អន្តរជាតិ
មហាយក្សចិនចាប់ផ្តើមសង់មូលដ្ឋានយោធាដំបូងបំផុតនៅជីប៊ូទី 29, Feb 2016 , 8:19 pm

×![]()
ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ចិនចាប់ផ្តើមដំណើរការសាងសង់មូលដ្ឋានយោធារបស់ខ្លួននៅបរទេសដំបូងបំផុតដែលស្ថិតនៅប្រទេសជីប៊ូទីហើយ។ មូលដ្ឋានទ័ពជើងទឹកនេះនឹងជួយឲ្យចិនពង្រឹងឥទ្ធិពលរបស់ខ្លួននិងដោះស្រាយបញ្ហាប្រឈមសន្តិសុខជាពិសេសការពារសុវត្ថិភាពចរាចរណ៍នៃនាវាចិនដែលដឹកនាំទំនិញពីការគំរាមកំហែងរបស់ចោរសមុទ្រ។
សូមស្ដាប់ព័ត៌មានលម្អិតដោយ មុំ ពិទូរ្យ៖
គម្រោងសាងសង់មូលដ្ឋានទ័ពជើងទឹកចិនទីមួយនៅរដ្ឋអាហ្វ្រិកជីប៊ូទី បានចាប់ផ្តើមឡើងជាផ្លូវការហើយ។ បើតាមការលើកឡើងរបស់ក្រសួងការពារជាតិចិន មូលដ្ឋានយោធានេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កងទ័ពរំដោះប្រជាជនចិនក្នុងការដោះស្រាយបញ្ហាសន្តិសុខ និងប្រឆាំងក្រុមចោរសមុទ្រ។
យោងតាមសារព័ត៌មាន South China Morning Post មូលដ្ឋានយោធានេះមានទីតាំងស្ថិតនៅប្រទេសជីប៊ូទី ស្ថិតនៅចំណុចជួបគ្នានៃសមុទ្រក្រហម និងឈូងសមុទ្រ Aden ហើយវានៅមិនឆ្ងាយពីផ្លូវទឹកដែលមមាញឹកបំផុតសម្រាប់ចរាចរណ៍ពាណិជ្ជកម្មផងដែរ។ តាំងពីយូរមកហើយកងទ័ពចិនធ្វើសកម្មភាពប្រឆាំងក្រុមចោរសមុទ្រជាញឹកញាប់នៅក្បែរតំបន់ខាងលើដើម្បីការពារនាវាទំនិញរបស់ខ្លួន។
ដូច្នេះហើយពេលដែលមូលដ្ឋានទ័ពនេះសាងសង់រួចរាល់ចប់សព្វគ្រប់ កងទ័ពជើងទឹកចិននឹងឈរជើងនៅទីនោះ ហើយនាវាចម្បាំងចិននឹងអាចចូលសំចត និងជួសជុលជាដើម ហើយចិនប្រើប្រាស់មូលដ្ឋានយោធានេះដើម្បីផ្គត់ផ្គង់ភ័ស្តភារដល់កងទ័ពរបស់ខ្លួននៅក្រៅប្រទេសផងដែរ។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិលោក Wu Qian បានអះអាងថាមូលដ្ឋានទ័ពនៅជីប៊ូទី នឹងជួយដល់កងទ័ពចិនក្នុងប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ ប្រតិបត្តិការសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយ និងប្រឆាំងក្រុមចោរសមុទ្រ។
អ្នកជំនាញជាច្រើនបានវាយតម្លៃថា មូលដ្ឋានទ័ពទីមួយរបស់ចិននឹងជួយច្រើនដល់គោលនយោបាយនិងយុទ្ធសាស្ត្រសេដ្ឋកិច្ច និងរក្សាសន្តិសុខតំបន់។ អាចថា វានឹងដើរតួនាទីសំខាន់ដើម្បីគាំទ្រដល់នយោបាយ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ដែលផ្សាភ្ជាប់ពីទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ពីអាស៊ីដល់អាហ្វ្រិក និងដល់អឺរ៉ុបផងដែរនោះ។ ហើយវាសម្រួលដល់ចិនក្នុងការឆ្លើយតបក្នុងករណីបន្ទាន់បង្ខំណាមួយដែលកើតឡើងផងដែរ។
យ៉ាងណាក៏ដោយ មូលដ្ឋានយោធាចិននឹងមិនក្លាយជាទីតាំងដែលចិនដំឡើងអាវុធយុទ្ធសាស្ត្រមានយន្តហោះចម្បាំង នាវាចម្បាំងនិងកងទ័ពរាប់ម៉ឺននាក់សម្រាប់ត្រៀមប្រយុទ្ធនិងស្វ័យការពារខ្លួនដូចមូលដ្ឋានយោធាអាមេរិកនៅកោះអូគីណាវ៉ារបស់ជប៉ុនឡើយ។
សូមរំលឹកថា ចិនទទួលបានសិទ្ធិប្រើប្រាស់ទឹកដីរដ្ឋអាហ្វ្រិកនេះជាមូលដ្ឋានទ័ពជើងទឹកដំបូងរបស់ខ្លួន ក្នុងពេលដែលលោក ស៊ី ជិនពីងទៅទស្សនកិច្ចនៅអាហ្វ្រិកកាលពីចុងឆ្នាំមុន។ ហើយចិននឹងចំណាយលុយជាង ៥០០ពាន់លានដុល្លារសម្រាប់កសាងមូលដ្ឋានយោធានេះ៕
Tag:
ចិន
ជីប៊ូទី
មូលដ្ឋានយោធា
© រក្សាសិទ្ធិដោយ thmeythmey.com