អន្តរជាតិ
លោក ខេ​មេ​រ៉ូ​ន​៖ ការចាកចេញ​ពី​អឺរ៉ុប​នឹងធ្វើ​ឲ្យ​អង់គ្លេស​ខាតបង់​
23, Feb 2016 , 8:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន (David Cameroon) បាន​ព្រមាន​ពី​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​និង​សន្តិសុខ នៅពេលដែល​អង់គ្លេស​ពិត​ជា​ចាក​ចេញពី​តំបន់​អឺរ៉ុប​មែន​នោះ​។ ខណៈ​ភាពមិនច្បាស់លាស់​នៅតែ​បន្ត​នោះ ការធ្វើប្រជាមតិ​នៅ​ថ្ងៃទី​២៣ ខែមិថុនា នឹង​កំណត់​ជោគវាសនា​ចក្រភព​អង់គ្លេស​ថា នឹង​បន្ត​ជា​សមាជិក​អឺរ៉ុប​ឬក៏​ត្រូវ​ចាកចេញ​។
 

សូមស្ដាប់ព័ត៌មានលម្អិត៖



​លោក​ដេវីដ ខេ​មេ​រ៉ូ​ន បាន​ព្រមាន​ពី​ផលប៉ះពាល់​ដែល​អាច​នឹង​កើតឡើង ប្រសិនបើ​ប្រជាជន​អង់គ្លេស​ជ្រើសរើស​ការចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប​នៅ​ថ្ងៃ​ធ្វើ​ប្រជាមតិ​ក្នុង​ខែមិថុនា​ខាងមុខ​។ ការ ប្រឈមមុខ​នឹង​ផលប៉ះពាល់​សេដ្ឋកិច្ច​និង​សន្តិសុខ​ជាតិ ជា​ប្រធានបទ​ដ៏​សំខាន់​ក្នុង​យុទ្ធនាការ​របស់លោក ខេ​មេ​រ៉ូ​ន ដែល​ចង់​ឲ្យ​អង់គ្លេស​បន្ត​ជា​សមាជិក​អឺរ៉ុប​។

​និយាយ​នៅក្នុង​សភា​កាលពី​ថ្ងៃទី​២២ ម្សិលមិញ​លោក​ខេ​មេ​រ៉ូ​ន បាន​ប្រាប់​សមាជិកសភា​ពី​បញ្ហា​សេដ្ឋកិច្ច​ដែល​អង់គ្លេស​កំពុង​ជួបប្រទះ ជាពិសេស​ការធ្លាក់ចុះ​តម្លៃ​ប្រាក់​Sterling ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​រយៈពេល​ជិត​៧​ឆ្នាំ​មកនេះ​។ លោក​ថា នេះ​ជា​ផលវិបាក​សេដ្ឋកិច្ច​នៃ​ការដែល​ចាកចេញ​ពី​តំបន់​អឺរ៉ុប​។ បើទោះជា​មានមតិ​ខ្លះ​អះអាងថា អង់គ្លេស​នៅតែ​អាចធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត នៅពេលដែល​អង់គ្លេស​ចា​ក​ចេញ​នោះ នាយករដ្ឋមន្ត្រី​ខេ​មេ​រ៉ូ​ន ហាក់ដូចជា​រួញរា​បញ្ហា​នេះ ហើយ​នៅតែ​បន្ត​ជំហរ​របស់លោក​។​

​ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី​ខេ​មេ​រ៉ូ​ន ដែល​ចង់​ឲ្យ​ពលរដ្ឋ​អង់គ្លេស​ជ្រើសរើស​ការបន្ត​ជា​សមាជិក​បញ្ជាក់ដែរថា អង់គ្លេស​ជា​មហាអំណាច​មួយ ហើយ​បើទោះជា​លទ្ធផល​ប្រជាមតិ​យ៉ាងម៉េច​ក៏ដោយ អង់គ្លេស​នៅតែ​ជា​មហាអំណាច​ដដែល​។ ប៉ុន្តែ​លោក​ខេ​មេ​រ៉ូ​ន សង្កត់ធ្ងន់ថា «​ជម្រើស​នៅពេលនេះ​គឺ​អង់គ្លេស​ចង់​ធ្វើជា​មហាអំណាច​ក្នុង​តំបន់​អឺរ៉ុប​ឬ​តំបន់​ណា​ផ្សេង​»​។​

​ក្រៅពីនោះ នាយករដ្ឋមន្ត្រី​រូបនេះ​ក៏បាន​ព្រមាន​ពី​ផលវិបាក​លើ​សន្តិសុខ​ជាតិ ដោយ​លោក​បានលើកឡើង​ពី​ការគំរាមកំហែង​របស់​ក្រុម​ភេរវកម្ម​ជ្រុលនិយម​និង​សកម្មភាព​ហិង្សា​របស់​រុស្សី​នៅ​អ៊ុយ​ក្រែ​ន​។  នៅក្នុង​កាលៈទេសៈ​នេះ អង់គ្លេស​ពិតជា​ចាំ​ចាច់​បន្ត​ជា​សមាជិក​របស់​អង្គការ​តំបន់​ដ៏​ធំ​នេះ ព្រោះ​អង់គ្លេស​ត្រូវ​ចាប់ដៃ​ជាមួយ​សមាជិក​ដទៃទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​គំរាម​ពី​ខាងក្រៅ​។ ហើយ​ពិតណាស់ថា បើ​អង់គ្លេស​ចាកចេញ​នោះ បញ្ហា​ទាំងអស់​នឹង​ក្លាយជា​សម្ពាធ​លើ​អង់គ្លេស​មិន​ខាន​។​

​សូម​បញ្ជាក់ដែរថា ប្រជាជន​ចក្រភព​អង់គ្លេស​នឹង​សម្រេចចិត្ត​បន្ត​ជា​សមាជិក​អឺរ៉ុប​ឬ​ត្រូវ​ចាកចេញ​នៅក្នុង​ការធ្វើប្រជាមតិ​ថ្ងៃទី​២៣ ខែមិថុនា​ខាងមុខ​។ លោកនាយក​រដ្ឋមន្ត្រី​ខេ​ម​មេ​រ៉ូ​ន កំពុងតែ​ញាប់ដៃ​ជើង​បញ្ចុះបញ្ចូល​ឲ្យ​ពលរដ្ឋ​អង់គ្លេស​ជ្រើសរើស​បន្ត​សមាជិកភាព ប៉ុន្តែ​ក៏មាន​យុទ្ធនា​ការស្នើ​ឲ្យ​មានការ​បោះឆ្នោត​ដល់​ការចាកចេញ​ផងដែរ​។​

​សមាជិក​គណៈរដ្ឋមន្ត្រី​អង់គ្លេស​ខ្លះ​បានប្រកាស​គាំទ្រ​ការចាកចេញ ស្រប​ពេលដែល​អភិបាល​ទីក្រុង​ឡុង​ដ៍លោក Boris Johnson ដែលជា​គូប្រជែង​លោក​ខេ​មេ​រ៉ូ​ន ក៏​បង្ហាញ​ជំហរ​គាំទ្រ​ការចាកចេញ​ដូចគ្នា​៕  


Tag:
 ​អង់គ្លេស​
 ​ អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com