុញ្ញ​ក្នុង​រឿង​កិច្ចព្រមព្រៀង​ជាមួយ​ស៊ែ​ប៊ី​និង​ម៉ុង​តេ​ណេ​ក្រូ​។ បាតុកម្ម​នេះ​កើតឡើង​នៅ​ស្រប​ពេលដែល​កូ​សូ​វ៉ូ​រម្លឹក​ខួប​៨​ឆ្នាំ​នៃ​ឯករាជ្យ​ពី​ស៊ែ​ប៊ី​នៅ​ឆ្នាំ​២០០៨​។


​បាតុករ​កូ​សូ​វ៉ូ​រាប់ពាន់​មកពី​ទូទាំងប្រទេស​បានមក​ប្រមូល​ផ្ដុំគ្នា​នៅ​រដ្ឋធានី Pristina ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះ​ចេញពី​តំណែង​។ ក្រុមបាតុករ​បាន​ចោទ​រដ្ឋាភិបាល​លោក Isa Mustafa ថា​ធ្វើ​ខុស​រដ្ឋធម្មនុញ្ញ​ចំពោះ​ករណី​កិច្ចព្រមព្រៀង​ជាមួយ​ស៊ែ​ប៊ី​និង​ម៉ុង​តេ​ណេ​ក្រូ​។ បាតុករ​បានទាមទារ​ឲ្យ​លោក Mustafa និង​រដ្ឋមន្ត្រីការបរទេស​លោក Hashim Thaci លា​
​លែង​តំណែង​បន្ទាន់​។​

​ក្រុមបាតុករ​ជាង​១​ម៉ឺន​បានប្រកាស​បដិសេធ​ទទួលស្គាល់​កិច្ចព្រមព្រៀង​ជាមួយ​ស៊ែ​ប៊ី​ដែល​ចេញ​ជា​រូបរាង​កាលពី​ឆ្នាំ​២០១៥​។ នេះ​ក៏​ព្រោះតែ​កិច្ចព្រមព្រៀង​ខាងលើនេះ​បានផ្ដល់​អំណាច​ខ្លាំង​ដល់​ជនជាតិ​ស៊ែ​ប៊ី​ដែល​រស់នៅ​កូ​សូ​វ៉ូ ហើយ​ផ្នែក​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នេះ​ក៏ត្រូវ​តុលាការ​ធម្មនុញ្ញ​ថា​មិន​ស្រប​រដ្ឋធម្មនុញ្ញ​ផងដែរ​។ ចំណែកឯ​កិច្ចព្រមព្រៀង​កំណត់ព្រំដែន​ជាមួយ​ម៉ុង​តេ​ណេ​ក្រូ​ក៏ត្រូវ​ក្រុមបាតុករ​ទាំងនោះ​បដិសេធ​ដែរ​។

​បាតុករ​ដែល​មិន​សប្បាយចិត្ត​ទាំងនោះ​បានទាមទារ​ឲ្យ​មាន​ការធ្វើប្រជាមតិ​ឬ​ការបោះឆ្នោត​ថ្មី​មួយ​។ អ្នកដឹកនាំ​បាតុករ Visar Ymeri បានដាក់​កំណត់​ថ្ងៃទី​២៧ ខែកុម្ភៈ ជា​ឱ​សាទ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​លោក Isa Mustafa ចុះចេញ​។ បើ​មិន​ដូច្នោះ​ទេ បាតុករ​នឹង​បន្ត​រហូតដល់​មាន​ដំណោះស្រាយ​។

​យ៉ាងណាមិញ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី Isa Mustafa បាន​វាយបក​វិញ​ថា​ក្រុមប្រឆាំង​ចង់​ឆក់យក​អំណាច​តាមរយៈ​អំពើហិង្សា​។ ឆ្លៀត​ក្នុងពេល​រម្លឹក​ខួប​ឯករាជ្យ​លើក​ទី​៨ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ លោក Mustafa បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក​មាន​អាណត្តិ​ច្បាស់លាស់ និង​មានអំណាច​ស្របច្បាប់​ដើម្បី​បម្រើប្រជាជន​ដែល​បាន​ជឿទុកចិត្ត​តាមរយៈ​សន្លឹកឆ្នោត​។​

​សូម​រម្លឹកថា កូ​សូ​វ៉ូ បានប្រកាស​ឯករាជ្យ​ដោយ​ឯកតោភាគី​ពី​ស៊ែ​ប៊ី​នៅក្នុង​ឆ្នាំ​២០០៨ ដោយ​មានការ​ជ្រោមជ្រែង​ពី​ក្រុម​ប្រទេស​អឺរ៉ុប​និង​អាមេរិក​។ ប៉ុន្តែ​ស៊ែ​ប៊ី​ដែលមាន​រុស្សី​នៅ​ពីក្រោយ​មិនបាន​ទទួលស្គាល់​នោះទេ និង​នៅតែ​ចាត់ទុក​កូ​សូ​វ៉ូ​ជា​អាណាខេត្ត​មួយ​របស់ខ្លួន​។


Tag:
 ​កូ​សូ​វ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com