អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា​តស៊ូ​បិទ​មន្ទីរឃុំឃាំង Guantanamo ឲ្យ​បាន​មុន​ចេញពី​តំណែង
24, Feb 2016 , 2:44 pm        
រូបភាព
 
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ដាក់សំណើរ​ទៅកាន់​សភា​ដើម្បី​បិទ​មន្ទីរឃុំឃាំង​អាមេរិក Guantanamo នៅ​គុយបា​នៅ​ថ្ងៃ​អង្គារ​ទី ២៣ កុម្ភៈ​ម្សិលមិញ​នេះ​។ ការបិទ​មន្ទីរឃុំឃាំង​នេះ​ជា​អ្វីដែល​លោក​អូ​បា​ម៉ា ចង់​សម្រេច​ឲ្យ​បាន​មុន​ចេញពី​តំណែង តែ​ក្រុម​សមាជិក​បក្ស​សាធារណរដ្ឋ​ប្រឆាំង​គម្រោង​នេះ​ព្រោះ​គេ​យល់ថា​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​អាមេរិក​។


​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានដាក់​គម្រោង​សុំ​បិទ​មន្ទីរឃុំឃាំង  Guantanamo នៅ​គុយបា ទៅកាន់​សភា​ជា​ផ្លូវការ ដោយ​លោក​សង្ឃឹមថា ការបិទ​មន្ទីរឃុំឃាំង​សម្រាប់​ភេរវជន​នេះ​នឹង​ក្លាយជា​មរតក​នយោបាយ​សំខាន់​មួយ​ផងដែរ​។ លោក​បាន​បញ្ជាក់ថា លោក​មិន​ចង់​ឲ្យប្រធានាធិបតី​ក្រោយ​បន្ត​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នេះ​ទៀត​ទេ​។ 
 
​លោក​ថា «​អស់​ជាច្រើន​ឆ្នាំ​មកហើយ យើង​ឃើញច្បាស់​ថា មន្ទី​ឃុំឃាំង Guantanamo មិនបាន​ជួយ​ដល់​សន្តិសុខ​ជាតិ​អាមេរិក​ឡើយ​។ វា​មានតែ​ធ្វើ​ឲ្យ​សន្តិសុខ​ធ្លាក់ចុះ​វិញ​»​។​
 
​គុក Guantanamo នៅ​គុយបា​ជា​មន្ទីរឃុំឃាំង​មួយ​ក្នុងចំណោម​មន្ទីរឃុំឃាំង​ផ្សេងទៀត​របស់​អាមេរិក​នៅ​ក្រៅប្រទេស ហើយ​រាល់​ឧក្រិដ្ឋជន​កម្រិតធ្ងន់​ឬ​ភេរវជន​ដែល​ចាប់បាន​ត្រូវ​ឃុំខ្លួន​និង​ធ្វើ​ទារុណកម្ម​នៅ​ទីនោះ​។  បើសិនជា​គុក​នេះ​ត្រូវ​បិទ​មែន ជន​ដែល​កំពុង​ជាប់ឃុំ​ឃាំង​នៅសល់​ចំនួន ៩១​នាក់​នោះ​នឹងត្រូវ​បញ្ជូនមក​ឃុំឃាំង​នៅ​សហរដ្ឋអាមេរិក​វិញ​។  គុក​នេះ​ត្រូវបាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០០២ ក្រោយ​ការវាយប្រហារ​នៅ​អាគារ​ពាណិជ្ជកម្ម ថ្ងៃ ១១ កញ្ញា​ឆ្នាំ ២០០១ ហើយ​ការប្រើប្រាស់​ទឹកដី​គុយ​បាន​នេះ​ធ្វើឡើង​តាម​កិច្ចព្រមព្រៀង​ដែល​ចុះ​តាំងពី​ឆ្នាំ ១៩០៣​ម្ល៉េះ​។ 
 
​បើតាម​ការវាយតម្លៃ​ជាក់ស្តែង ការផ្ទេរ​អ្នកទោស​ទាំងអស់​នៅសល់​ទៅកាន់​សហរដ្ឋអាមេរិក ត្រូវ​ចំណាយលុយ​ចន្លោះ​ពី ២៩០ ទៅ ៤៧៥​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ តែបើ​សិន​បន្ត​ទុក​មន្ទីរឃុំឃាំង​នេះ អាមេរិក​ត្រូវ​ចំណាយលុយ​ប្រហែល​៤ ៥៥​លាន​ដុល្លារ​រៀងរាល់ឆ្នាំ​សម្រាប់​ដំណើរការ​។ 
 
​និយាយ​ទៅ លោក អូ​បា​ម៉ា បាន​ចំណាយពេល​ជិត ៨​ឆ្នាំ​ហើយ​ដើម្បី​តស៊ូ​មតិ​ដើម្បី​ឈានទៅ​បិទ​មន្ទីរឃុំឃាំង​នេះ ប៉ុន្តែ​លោក​នៅតែ​ប្រឈម​ឧបសគ្គ​ច្រើន​។ ពេលនេះ គ្រាន់តែ​លោក អូ​បា​ម៉ា ដាក់សំណើរ​ទៅ​សភា​ភ្លាម សមាជិក​បក្ស​សាធារណរដ្ឋ​ដែល​កំពុង​កាន់កាប់​អាសនៈ​ភាគច្រើន​នៅក្នុង​សភា​នាំគ្នា​ប្រឆាំង​រួចទៅហើយ​។​
 
​ប្រធានសភា​លោក Paul Ryan បាន​ទាត់ចោល​សំណើរ​របស់លោក អូ​បា​ម៉ា រួចទៅហើយ ដោយ​លោក​សង្កត់ធ្ងន់ថា លោក អូ​បា​ម៉ា បរាជ័យ​ក្នុងការ​ពន្យល់​ប្រជាជន​អាមេរិក​ថា ការផ្ទេរ​ភេរវជន​ពី Guantanamo មកកាន់​សហរដ្ឋអាមេរិក​ពិតជា​ជម្រើស​វ័យឆ្លាត​និង​មាន​សុវត្ថិភាព​។ 
 
​ចំណែក​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក Maco Rubio មិន​ត្រឹមតែ​ជំទាស់​រឿង​បិទ​គុក​ប៉ុណ្ណោះ​ទេ តែ​លោក​បញ្ជាក់​ជាមុន​ថា បើសិន​លោក​ជាប់ឆ្នោត​ជា​ប្រ​ធានា​ធិ​តី លោក​នឹង​បន្ត​បញ្ជូន​ភេរវជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ទៅ​ឃុំឃាំង​នៅ Guantanamo ឲ្យ​កាន់តែច្រើន​ជា​ពេលនេះ​ទៅទៀត​៕ 
 
 
 

Tag:
 Guantanamo
© រក្សាសិទ្ធិដោយ thmeythmey.com