អន្តរជាតិ
លោក វ៉ាង យី​៖ បើទោះជា​រដ្ឋ​អាស៊ាន​ខ្លះ​បាន​រំលោភ​DOC ចិន​សន្យា​បន្ត​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន
24, Feb 2016 , 8:59 pm        
រូបភាព
ដោយ:
​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បានចាប់ផ្តើម​រយៈពេល​ប្រមាណ​៤​ទស្សវត្សរ៍​មកហើយ​។ ក៏ប៉ុន្តែ​ដំណោះស្រាយ ឬ​លិ​ខិ​តូ​បក​រណ៍​ដែល​ត្រូវបាន​ធ្វើឡើង​រវាង​ភាគី​ពាក់ព័ន្ធ និង​អាស៊ាន មិនសូវមាន​ច្រើន​ប៉ុន្មាន​នោះទេ ។ សេចក្តីថ្លែងការណ៍​នៃ​ក្រម​ប្រតិបត្តិ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាងត្បូង ដែល​ហៅថា DOC ត្រូវបាន​គេ មើលឃើញថា​ឯកសារ​ផ្នែក​ច្បាប់​ដ៏​សំខាន់​ជាងគេ ។ តែមាន​ការចោទប្រកាន់​គ្នា​រវាង​រដ្ឋ​ភាគី ថា​មិនបាន​គោរព​តាម​លិ​ខិ​តូ​បក​រណ៍​នេះ​នោះទេ​។​


​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន​បានបញ្ជាក់​ជាថ្មី​ថា ចិន នឹង​បន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ជាមួយនឹង​រដ្ឋ​អាស៊ាន ហើយ ចិន និង​អាស៊ាន មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ជាមួយនឹង​គ្នា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​នៅក្នុង​តំបន់​។ ការអះអាង​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​សន្និសីទ​ព័ត៌មាន​ជាមួយនឹង​សម​ភាគី​របស់លោក លោក ច​ន ឃេ​រី​ក្នុង​ក្រុង​វ៉ា​ស៊ិន​តោន​ថ្ងៃទី​២៣ ខែកុម្ភៈ ។

​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែល​សួរថា​តើ ចិន គាំទ្រ​ចំពោះ​ការព្រមព្រៀង​គ្នា​ដើម្បី សម្រេចបាន​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ឬ COC  លោក វ៉ាង មិនបាន​បញ្ជាក់​ពី​គោលជំហរ ច្បាស់លាស់​របស់​ចិន ថា​តើ​ចិន​ចង់​ឲ្យ​ក្រម​ប្រតិបត្តិ​នោះ​សម្រេច​ពេលណា​នោះទេ​។ លោក គ្រាន់តែ​បញ្ជាក់ថា COC គឺ​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការចរចា​។​

​យ៉ាងណាក៏ដោយ​លោក វ៉ាង បាន​បញ្ជាក់ថា ចិន និង​អាស៊ាន បាននិងកំពុង​អនុវត្ត​នូវ DOC ដែលជា​លិខិតគតិយុត្ត​មួយផ្នែក​ច្បាប់​ដែលមាន​លក្ខណៈ​ចាប់បង្ខំ ហើយ ចិន ក៏បាន​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​ផងដែរ​។ ជាមួយគ្នា​នោះ លោក វ៉ាង បាន​សម្តែង​ការខកចិត្ត​ចំពោះ​ហ្វីលីពីន​ដែល​មិន​គោរព​ចំពោះ DOC ជាពិសេស​នោះ គឺ​ប្រការ​៤ ដែល​ហ្វីលីពីន បាន​បោះបង់​កិច្ចសន្ទនា និង​ការចរចា​ជាមួយនឹង​ភាគី​ជម្លោះ​ដោយផ្ទាល់ ។ បច្ចុប្បន្ន ហ្វីលីពីន បាន​ប្តឹង​ចិន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់​ដោយ​ចោទថា​ចិន​បាន​បំពាន​ដែន​អធិបតេយ្យ​ខ្លួន​ដែលជា​ផ្នែក​នៃ​សមុទ្រ​ចិន​ខាងត្បូង​។

​កន្លងមក ហ្វីលីពីន និង​វៀតណាម ក៏បាន​ចោទ​ចិន​ដូចគ្នា​ដែរ​ថា​បាន​បំពាន​សេចក្តីថ្លែងការណ៍​នោះដែរ ពោលគឺ ចិន​បាន​បន្តសកម្មភាព​ជា​ឯកតោភាគី​ក្នុង​តំបន់​ជម្លោះ​ដោយបាន​សាងសង់​កោះ​សិប្បនិម្មិត ជាដើម​។

​សូមបញ្ជាក់​ផងដែរ សេចក្តីថ្លែងការណ៍​ក្រម​ប្រតិបត្តិ​នៃ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាងត្បូង​ដែល​ហៅថា DOC បានអនុម័ត​ដោយ​រដ្ឋ​អាស៊ាន​ទាំង​ដប់​ជាមួយនឹង​ចិន​ក្នុង​ឆ្នាំ​២០០២ ក្នុងឱកាស​នៃ​កម្ពុជា ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​មើលឃើញថា​ជា​លិខិតគតិយុត្ត​តែមួយគត់​ដែល​អាស៊ាន បានធ្វើ​ឡើង​ដែល​បាន​បញ្ញត្តិ​នូវ​គោលការណ៍​ជាច្រើន​ដើម្បី​ជា​យន្តការ ក្នុងការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។

​ដោយឡែក សម្រាប់​ការសម្រេច​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ឬ COC គឺជា​រឿង​ដែល​ពិបាក​នឹង ធ្វើ ដ្បិត​ក្រម​ប្រតិបត្តិ​នេះ ទាមទារ​ឲ្យ​មានការ​ឯកភាព​ជា​ឯក​ច្ឆ័​ន​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​។ តែ​ដូច​បានដឹង​ស្រាប់​ចិន តែងតែ​លើក​ចរចា​ជា​បន្តបន្ទាប់ ពោលគឺ​ចិន ហាក់ដូចជា​មិនសូវមាន​ឆន្ទៈ​ប៉ុន្មាន​នោះទេ ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ​នេះ ដ្បិត វា​នឹង​រឹតត្បិត​សកម្មភាព​ច្រើន​ក្នុង​តំបន់​ជម្លោះ​ជាពិសេស ចិន អាច​នឹង​ខាតបង់​ផលប្រយោជន៍​ផងដែរ​៕ 


Tag:
 សមុទ្រ​ចិន​ខាងត្បូង​
  ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com