អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពូ​ទីន និង​អូ​បា​ម៉ា​ឯកភាពគ្នា​លើ​ផែនការ​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅ​ស៊ី​រី​
23, Feb 2016 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
 
​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បានបង្ហាញ​គម្រោង​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​ជា​ផ្លូវ​ការដែល​សម្រេចបាន​ក្រោយ​មានការ​ជជែក និង​ចរចា​គ្នា​ផ្ទាល់​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​។ ភាគី​ទាំងពីរ​ជឿជាក់ថា វា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ឈានទៅ​បញ្ចប់​ការបង្ហូរ​ឈាម​គ្នា​អស់​រាប់​ឆ្នាំ​នៅ​ស៊ី​រី​ផង​។

​រដ្ឋាភិបាល​ស៊ី​រី​បានសម្រេច​បញ្ចេញ​ឯកសារ​លម្អិត​ដែលជា​ផែនការ​អនុវត្ត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី ដែល​ឯកភាពគ្នា​បង្កើតឡើង​ដោយ​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ផ្ទាល់​។ ផែនការ​នេះ​ចេញ​ជា​ផ្លូវការ​ក្រោយពេល​មេដឹកនាំ​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជជែក​ពិភាក្សា​ទ្វេភាគ​តាម​ទូរស័ព្ទ និង​មាន​ការចរចា​គ្នា​ជាសម្ងាត់​អស់​ពេល​យូរ​ដែរ​។ 
 
​បើ​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​សុទិដ្ឋិនិយម​ថា ផែនការ​រៀបចំ​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​ដែល​ឯកភាពគ្នា​បង្កើតឡើង​ដោយ​អាមេរិក​និង​រុស្ស៊ី​នោះ​នឹង​ក្លាយជា​ជំហាន​ដ៏​សំខាន់​ដែល​នាំមក​សន្តិភាព​និង​បញ្ចប់​ការបង្ហូរ​ឈាម​គ្នា​នៅ​ស៊ី​រី​។​
 
​មុនពេល​បញ្ចេញ​ឯកសារ​ផ្លូវការ​នេះ លោក ពូ​ទីន និង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចំណាយ​ពេលវេលា​យូរ​ល្មម​ដែរ​ដើម្បី​ជជែក​គ្នា​តាម​ទូរស័ព្ទ​ពី​បញ្ហា​ស៊ី​រី​នេះ​។ ហើយ​លោក ពូ​ទីន បាន​សង្កត់ធ្ងន់ថា​៖« កិច្ចព្រមព្រៀង​រវាង​អាមេរិក​និង​រុស្ស៊ី​ស្តី​ពីបទ​ឈប់​បាញ់​នៅ​ស៊ី​រី និង​ការ​សហការគ្នាជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​សមាជិក​ក្រុមគាំទ្រ​ស៊ី​រី​អន្តរជាតិ អាចជា​គោលនយោបាយ​ប្រកបដោយ​ទំនួល​ខុសត្រូវ ដោយ​ពឹង​លើ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​អង្គការសហប្រជាជាតិ​ផង​»​។​
 
​ក្រៅពីនេះ លោក ពូ​ទីន បានបង្ហាញ​ការប្តេជ្ញាចិត្ត​ដោយ​ធ្វើ​គ្រប់យ៉ាង​ក្នុងនាម​ជា​ភាគី​មួយ​ដែល​លូកដៃ​ក្នុង​ជម្លោះ​ស៊ី​រី ដើម្បី​ជំរុញ​ឲ្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ស៊ី​រី​នេះ​ជោគជ័យ​។ តែ​លោក​ក៏​រំពឹង​ផងដែរ​ថា សហរដ្ឋអាមេរិក​នឹង​ដាស់តឿន​ឲ្យ​បណ្តា​ក្រុម​ឧទ្ទាម​គោរព​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដែរ​។​
 
​គេ​រំពឹងថា ការឯកភាព​គ្នា​រវាង​រុស្ស៊ី និង​អាមេរិក​ដើម្បី​គាំទ្រ​បទ​ឈប់​បាញ់​នៅ​ស៊ី​រីនឹង​ក្លាយជា​ចំណាត់ការ​សំខាន់​ដើម្បី​ជួយ​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ បង្កើន​សមត្ថភាព​ប្រឆាំង​ភេរវកម្ម និង​អាច​ធានា​ឲ្យ​បាន​នូវ​អន្តរកាល​នយោបាយ​នៅ​ស៊ី​រី​ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​មាន​ការកសាង​សន្តិភាព​នៅ​ស៊ី​រី​។ ហើយ​បទ​ឈប់​បាញ់​នេះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​សៅរ៍​ទី​២៧ ខែកុម្ភៈ​ខាងមុខនេះ​។​
​សូមបញ្ជាក់ថា ដោយសារ​ជម្លោះ​ស៊ី​រី សហរដ្ឋអាមេរិក​និង​រុស្ស៊ី​កាន់តែ​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​កន្លងមក ហើយ​អាមេរិក​បាន​ចោទ​រុស្ស៊ី​ថា​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ដោយ​បន្ត​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​ឧទ្ទាម​នៅ​ស៊ី​រី​និង​ជន​ស៊ីវិល​ស្លូតត្រង់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com