អន្តរជាតិ
អូ​បា​ម៉ា​សង្ឃឹមថា​អ្នក​ស្នង​តំណែង​លោក​នៅ​ទុក​អាស៊ាន​ជា​តំបន់​អាទិភាព
23, Feb 2016 , 9:59 pm        
រូបភាព
​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន និង​គោលនយោបាយ​ផ្សេងទៀត​ដែលមាន​ស្រាប់ អាច​ធានាថា រដ្ឋបាល​ថ្មី​នឹង​ប្រកាន់ខ្ជាប់​ទំនាក់​ទំនងជា​មួយ​អាស៊ាន​និង​បន្ត​ពង្រឹង​ទំនាក់ទំនង​ទៅមុខទៀត​ដែរ​។ យ៉ាងណាក៏ដោយ គេ​នៅ​បារម្ភ​ថា ប្រធានាធិបតី បើ​មកពី​បក្ស​សាធារណរដ្ឋ អាច​នឹង​ងាក​ចេញពី​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​មិន​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ពង្រឹង​ការផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ដូច​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្វើ​ក្នុង​រយៈពេល​៧​ឆ្នាំ​មកនេះ​ឡើយ​។​


​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​នៅ​មិន​ដល់​១០​ខែ​ទៀត​ទេ លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាក​ចេញពី​តំណែង ក្រោយ​ធ្វើជា​ប្រធានាធិបតី​នេះ​អស់ពីរ​អាណត្តិ​មក​នោះ​។ ទោះជា​លោក ចាកចេញ​ក៏ដោយ មរតក​នយោបាយ​ការបរទេស​សំខាន់​ជាច្រើន ដែល​លោក​បាន​បន្សល់ទុក​ឲ្យ​អ្នក​ស្នង​តំណែង​លោក​បន្ត​អនុវត្ត​ដើម្បី​ទាញ​ប្រយោជន៍​ដល់​សហរដ្ឋអាមេរិក​។ ក្នុងចំណោម​មរតក​ទាំងនោះ ការភ្ជាប់​ទំនង​ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​រដ្ឋ​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​ក្រុម​ប្រទេស​អាស៊ាន​លើ​គ្រប់​វិស័យ​នោះ​ជាម​រតក​សំខាន់​ជាងគេ​។   

​ក្រោយពេល​លោក អូ​បា​ម៉ា ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០០៩ អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិត្តភាព​និង​សហប្រតិបត្តិការ ហើយ​ដល់​ឆ្នាំ ២០១២ អាមេរិក​បានក្លាយ​ជារ​ដ្ឋ​ដំបូង​បំផុត​ដែល​បញ្ជូន​ឯកអគ្គរដ្ឋទូត​ទៅ​ប្រចាំការ​នៅ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​។ បន្ត​មកដល់​ឆ្នាំ ២០១៥ មេដឹកនាំ​អាស៊ាន​និង​អាមេរិក​បាន​ឯកភាពគ្នា​ពង្រឹង​ភាពជា​ដៃគូ​ដល់​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​កិច្ចប្រជុំ​អាមេរិក អាស៊ាន​ដែល​រៀបចំឡើង​នៅ​ម៉ាឡេស៊ី​ផង​។ ទំនាក់ទំនង​នេះ​បន្ត​កើនឡើង​រហ័ស ការផ្សាភ្ជាប់​កាន់តែ​ជិតស្និទ្ធ ហើយ​អាមេរិក​កាន់​តែមាន​តួនាទី​សំខាន់​ក្នុង​តំបន់​ថែមទៀត​។ ប៉ុន្តែ​ដូច​លើកឡើង​ខាងដើម​ស្រាប់ នៅពេល​មិនយូរ​ទេ​លោក អូ​បា​ម៉ា នឹង​ចប់​អាណត្តិ ដូច្នេះហើយ​នយោបាយ​ការបរទេស​នេះ​នៅ​បន្តទៀត​ឬ​យ៉ាងណា​បានក្លាយ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​។  បើ​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​ឈ្នះឆ្នោត វា​មិនមែនជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​បើសិន​បើ​បេក្ខជន​បក្ស​សាធារណរដ្ឋ មាន ដូ​ណា​ល់ ត្រាំ ( Donald Trump) ថេត គ្រុស (Ted Cruz) ជាដើម​នោះ​ឈ្នះឆ្នោត​វា​ជា​រឿង​ផ្សេង​។

១. អូ​បា​ម៉ា សង្ឃឹមថា​រដ្ឋបាល​ថ្មី​នឹង​បន្ត​កំណត់​យក​តំបន់​អាស៊ាន​តំបន់​អាទិភាព​
 ឆ្លើយតប​បញ្ហា​នេះ ក្នុង​បទសម្ភាសន៍​ក្រៅ​កិច្ចប្រជុំ​អាស៊ាន​អាមេរិក​នៅ​ទីក្រុង Rancho Mirage កាលពី​សប្តាហ៍​មុន​ជាមួយ​សារព័ត៌មាន Channel News Asia លោក អូ​បា​ម៉ា បាន​អះអាងថា លោក​ជឿជាក់​រដ្ឋបាល​ថ្មី​នឹង​បន្ត​នយោបាយ​ការបរទេស​ចំពោះ​អាស៊ាន​ដែលមាន​បន្សល់​ទុកពេល​នេះ​។ នេះ​ក៏​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋបាល​លោក​អស់​ពេល ៧​ឆ្នាំកន្លងមក ហើយ​ទំនាក់ទំនង​អាមេរិក​និង​អាស៊ាន​នោះ​ត្រូវបាន​កសាងឡើង​មាន​មូលដ្ឋាន យ៉ាងរឹងមាំ​និង​ធ្វើ​ឲ្យ​វា​ទៅ​ទម្លាប់​ថែមទៀត​។

 លោក​ថា សហរដ្ឋអាមេរិក បានអនុម័ត​ច្បាប់ បង្កើត​កម្មវិធី​ជាច្រើន​ដែល​ធានា​ពី​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​អាស៊ាន ហើយ​លោក​មាន​ទំនុកចិត្ត​ថា វា​នឹង​បន្ត​រហូត​បន្ទាប់ពី​លោក​ចាក​ចេញទៅ​បាត់​។ លោក​ក៏​រំពឹងថា​នឹង​ឃើញ​ចំណងមិត្តភាព​អាមេរិក​និង​រដ្ឋ​អាស៊ាន​បន្ត​រីកលូតលាស់​ទៅមុខទៀត​ដែរ​។

​ដោយឡែក កាលពី​សប្តាហ៍​មុន​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រៅ​ជំនួប​កំពូល លោក Ben Rhodes ទីប្រឹក្សា​សន្តិសុខ​រង​ក៏​អះអាង​ផងដែរ​ថា កិច្ចប្រជុំ​កម្រិត​ខ្ពស់ ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​អាមេរិក​នេះ​នឹង​បន្ត​មាន​ទៅមុខទៀត ហើយ​រដ្ឋបាល​ថ្មី​នឹង​បន្ត​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាស៊ាន​និង​អាមេរិក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។   
 
​តាមពិតទៅ ទំនាក់ទំនង​អាស៊ាន​និង​អាមេរិក​ស្ថិតនៅក្នុង​កម្រិត​មួយ​ខ្ពស់ជាង​ពេលណាៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​។ កំនើន​វិនិយោគ ពាណិជ្ជកម្ម​ទ្វេភាគី ពហុភាគី ទំនាក់ទំនង​ជាច្រើន​ទៀត​ជាមួយ​បណ្តា​រដ្ឋ​អាស៊ាន​កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ហើយ បើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែលមាន​សមាជិក ១២ ក្នុងចំណោម​នោះ​មាន​សមាជិក​អាស៊ាន ៤ ផង​នោះ​សម្រេច​ជា​ផ្លូវការ​ដោយមាន​ការផ្តល់​សច្ចាប័ន​ពេញលេញ​នោះ ទំនាក់ទំនង​ពាណិជ្ជកម្ម​សេដ្ឋកិច្ច រវាង​អាមេរិក​និង​អាស៊ាន​កាន់តែ​រឹងមាំ​។ បន្ថែម​ពីនេះ​ទៅទៀត កម្មវិធី​គំនិត​ផ្តួចផ្តើម​ភាពជា​អ្នកដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍​និង​គំនិត​ផ្តួចផ្តើម​ថ្មី​ទៀត​ដែល​ទើប​ដាក់ចេញ​មានការ​ផ្សាភ្ជាប់​អាស៊ាន អាមេរិក​ជាដើម​សុទ្ធតែ​ជំរុញ​ការផ្សាភ្ជាប់​រវាង​ប្រជាជន​អាមេរិក​និង​អាស៊ាន​ដែរ​។​

២.​ប្រជាជន​និង​អ្នកនយោបាយ​អាមេរិក​មិន​យល់ស្រប​លោក អូ​បា​ម៉ា ?
​ត្រលប់​មកវិញ ទោះជា​លោក អូ​បា​ម៉ា រំពឹង​ខ្ពស់​ក្តី​ចំពោះ​ការបន្ត​ចាត់ទុក​តំបន់​អាស៊ាន​ជា​តំបន់​អាទិភាព​សម្រាប់​គោលនយោបាយ​ការបរទេស​អាមេរិក ប្រជាជន​និង​អ្នកនយោបាយ​អាមេរិក​ប្រហែលជា​មិន​យល់ស្រប​ជាមួយ​លោក​ឡើយ​។ អាច​ថា ប្រជាជន​អាមេរិក​មិន​ច្រើន​ទេ​ដែល​យកចិត្តទុកដាក់​ពី​ទំនាក់ទំនង​អាមេរិក​ជាមួយ​អាស៊ាន និង​ដឹង​ពី​សារសំខាន់​នៃ​អាស៊ាន​។ 

​ដោយសារតែ​បញ្ហា​នេះហើយ ទើប​លោក អូ​បា​ម៉ា ព្យាយាម​ពន្យល់​និង​ធ្វើ​ឲ្យ​ប្រជាជន​និង​អ្នកនយោបាយ​អាមេរិក តាម​ការរៀបចំ​កិច្ចប្រជុំ​ពិសេស​អាមេរិក​អាស៊ាន មុនពេល​លោក​ចេញពី​តំណែង​។  ថ្វីបើ កិច្ចប្រជុំ​កន្លងមក និយាយ​ទៅ​មាន​លក្ខណៈ​មិន​ផ្លូវការ ហើយ​វា​ក៏​មិន​ពិសេស​ដូច​ឈ្មោះ​ដែរ ប៉ុន្តែ​វា​ជា​ឱកាស​ចុងក្រោយ​ដែល​លោក អូ​បា​ម៉ា ប្រើប្រាស់​ជា​សារ​ផ្ញើ​ទៅកាន់​ប្រជាជន​និង​អ្នកនយោបាយ​អាមេរិក​ឯទៀត​ថា  អាមេរិក​មិនអាច​ងាក​ចេញពី​អាស៊ាន​ឡើយ​។ បើ​និយាយ​ពី​សារសំខាន់​ផ្នែក​សេដ្ឋកិច្ច អាស៊ាន ជាទី​ផ្សារ​ធំ​សម្រាប់​ផលិត​អាមេរិក ព្រោះ​សហគមន៍​អាស៊ាន​មាន​ប្រជាជន​ប្រហែល ៦៦០ លាន​នាក់  ខណៈ​ទំហំ​សេដ្ឋកិច្ច​អាស៊ាន​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ៧ លើ​ពិភពលោក​។

​បញ្ហា​ផ្សេងទៀត សកម្មភាព​គឃ្លើន​រប​ស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​គ្រោះថ្នាក់​សម្រាប់​ប្រយោជន៍​អាមេរិក​។ បើ​អាមេរិក​មិន​ធ្វើ​សកម្មភាព​ទេ ផ្លូវ​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​និង​ពោរពេញ​ដោយ​ប្រយោជន៍​នឹងត្រូវ​កាន់កាប់​ផ្តាច់មុខ​ដោយ​ក្រុង​ប៉េកាំង​មិន​ខាន​។ ចំណែក រឿង​មួយទៀត តំបន់​អាស៊ាន​អាច​រក្សាបាន​សន្តិសុខ និង​ស្ថិរភាព ដែល​វា​ខុសប្លែក​ពី​តំបន់​ផ្សេងទៀត​ដួច​ជា​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​ដែល​កំពុង​ហែកហួរ​គ្នា និង​ធ្លាក់ចុះ​ចូលក្នុង​ភ្លក់​ភ្លើងសង្គ្រាម​ផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com