អន្តរជាតិ
មហាយក្សឥណ្ឌានិងអាមេរិកនឹងឈានទៅបង្កើតសម្ព័ន្ធភាពយោធា? 29, Feb 2016 , 8:59 pm

×![]()
អាមេរិកថា ឥណ្ឌានិងអាមេរិកជិតសម្រេចបានកិច្ចព្រមព្រៀងផ្គត់ផ្គង់គាំទ្រភ័ស្តុភាយោធា ក្រោយចំណាយពេលចរចាគ្នាប្រហែល១២ឆ្នាំមកហើយនោះ។ ក្នុងពេលចរចានេះ អាមេរិកនិងឥណ្ឌាក៏ពិភាក្សាគ្នាពីគម្រោងសង់នាវាដឹកយន្តហោះចម្បាំងសម្រាប់ឥណ្ឌានៅពេលខាងមុខដែរ ដែលនាវាដឹកយន្តហោះនេះនឹងជួយឲ្យមហាអំណាចឥណ្ឌាមានលទ្ធភាពកសាងកម្លាំងទ័ពជើងទឹករបស់ខ្លួននិងស័ក្តិសមជាមហាអំណាចតំបន់។ ក្រៅពីស្និទ្ធស្នាលជាមួយអាមេរិក ឥណ្ឌាក៏ចាប់ផ្តើមកសាងទំនាក់ទំនងយោធាជាមួយជប៉ុននិងវៀតណាមថែមទៀត។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖
រយៈពេលប៉ុន្មានឆ្នាំនេះ មហាអំណាចអាមេរិក និងមហាយក្សអាស៊ីខាងត្បូងឥណ្ឌាព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។ បច្ចុប្បន្ននេះរដ្ឋាភិបាលទាំងពីរកំពុងបន្តពិភាក្សាគ្នាលើការបង្កើតកិច្ចសហប្រតិបត្តិការយោធាច្រើនកម្រិត ហើយក្នុងនោះមានទាំងចរចាគ្នាបង្កើតកិច្ចព្រមព្រៀងគាំទ្រភ័ស្តុភារយោធាផង (Support Logistic Agreement) ។
១. ឥណ្ឌា និងអាមេរិកឈានទៅបង្កើតសម្ព័ន្ធភាពយោធា?
យោងតាមការលើកឡើងរបស់មេបញ្ជាការទ័ពជើងទឹកអាមេរិកប្រចាំទីបញ្ជាការយោធាប៉ាស៊ីហ្វិកឧត្តមនាវី Harry Harris ក្នុងពេលបំភ្លឺចំពោះមុខគណកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃ ២៣ កុម្ភៈសប្តាហ៍មុន ឥណ្ឌានិងអាមេរិកកំពុងធ្វើការរួមគ្នាលើការបង្កើតកិច្ចព្រមព្រៀងយោធាមួយចំនួន។ក្នុងនោះមាន កិច្ចព្រមព្រៀងគាំទ្រភ័ស្តុភាយោធា (SLA) កិច្ចព្រមព្រៀងទំនាក់ទំនងនិងសន្តិសុខសម្រាប់ប្រតិបត្តិការរួមគ្នា (CISMOA) និងចុងក្រោយកិច្ចព្រមព្រៀងសហប្រតិបតិ្តការនិងបម្លាស់ប្តូរជាមូលដ្ឋាន (BECA) ។ បច្ចុប្បន្ននេះភាគីទាំងពីរនៅបន្តការចរចាគ្នានៅឡើយ តែមន្ត្រីយោធាអាមេរិកជាន់ខ្ពស់ខាងលើមានសុទិដ្ឋិនិយមថា ឥណ្ឌានិងអាមេរិកនឹងឈានទៅសម្រេចឯកភាពគ្នាលើកិច្ចព្រមព្រៀងទាំងនេះឆាប់ៗខាងមុខ។
កិច្ចព្រមព្រៀងទាំងអស់នេះនឹងជួយឲ្យកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីអាមេរិកនិងឥណ្ឌាកាន់តែប្រសើរ ព្រោះវាលើកកម្ពស់ការ ចែករំលែកព័ត៌មាន បច្ចេកវិទ្យាយោធានានា ពង្រឹងការស្រាវជ្រាវយោធា និងផលិតរួមគ្នា និងលើកកម្ពស់ឧស្សាហកម្មយោធាជាដើម។ ហើយបើសិនកិច្ចព្រមព្រៀងគាំទ្រភ័ស្តុភារយោធានេះត្រូវភាគីទាំងសងខាងសម្រេចទទួលយកមែន អាមេរិកអាចប្រើប្រាស់កំពង់ផែ និងព្រលានយន្តហោះនានារបស់ឥណ្ឌា ហើយឥណ្ឌាក៏អាចចូលសំចត ប្រើប្រាស់សម្រាប់ការជួសជុល និងផ្គត់ផ្គង់សម្ភារៈឲ្យគ្នាទៅវិញទៅមកដែរ។
តែយ៉ាងណាមិញ យោងតាមតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលក្រុងញ៉ូដែលី បានបញ្ជាក់ច្បាស់ថា វ៉ាស៊ីនតោនធានាថា រាល់ការប្រើប្រាស់កំពង់ផែសមុទ្រ ព្រលានយន្តហោះភាគីនីមួយៗមិនអាចអនុវត្តទៅបានជាស្វ័យប្រវត្តិឡើយ។ ហើយម្យ៉ាង ឥណ្ឌាមិនមានកាតព្វកិច្ចធ្វើប្រឡូកក្នុងសង្គ្រាមជាមួយអាមេរិកពេលដែលអាមេរិកធ្វើសង្គ្រាមជាមួយប្រទេសជាមិត្តរបស់ឥណ្ឌា ឬធ្វើសកម្មភាពឯកតោភាគីយោធាណាមួយ ដែលឥណ្ឌាមិនពេញចិត្ត។ នេះជាកង្វល់មួយព្រោះវាអាចបង្ហាញថា ឥណ្ឌានិងអាមេរិកកំពុងឈានទៅបង្កើតសម្ព័ន្ធភាពយោធា ខណៈដែលឥណ្ឌាបន្តរក្សានយោបាយអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ធតាំងពីដើមមកនោះ។ តែអ្វីដែលគេឃើញច្បាស់គឺអាមេរិកកំពុងតែទាញឲ្យឥណ្ឌាចូលរួមជាមួយខ្លួនដើម្បីទប់ទល់ជាមួយចិនដែលកំពុងរះត្រដែតឡើង។
២. អាមេរិកជួយឥណ្ឌាសង់នាវាដឹកយន្តហោះចម្បាំងទប់ទល់ចិន
រឿងមួយផ្សេងទៀតគឺឥណ្ឌា និងអាមេរិកកំពុងជជែកគ្នារឿងសង់នាវាដឹកយន្តហោះចម្បាំងធំបំផុតដើម្បីជួយឲ្យឥណ្ឌាពង្រឹងកម្លាំងកងទ័ពជើងទឹក។ តាមពិតទៅភាគីទាំងពីរបានចរចាគ្នាអស់ច្រើនដងមកហើយ ប៉ុន្តែមិនទាន់មានការឯកភាពគ្នាជាផ្លូវការឡើយ។ ឥណ្ឌាត្រូវការនាវាដឹកយន្តហោះបន្ថែមព្រោះ រដ្ឋាភិបាលនេះប្រកាសដាក់នាវាដឹកយន្តហោះមួយគ្រឿងក្នុងចំណោមនាវាពីរគ្រឿងដែលខ្លួនមានឲ្យចូលនិវត្តន៍។ នាវាដែលត្រូវចូលនិវត្តន៍នោះជានាវាដែលឥណ្ឌាទិញពីអង់គ្លេសឆ្នាំ ១៩៨៧ ហើយនាវានៅសល់នៅឥណ្ឌាទិញពីរុស្ស៊ីកាលពីឆ្នាំ ២០១៣ ។
ប្រទេសជិតខាងឥណ្ឌា មហាយក្សចិនបច្ចុប្បន្នមាននាវាដឹកយន្តហោះមួយគ្រឿង ហើយមហាអំណាចមួយនេះប្រកាសសាងសង់មួយគ្រឿងបន្ថែមទៀត។ឥណ្ឌាបារម្ភខ្លាំងដែរនៅពេលមិត្តជិតខាងដូចជាចិននេះកាន់តែមានអំណាចយោធាខ្លាំងនិងពង្រីកឥទ្ធិពលរបស់ខ្លួនចូលដល់ដែនឥទ្ធិពលឥណ្ឌា។ ដូច្នេះឥណ្ឌាចាំបាច់ត្រូវដើរឲ្យទាន់ ទំនើបកម្មយោធាចិននេះ។
គេរំពឹងថា កិច្ចព្រមព្រៀងនានា និងការចរចាពាក់ព័ន្ធបញ្ហាផ្សេងទៀតនឹងត្រូវបញ្ចប់ជាផ្លូវការ ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកលោក Ashton Carter នៅខែមេសាខាងមុខទៅកាន់ប្រទេសឥណ្ឌា។
៣.រដ្ឋបាលលោក នារិន្ទ្រាម៉ូឌី ចង់ឲ្យឥណ្ឌាក្លាយជាមហាអំណាចតំបន់
ទាក់ទិនការឈានទៅចុះកិច្ចព្រមព្រៀងរួមគ្នានេះដែរ រដ្ឋាភិបាលមុនៗដែលមាននិន្នាការកណ្តាលលម្អៀងឆ្វេងមិនចង់មានកិច្ចព្រមព្រៀងបែបនេះជាមួយអាមេរិកឡើយ ព្រោះគេបារម្ភថាវាអាចធ្វើឲ្យប៉ះពាល់ដល់នយោបាយអព្យាក្រឹតនិង មិនចូលបក្សសម្ព័ន្ធរបស់ឥណ្ឌា។
តាំងពីនាយករដ្ឋមន្ត្រីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី ឡើងកាន់អំណាចមក នយោបាយការបរទេសរបស់លោក មានទំនោរទៅរកលោកខាងលិចនិងមានមហិច្ឆតាពង្រឹងអំណាចយោធាឥណ្ឌានៅក្នុងតំបន់អាស៊ីខាងត្បូងនិងតំបន់ជិតខាង។
ដូចឃើញស្រាប់ហើយ លោកសម្រេចផ្លាស់ប្តូរពីនយោបាយការបរទេសឥណ្ឌា «សម្លឹងមកទិសខាងកើត»ទៅជា«ធ្វើសកម្មភាពនៅទិសខាងកើត» វិញដែលមានន័យថាឥណ្ឌាលែងដេកនៅស្ងៀមដូចមុនហើយ ឥណ្ឌាត្រូវសកម្មដើម្បីពង្រឹងអំណាចនិងឥទ្ធិពលរបស់ខ្លួនក្នុងនាមជាមហាអំណាចតំបន់។ តាំងពីឡើងកាន់អំណាចប្រមុខរដ្ឋាភិបាលឥណ្ឌានិងជាអតីតអភិបាលរដ្ឋGujarat លោក ម៉ូឌី ទស្សនកិច្ចទៅបណ្តាប្រទេសជិតខាង ប្រទេសជាមិត្តពីអាស៊ី ទៅអឺរ៉ុប ដល់អាហ្វ្រិកជាដើមផង។
ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យកត់សម្គាល់ ថវិកាយោធារបស់ឥណ្ឌាកើនឡើងឥតឈប់ រហូតមានការរិះគន់រដ្ឋាភិបាលបច្ចុប្បន្នដែលចំណាយលុយលើយោធាច្រើនជាងលើនយោបាយកាត់បន្ថយភាពក្រីក្រ។ ឥណ្ឌាបន្តនាំចូលសព្វាវុធពីមិត្តកម្សត់កម្រសម័យសង្គ្រាមត្រជាក់រុស្ស៊ី ហើយរដ្ឋាភិបាលនេះក៏កំពុងចរចាទិញយន្តហោះចម្បាំង Rafale ជាច្រើនគ្រឿងពីបារាំងថែមទៀតដើម្បីពង្រឹងកម្លាំងទ័ពអាកាសឥណ្ឌា។
Tag:
ឥណ្ឌា
អាមេរិក
កិច្ចព្រមព្រៀងយោធា
© រក្សាសិទ្ធិដោយ thmeythmey.com