អន្តរជាតិ
ស្ត្រី​មិនទាន់​រៀបការ​ក្នុងភូមិ​មួយ​នៅ​ឥណ្ឌា គ្មាន​សិទ្ធិ​ប្រើ​ទូរ​សព្ទ​ដៃ​ឡើយ​
23, Feb 2016 , 9:52 am        
រូបភាព
ដោយ: ធីតា
​ភូមិ Suraj នៅក្នុង​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា បានសម្រេច​ហាមឃាត់​ស្ត្រី​នៅ​លីវ មិន​ឲ្យ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ ដោយ​វាយតម្លៃថា សម្ភារ​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សង្គម​។​


​លោក Devshi Vankar ដែលជា​មេភូមិ បាន​ថ្លែងប្រាប់ Hindustan Times ថា​៖ «​ថ្នាក់ដឹកនាំ​សហគមន៍​បាន​វាយតម្លៃថា គ្រឿង​ស្រវឹង និង​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ​សម្រាប់​ស្ត្រី​ដែល​មិនទាន់​រៀបការ គឺជា​ការបំពុល​សង្គម​។ លោក​ក៏​បង្ហើប​ផងដែរ​ពី​គម្រោង​ហាមឃាត់​បែបនេះ​ចំពោះ​យុវជន​វ័យក្មេង​នៅក្នុង​ភូមិ​។​

​បើតាម​លោក Vankar បច្ចុប្បន្ន ទូរ​សព្ទ​ដៃ បាន​នាំ​ឲ្យ​ស្ត្រី​វ័យក្មេង​ចាកចេញ​កាន់តែ​ឆ្ងាយ​ពី​ការសិក្សា និង​កិច្ចការ​ផ្ទះសម្បែង​។ ប្រសិនបើ​ស្ត្រី​វ័យក្មេង​ណា​ម្នាក់​ត្រូវបាន​គេ​រកឃើញថា​ប្រើប្រាស់ ឬ​និយាយ​ទូរ​សព្ទ​នៅក្នុង​ភូមិ បុគ្គល​នោះ នឹងរង​ការពិន័យ​២១០០​រូពី (​ជាង​៣០​ដុល្លារ​អាមេរិក​)​។​

​ជាមួយគ្នានេះ​ផងដែរ ក្រុមប្រឹក្សា​ភូមិ សន្យា​ផ្តល់​ប្រាក់រង្វាន់​២០០​រូពី (​ជិត​៣​ដុល្លារ​អាមេរិក​) សម្រាប់​អ្នក​ដែល​រាយការណ៍​ពី​សកម្មភាព​របស់​ស្ត្រី​វ័យក្មេង​ដែល​ហ៊ាន​ល្មើស​លួច​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​នៅ​ក្នុងភូមិ​៕





Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com