អន្តរជាតិ
រុស្ស៊ី៖សកម្មភាពយោធាតួកគីអាចបំផ្លាញបទឈប់បាញ់ស៊ីរី 01, Mar 2016 , 8:59 pm

×![]()
យោធារុស្ស៊ីថា សកម្មភាពយោធារបស់តួកគីនៅតាមព្រំដែនជាប់ស៊ីរីកំពុងគំរាមកំហែងដល់បទឈប់បាញ់ដែលកំពុងចូលជាធរមានដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅស៊ីរី។ បច្ចុប្បន្នរដ្ឋាភិបាលក្រុងអង់ការ៉ា បង្កើនកម្លាំងទ័ព និងសព្វាវុធនៅព្រំដែនដូចជាត្រៀមធ្វើសង្គ្រាមដូច្នេះដែរ។
ឧត្តមសេនីយ៍យោធារុស្ស៊ី លោក Sergey Kuralenko អ្នកឃ្លាំងមើលបទឈប់បាញ់ស៊ីរី បានព្រមានថា សកម្មភាពយោធាតួកគី នៅតាមបណ្តោយព្រំដែនជាប់ស៊ីរី អាចនឹងបំផ្លាញដល់បទឈប់បាញ់ស៊ីរីដែលចូលជាធរមាន តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន។
រុស្ស៊ីបានអះអាងថា តួកគី ហាក់ដូចជាព្យាយាមបង្កបញ្ហា និងគំរាមកំហែងបទឈប់បាញ់ ដែលជួយបង្កើតសន្តិភាពឲ្យស៊ីរី ព្រោះកងទ័ព និងសព្វាវុធរបស់តួកគីជាច្រើន ត្រូវបានពង្រាយនៅតាមបន្ទាត់ព្រំដែនដូចជាត្រៀមធ្វើសង្គ្រាមដូច្នេះដែរ។
បើតាមរូបភាពនិងវីដេអូចុះផ្សាយក្នុងសារព័ត៌មានរដ្ឋរុស្ស៊ី RT កងទ័ពតួកគីនៅឈរជើងមិនឆ្ងាយពីទីក្រុងស៊ីរី Tel Abyad ឡើយ។ តែក្នុងពេលដែលមានកងទ័ពឈរជើងតាមព្រំដែន តួកគីបានប្រើប្រាស់កាំភ្លើងធំវាយប្រហារលើក្រុមភេរវជនរដ្ឋឥស្លាម នៅភាគខាងជើងទីក្រុង Aleppo ក្នុងយុទ្ធនាការកម្ចាត់ភេរវជននៃសម្ព័ន្ធអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។
ទាក់ទិនការអនុវត្តកិច្ចព្រមព្រៀងដែលមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិនិងមហាអំណាចនេះ មន្ត្រីយោធារុស្ស៊ីខាងលើបានអះអាងថា បទឈប់បាញ់នេះ នៅចូលជាធរមាននិងស្ថិតក្រោមការឃ្លាំមើលពីគួភាគីនិ ងភាគីពាក់ព័ន្ធ។ លោកក៏មានសុទិដ្ឋិនិយមចំពោះការអនុវត្តឈប់បាញ់បញ្ចប់ការបង្ហូរឈាមគ្នា និងការឈានទៅផ្សះផ្សាជាតិ ព្រមទាំងបង្កើតសន្តិភាពនៅស៊ីរីផងដែរ។ ប៉ុន្តែលោកបន្ថែមថា ក្រុមភេរវជនបានឆ្លៀតឱកាសវាយប្រហារលើទីតាំងសំខាន់ជាច្រើនចំនួន ៧ដងក្នុងរយៈពេល ២៤ម៉ោង។
ក្រុមភេរវជន Al-Nusra បានបើកការវាយប្រហារលើក្រុមឃឺត ដែលជាក្រុមប្រឆាំងស៊ីនៅក្នុងខេត្ត Aleppo ដោយពួកគេប្រើប្រាស់កាំភ្លើងធំ។ ហើយក្រុមដែស្ហឯណោះវិញ ក៏បានបន្តវាយប្រហារលើផ្លូវដែលភ្ជាប់ពីទីក្រុង Hama ទៅកាន់ខេត្ត Aleppo ដែលសកម្មភាពនេះ រារាំងមិនឲ្យការចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រជាជនស៊ីរី។
ក្រៅពីការវាយប្រហារបន្តកើតឡើងពីសំណាក់ក្រុមភេរវជន ការរំលោភបទឈប់បាញ់ក៏កើតមានខ្លះដែរ។ ប៉ុន្តែប្រមុខការទូតរុស្ស៊ីលោក Sergei Lavrov និងប្រមុខការទូតអាមេរិក ចន ឃឺរី បានជជែកពិភាក្សាគ្នាដើម្បីរកយន្តការនានាដែលអាចដោះស្រាយការរំលោភបំពានបទឈប់បាញ់នេះ។ វិធានការទាំងនោះរួមមានទាំងការកំណត់ឲ្យបានច្បាស់ថា មានតែក្រុមភេរវជនដូចជា Al Nusra និងក្រុមដែស្ហប៉ុណ្ណោះដែលជាគោលដៅនៃការវាយប្រហារតាមផ្លូវអាកាស៕
© រក្សាសិទ្ធិដោយ thmeythmey.com