អន្តរជាតិ
បុរស​តួ​ក​គី​ម្នាក់​ប្តឹង​ភរិយា​ខ្លួន​ពីបទ​ជេរប្រមាថ​ប្រធានាធិបតី លោក Erdogan
24, Feb 2016 , 11:05 am        
រូបភាព
លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan
លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan
ដោយ: ធីតា
 
​បុរស​តួ​ក​គី​ម្នាក់​ដែលមាន​មុខរបរ​ជា​អ្នករត់​តាក់ស៊ី បានសម្រេច​ប្តឹង​ប្រពន្ធ​របស់ខ្លួន​ជា​ផ្លូវការ​ពីបទ​ជេរ និង​និយាយ​អាក្រក់​ពី​លោក​ប្រ​ធានា​ធិបតេយ្យ Recep Tayyip Erdogan​។ នេះ​បើតាម​ការរាយការណ៍រ​បស់​កាសែត Yeni Safak ដែលមាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​។​
 
​លោក Ali D. អាយុ​៤០​ឆ្នាំ បាន​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ G.D [​ឈ្មោះ​កាត់​] អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។ គាត់​មិន​ដែលមាន​អារម្មណ៍​ស្ងប់ចិត្ត​ឡើយ​នៅ​ពេលលឺ​ភរិយា​រិៈ​គន់​លោក​ប្រធានាធិបតី Recep Tayyip Erdogan ខណៈ​គាត់​ឃើញ​ព័ត៌មាន​នៅតាម​ទូរទស្សន៍​។​
 
​លោក Ali D. បាន​ថត​សំឡេង​ភរិយា​របស់ខ្លួន ដើម្បី​ធ្វើជា​ភស្តុតាង​នៃ​ពាក្យបណ្តឹង​ទៅកាន់​តុលាការខេត្ត Izmir​។ លោក​បាន​ពន្យល់​ប្រាប់​កាសែត Yeni Safak ថា​៖ «​ខ្ញុំ​តែងតែ​ព្យាយាម​ណែនាំ​គាត់ [​ភរិយា​] ពីព្រោះ​លោក​ប្រធានាធិបតី​ជាម​នុស្ស​ល្អ និង​ជា​អ្នក​ដែល​នាំ​ឲ្យ​តួ​ក​គី​រីកចម្រើន​»​។​
 
​លោក​បាន​បន្ថែមថា​៖ «​ទោះបីជា​ឪពុក​ខ្ញុំ​ក៏ដោយ បើសិន​គាត់​ហ៊ាន​ជេរប្រមាថ​លោក​ប្រធានាធិបតី ខ្ញុំ​ក៏​មិន​លើកលែង​ដែរ ខ្ញុំ​នឹងដាក់​ពាក្យ​ប្តឹង​ដូចគ្នា​»​។​
 
​ជាមួយគ្នានេះ ភរិយា​របស់​បុរស​បើកបរ​តាក់ស៊ី ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ផងដែរ ប៉ុន្តែ​ជា​ពាក្យបណ្តឹង​សុំ​លែងលះ​៕
 

Tag:
 ប្លែក​
  តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com