មានហេតុផលច្រើនណាស់ដែលមនុស្សយើងមិនព្រមញ៉ាំអាហារពេលព្រឹក។ អ្នកខ្លះជឿថា ការញ៉ាំអាហារពេលព្រឹកនឹងបន្ថែមកាឡូរីកាន់តែច្រើនដល់រាងកាយនៅពេលព្រឹក ដែលជាហេតុនាំឱ្យឡើងទម្ងន់ ចំណែកខ្លះទៀតខ្ជិលតែម្តង។ ខាងក្រោមនេះគឺជាផលវិបាក ក៏ដូចផលអវិជ្ជមានមួយចំនួនបើសិនជាអ្នកមិនព្រមញ៉ាំអាហារពេលព្រឹក។
ប៉ះពាល់ដល់សុខភាពបេះដូង
បុរសដែលមិនញ៉ាំអាហារពេលព្រឹកទៀងទាត់នឹងប្រឈមជំងឺគាំងបេះដូងរហូតដល់ ២៧ភាគយ ដែលច្រើនជាងបុរដែលញ៉ាំអាហារពេលព្រឹករាល់ថ្ងៃទៅទៀត។ ការញ៉ាំអាហារពេលព្រឹកមិនមែនមានន័យថា អ្នកនឹងកើតជំងឺគាំងបេះដូងឡើយ។ យកល្អគួរតែធ្វើយ៉ាងណាបង្ការវាឱ្យបានទៅតាមរយៈការញ៉ាំអាហារពេលព្រឹក។
ប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២
ស្ត្រីដែលមិនញ៉ាំអាហារពេលព្រឹកនឹងប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ច្រើនជាងស្ត្រីដែលញ៉ាំរហូតទៅដល់ ៥៤ភាគរយឯណោះ។ ការញ៉ាំអាហារពេលព្រឹកនឹងជួយពង្រឹងដល់ការរំលាយអាហារ និងជួយឱ្យជាតិស្ករបំលែងទៅជាថាមពលបានល្អ។ បើសិនជាមិនញ៉ាំ ការរំលាយអាហារនឹងយឺត និងបន្ថយពេលវេលាបំលែងថាមពល។
ឡើងទម្ងន់
យោងទៅតាមការសិក្សាថ្មីបានឱ្យដឹងថា ការតមអាហារពេលព្រឹកនឹងធ្វើឱ្យឡើងទម្ងន់ទោះបីជាហាត់ប្រាណបានទៀងទាត់ និងញ៉ាំអាហារមានតុល្យភាពក៏ដោយ។ ការតមអាហារពេលព្រឹកនឹងបន្ថយល្បឿននៃការរំលាយអាហារ ឃ្លានអាហារមានជាតិខ្លាញ់ និងផ្អែមកាន់តែច្រើន និងអស់កម្លាំង។ ដូច្នេះអញនកនឹងឃ្លានញ៉ាំរបស់មិនគិតកាន់តែខ្លាំងដែលជាហេតុនាំឱ្យឡើងទម្ងន់។
មានផលអវិជ្ជមានដល់អារម្មណ៍ និងថាមពល
តាមលទ្ធផលនៃការសិក្សាកាលពីឆ្នាំ ១៩៩៩បានឱ្យដឹងថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹកឃើញថាមានការថយចុះជំនាញនៃការចងចាំ និងអស់កម្លាំងខ្លាំង។ ប៉ុន្តែអ្នកដែលញ៉ាំអាហារពេលព្រឹក ហើយញ៉ាំកាហ្វេទៀតនោះគឺគ្មានការប្រែប្រួលអ្វីទៅលើការចងចាំ និងថាមពលរបស់ពួកគេឡើយ។
ប្រឈមនឹងមហារីក
ការតមអាហារពេលព្រឹកនឹងបណ្តាលឱ្យឃ្លានអាហារមានកាឡូរីខ្ពស់ អាហារផ្អែម និងខ្លាញ់ ដែលជាហេតុនាំឱ្យធាត់ជ្រុល។ ការធាត់ជ្រុល និងឡើងទម្ងន់ខ្លាំងបែបនេះនឹងប្រឈមកាន់តែខ្លាំងនឹងមហារីក៕
ត្រួតពិនិត្យដោយ www.health.com.kh