អន្តរជាតិ
នយោបាយអន្តរជាតិ
សភាមីយ៉ាន់ម៉ាពន្លឿនពេលបោះឆ្នោតរើសប្រធានាធិបតី ក្រោយចរចាមិនបានផល 01, Mar 2016 , 3:59 pm

×![]()
សភាមីយ៉ាន់ម៉ាដែលគ្របដណ្ដប់ដោយសមាជិកបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងពន្លឿនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមីនាខាងមុខ។ ការពន្លឿននេះត្រូវគេមើលឃើញថា បណ្ដាលមកពីការជាប់គាំងក្នុងការចរចារវាងលោកស្រី អ៊ុងសាន ស៊ូជី និងក្រុមយោធាដ៏មានអំណាច លើការកែប្រែរដ្ឋធម្មនុញ្ញមាត្រា៥៩ ដែលហាមលោកស្រី ស៊ូជី ធ្វើប្រធានាធិបតី។
-
សូមស្ដាប់ព័ត៌មានលម្អិត៖
ខណៈពេលដែលការចរចារវាងលោកស្រី ស៊ូជី និងក្រុមយោធា មិនទទួលលទ្ធផលផ្លែផ្កា សភាមីយ៉ាន់ម៉ាដែលមានសំឡេងបក្សលោកស្រីភាគច្រើន នឹងពន្លឿនពេលបោះឆ្នោតរើសប្រធានាធិបតី។ ការចរចាដែលបានធ្វើចាប់តាំងពីលោកស្រី ស៊ូជី ឈ្នះឆ្នោតមកនោះ ហាក់ដូចជាជាប់គាំង ដ្បិតក្រុមយោធានៅតែមានជំហររឹងត្អឹងក្នុងការកែរដ្ឋធម្មនុញ្ញមាត្រា៥៩។ លោកស្រី ស៊ូជី អាចនឹងពន្លឿនផែនការបោះឆ្នោត និងទុកពេលដែលនៅសល់សម្រាប់រៀបចំគណៈរដ្ឋមន្ត្រីថ្មីវិញ។
យោងតាមរបៀបវារៈរបស់សភាមីយ៉ាន់ម៉ាសម្រាប់ថ្ងៃទី១ ខែមីនា សភានឹងផ្លាស់ប្ដូរកាលបរិច្ឆេទជ្រើសរើសប្រធានាធិបតី ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមីនា។ បណ្ដាសមាជិកគណបក្សលោកស្រី ស៊ូជី និងអ្នកវិភាគនយោបាយ និយាយថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងពន្លឿនរឿងនេះដើម្បីបញ្ចប់ការចរចារមិនដែលបានផលរវាងលោកស្រី ស៊ូជី និងក្រុមយោធា។
បើតាម Irrawaddy កាលបរិច្ឆេទលើកមុនបានទុកពេលសមល្មមសម្រាប់លោកស្រី ស៊ូជី ពិភាក្សាជាមួយយោធាលើការផ្ទេរអំណាច។ យ៉ាងណាមិញ ការចំណាយពេលចរចារបស់លោកស្រីមិនបានលទ្ធផលគាប់ចិត្តនោះទេ ព្រោះយោធាមិនបានទន់ចិត្តសហការជាមួយលោកស្រី ដើម្បីកែរដ្ឋធម្មនុញ្ញនៅពេលនេះទេ។ ជំនួសមកវិញ គណបក្សលោកស្រី ស៊ូជី នឹងប្រឹងប្រែងជ្រើសរើសបេក្ខភាពប្រធានាធិបតីឲ្យកាន់តែឆាប់ ហើយពួកគេសល់ពេលច្រើនសម្រាប់រៀបចំគណៈរដ្ឋមន្ត្រី ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែមេសា។
បញ្ហាមួយទៀតដែលនៅពីក្រោយរឿងផ្លាស់ប្ដូរនេះ បណ្ដាលមកពីការរកាំរកូសរវាងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យនិងរដ្ឋាភិបាលចប់អាណត្តិរបស់លោក ថេនសេន ។ កាលពីសប្ដាហ៍មុន បក្សនេះ បានរិះគន់សមាជិកសភាយោធានិងសមាជិកសភាបក្សលោក ថេនសេន ពីគម្រោងរ៉ែទង់ដែង ដែលដំណើរការរួមគ្នាដោយយោធាមីយ៉ាន់ម៉ានិងក្រុមហ៊ុនផលិតអាវុធចិន។
ចាប់តាំងពីការឈ្នះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៥ លោកស្រី ស៊ូជី បានជួបចរចាជាមួយមេដឹកនាំយោធាលោក មីន អ៊ុងឡាំង ចំនួនបីដង ដែលត្រូវគេជឿថា ជាការបញ្ចុះបញ្ចូលឲ្យយោធាសហការកែរដ្ឋធម្មនុញ្ញ។ ប៉ុន្តែការព្យាយាមរបស់លោកស្រី អ៊ុងសាន ស៊ូជី មិនបានផលនោះទេ ដ្បិតក្រុមយោធាដែលមានសំឡេង២៥ភាគរយនៅក្នុងសភា មិនបានឯកភាពតាមនោះទេ ហើយលោក មីន អ៊ុងឡាំង ក៏ធ្លាប់និយាយដែរថា ការកែរដ្ឋធម្មនុញ្ញដូចជាមិនទាន់ដល់ពេលនោះទេ៕
Tag:
មីយ៉ាន់ម៉ា
អ៊ុង សានស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com