អន្តរជាតិ
ការខ្វែងគំនិត​គ្នា​លើ​ការតែងតាំង​ចៅក្រម​តុលាការ​កំពូល​នៅតែ​បន្ត​ឡើង​
23, Feb 2016 , 8:43 am        
រូបភាព
ដោយ: VOA
​ការខ្វែងគំនិត​គ្នា​អំពី​តំណែង​ទំនេរ​មួយ​ក្នុង​តុលាការ​កំពូល​ស​.​រ​.​អាបាន​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​ជាង​មុន​ក្នុង​សប្តាហ៍​នេះ នៅពេលដែល​សមាជិក​ព្រឹទ្ធសភា​ស​.​រ​.​អា​វិល​ត្រឡប់មក​ធ្វើការ​វិញ បន្ទាប់ពី​ការ​សម្រាក​មួយ​សប្តាហ៍ ហើយ​សេត​វិមាន​បន្ត​ពិនិត្យមើល​មន្ត្រី​ដែលមាន​សក្តានុពល​ដើម្បី​ស្នើ​ឈ្មោះ​ទទួល​ការតែងតាំង​ជា​ចៅក្រម​តុលាការ​កំពូល​។​


​ការខ្វែងគំនិត​គ្នា​រវាង​គណបក្ស​ទាំងពីរ​អំពី​ការជំនួស​លោក​ចៅក្រម Antonin Scalia មាន​លើសពី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​មាន​ភាព​ខ្លាំងក្លា​ជាង​មុន​ដោយសារ​នយោបាយ​នៅ​ឆ្នាំ​បោះឆ្នោត​។​

​មានការ​បន្លឺ​ជួង​កាលពី​ថ្ងៃ​សៅរ៍​នៅឯ​ព្រះវិហារ​គ្រឹ​ស្ត​សាសនា Roman Catholic Basilica នៅពេលដែល​ប្រទេសជាតិ​សម្តែង​ការគោរព​ចុងក្រោយបង្អស់​ដល់​សព​លោក Scalia ដែលជា​ចៅក្រម​មហា​អភិរក្សនិយម​ដែល​ល្បីឈ្មោះ​ខាង​ការនិយាយ​បង្ហាញ​ហេតុផល និង​ការសរសេរ​បញ្ចេញមតិ​នៅក្នុង​តុលាការ​កំពូល​។ កាលពី​មួយថ្ងៃ​មុន​នោះ​នៅពេល​ក្តារ​មឈូស​លោក​បាន​ត្រូវ​តម្កល់​ក្នុង​តុលាការ​កំពូល ក៏មាន​ការជជែក​ដេញដោល​គ្នា​បង្ហាញ​ហេតុផល​អំពី​ការបំពេញ​អាសនៈ​លោក​ក្នុង​តុលាការ​កំពូល​នៅ​ទូទាំង​រដ្ឋធានី​អាមេរិកាំង​។​

​លោក Mitch McConnell មេដឹកនាំ​ក្រុម​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​ស​.​រ​.​អា និង​លោក Chuck Grassley ដែល​ទាំងពីរ​នាក់​ជា សមាជិក​គណបក្ស​សាធារណរដ្ឋ បាន​សរសេរ​អត្ថបទ​បញ្ចេញមតិ​មួយ​ចុះផ្សាយ​ក្នុង​កាសែត The Washington Post ថា ប្រធានាធិបតី​បន្ទាប់ ហើយ​មិនមែន​លោក​អូ​បា​ម៉ា​ទេ ដែល​គួរ​ជ្រើសរើស​មន្ត្រី​ជំនួស​លោក Scalia នៅក្នុង​តុលាការ​កំពូល​។​

​ក៏ប៉ុន្តែ​លោក Josh Earnest អ្នកនាំពាក្យ​សេត​វិមាន​មិន​ស្រប​ជាមួយ​ទេ​ហើយ​លោក​បាន​និយាយថា «​លោក​ប្រធានាធិបតី​មាន​កាតព្វកិច្ច​មួយ​តាម​រដ្ឋធម្មនុញ្ញ​ក្នុង​ការស្នើ​ឈ្មោះ​អ្នក​បន្ត​តំណែង​នៅពេលណា​មាន​កន្លែង​ទំនេរ​ក្នុង​តុលាការ​កំពូល ហើយ​ព្រឹទ្ធសភា​មាន​កាតព្វកិច្ច​ឱឡារិក​មួយ​តាម​រដ្ឋធម្មនុញ្ញ​ក្នុងការ​ផ្តល់​ឲ្យ​បុគ្គល​នេះ​នូវ​សវនកម្ម​មួយ​ប្រកបដោយ​យុត្តិធម៌ និង​ការបោះឆ្នោត​ថា​ព្រម​ឬ​មិន​ព្រម​ឲ្យ​បាន​ទាន់ពេលវេលា​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com