អន្តរជាតិ
សមុទ្រ​ចិន​ខាងត្បូង​៖ ចិន​អន់​ចិត្តនឹង​សារព័ត៌មាន​តែងតែ​មើល​ចិន​ខុស
24, Feb 2016 , 3:58 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី
ដោយ:
រយៈពេល​ចុងក្រោយ​នេះ មាន​របាយការណ៍​ជា​បន្តបន្ទាប់​ដែល​ភាគច្រើន​ទទួលស្គាល់​ដោយ​មន្ត្រី​យោធា ជាន់ខ្ពស់​អាមេរិក បានបង្ហាញ​ថា​ចិន បាន​បំពាក់​សម្ភារ​យោធា​ដែល​មើលឃើញថា​ជាការ​ធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ យ៉ាងណាក៏ដោយ ប្រមុខ​ការទូត​ចិន បានបញ្ជាក់​សមុទ្រ​ចិន​ខាងត្បូង​ជា កម្ម​សិទ្ធ​របស់​ចិន​តាំងពី​បុរាណកាល​មកម្ល៉េះ ហើយ​សកម្មភាព​ចិន គឺជា​ការអនុវត្ត​សិទ្ធិ​ខ្លួន​តែប៉ុណ្ណោះ​។


​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​បញ្ជាក់ថា សមុទ្រ​ចិន​ខាងត្បូង​គឺ​ស្ថិតនៅក្នុង​ដែន​អធិប​តេ យ្យ​របស់​ចិន​តាំងពី​សម័យបុរាណ​មកម្ល៉េះ ហើយ ចិន​មាន​សិទ្ធិ​ក្នុង​ការធ្វើសកម្មភាព​ក្នុង​បូរណភាព​ដែនដី​ដោយ​ស្របច្បាប់​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​។ ការអះអាង​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ សារព័ត៌មាន​រួមគ្នា​រវាង​លោក​វ៉ាង​យី និង​សម​ភាគី​របស់លោក លោក​ច​ន ឃេ​រី​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ម្សិលមិញ​ក្នុង​ក្រុង​វ៉ា​ស៊ិន​តោន​។​

​ក្នុងឱកាស​ដដែល ប្រមុខ​ការទូត​ចិន​រូបនោះ បាន​ប្តេជ្ញា​ដោះស្រាយ​ជម្លោះ​តាមរយៈ​ការសន្ទនា និង​ចរចា​ដោយ​សន្តិវិធី​។ លោក ក៏បាន​បន្ថែមទៀតថា​ប​ញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា ហើយក៏​មិនគួរ ជា​បញ្ហា​រវាង​ចិន និង​អាមេរិក​នោះទេ​។

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បានអូសបន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​ក៏​ព្រោះតែ​ភាពចម្រូងចម្រាស​នៃ​ការទាមទារ​ពោលគឺ ចិន​ទាមទារ​ស្ទើរតែ​តំបន់​ទាំងអស់​នៃ​តំបន់​ជម្លោះ​ដោយយោង​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន​ទាមទារ​ដោយ​យោងតាម​កត្តា​ច្បាប់​។ ចុងក្រោយ​នេះ  គេ​កំពុងតែ​ផ្តោត​សំខាន់​លើ​សកម្មភាព​របស់​ចិន​ក្នុងការ​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល និង​សព្វាវុធ​ផ្សេង​ក្នុង​តំបន់ ជម្លោះ​។ ហើយ​ចុង​ក្រោយនេះ ក្រុម​អ្នកស្រាវជ្រាវ បាន​អះអាងថា​ចិន​ក៏​នឹង​គ្រោង​បំពាក់​រ៉ា​ដា​ទៀត​ផងដែរ​។ សកម្មភាព​ទាំងនេះ ត្រូវ​ចាត់ទុកជា​ការធ្វើ​យោ​ធូប​នីយកម្ម​។​

​យ៉ាងណាក៏ដោយ លោក វ៉ាង យី បានស្នើ​ឲ្យ​អ្នកសារព័ត៌មាន​មិនគួរ​តែ​មើល​ឃើញតែ​សកម្មភាព​របស់​ចិន​តែប៉ុណ្ណោះ​នោះទេ តែ​អ្វីដែល​សំខាន់​នោះ​គឺជា​រៀងរាល់ថ្ងៃ មាន​អាវុធ​គ្រប់​ប្រភេទ​បាន​លេចចេញ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​រួមមាន​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់​ផងដែរ​នោះ​។ លោក វ៉ាង ក៏បាន​លើកឡើង​ពី​ប្រវត្តិសាស្ត្រ​ចិន​ក្នុង​រយៈពេល​ទសវត្សរ៍​ចុងក្រោយ ដែល​ចិន​ត្រូវបាន​ប្រទេស​ខាងក្រៅ​គ្រប់គ្រង​ដោយ​ខុសច្បាប់ ហើយ​សកម្មភាព​បច្ចុប្បន្ន​របស់​ចិន គឺជា​ការការពារ​អធិបតេយ្យ​ខ្លួន​តែប៉ុណ្ណោះ​។

​បើ​និយាយ​ពី​វត្តមាន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​វិញ ក្រៅពី​ចិន គ្មាន​រដ្ឋ​ក្រៅពី​អាមេរិក​នោះទេ​ដែលមាន សកម្មភាព​ទាក់ទង​នឹង​យោធា​ច្រើន​នោះ​។ គិត​ចាប់ពី​ឆ្នា​២០១៥​មក អាមេរិក បាន​ប្រតិបត្តិការ​ទាំង​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រតិបត្តិការ​ទាំងនោះ អាមេរិក​អះអាងថា​ដើម្បី​អនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​ដែនអាកាស៕


Tag:
 ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com