អន្តរជាតិ
ចិន-វៀតណាម បន្តពង្រឹងទំនាក់ទំនងបក្សនិងរដ្ឋ 01, Mar 2016 , 8:19 pm

×![]()
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជួបជាមួយប្រេសិតរបស់លេខាបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀន ភូជុង នៅថ្ងៃចន្ទម្សិលមិញ ហើយភាគីទាំងពីរបានសន្យាពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនីស្តទាំងពីរ និងទំនាក់ទំនងរដ្ឋនិងរដ្ឋ។ ដំណើរលើកនេះ គឺស្របពេលដែលចិននិងវៀតណាមកំពុងតែជាប់ដៃក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង និងបន្ទាប់ពីវៀតណាមធ្វើសមាជបក្សរើសមេដឹកនាំថ្មីរួចមក។
ចិននិងវៀតណាមសន្យាបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត បើទោះជាមានភាពមិនចុះសំរុងគ្នាលើដែនអធិបតេយ្យនៅសមុទ្រចិនខាងត្បូងក៏ដោយ។ ភាគីទាំងពីរប្រកាសដូចនេះ នៅពេលប្រធានាធិបតីចិនលោក ស៊ី ជិនពីង ជួបជាមួយលោក Hoang Binh Quan ប្រេសិតរបស់លោក ង្វៀន ភូជុងដែលទើបជាប់ឆ្នោតបន្តជាលេខាបក្សកុម្មុយនីស្តវៀតណាមអាណត្តិថ្មី។
ឆ្លៀតពេលនោះលោក Hoang Binh Quan បានប្រគល់សាររបស់លោក ង្វៀន ភូជុង ទៅលោកស៊ី ដោយបានលើកឡើងពីភាពដូចគ្នាលើប្រព័ន្ធនយោបាយដឹកនាំប្រទេសទាំងពីរ។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក ង្វៀន ភូជុង បញ្ជាក់ក្នុងលិខិតនោះថា ចិននិងវៀតណាម មានទំនាក់ទំនងផលប្រយោជន៍ដូចគ្នាជាច្រើន ហើយទំនាក់ទំនងបក្សនិងបក្សបានដើរតួយ៉ាងសំខាន់ក្នុងជំរុញទំនាក់ទំនងរដ្ឋនិងរដ្ឋ។
ក្រៅពីនោះ លេខាបក្សកុម្មុយនីស្តវៀតណាម បានស្នើឲ្យភាគីទាំងពីររក្សាសន្តិភាពនិងស្ថិរភាពនៅដែនសមុទ្រ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងសន្តិភាពតំបន់ ក៏ដូចជាពិភពលោក។ បើទោះជាលោក ង្វៀន ភូជុង មិនបញ្ជាក់ចំក៏ដោយ គេអាចយល់បានថា លោកចង់សំដៅដល់ការវាតទីរបស់ចិនចូលមកតំបន់សមុទ្រចិនខាងត្បូង ដែលជាចំណុចជម្លោះរវាងចិននិងវៀតណាម ក៏ដូចជាសមាជិកអាស៊ានមួយចំនួនទៀត។
ដោយសារជម្លោះសមុទ្រចិនខាងត្បូង នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន តាន់ហ្ស៊ុង ដែលជាគូរប្រជែងរបស់លោក ង្វៀន ភូជុង បានទៅរកជំនួយពីមហាអំណាចអាមេរិកដើម្បីទប់ទល់នឹងចិន។ យ៉ាងណាក្ដី លោក ង្វៀន តាន់ហ្ស៊ុង ត្រូវបានផាត់ចេញពីតំណែងក្នុងសមាជបក្សកុម្មុយនីស្តវៀតណាមដែលទើបតែបញ្ចប់ ហើយលោក ង្វៀន ភូជុង ដែលបន្តតំណែងលេខាបក្ស នៅតែអាចបន្តជំហជិតស្និទ្ធចិនដដែល។
ចិននិងវៀតណាមដែលជាអ្នកជិតខាងនឹងគ្នា មិនសូវជាមើលមុខគ្នាត្រូវប៉ុន្មាននោះទេ ដោយសារតែបញ្ហាអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។ វៀតណាមទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង តែងចោទចិនថាបានធ្វើសកម្មភាពយោធាដោយឯកតោភាគី ស្របពេលដែលការបែងចែកទឹកដីនៅមិនទាន់ច្បាស់នៅឡើយ។ វៀតណាមដែលមានកម្លាំងទ័ពចាញ់ប្រៀបចិន បានទាក់ទាញអាមេរិកឲ្យចូលមកពាក់ព័ន្ធ ដើម្បីកុំឲ្យកូនជញ្ជីងផ្អៀងទៅរកចិនខ្លាំងពេក។
យ៉ាងណាមិញ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រេសិតលេខាបក្សកុម្មុយនីស្តវៀតណាម ហាក់បានបង្ហាញពីបំណងបន្តសហប្រតិបត្តិការរវាងចិននិងវៀតណាម។ ដៃម្ខាងវៀតណាមនៅតែយកចិត្តចិនព្រោះចិនជាទីផ្សារដ៏ធំសម្រាប់ទំនិញវៀតណាម ហើយវៀតណាមនឹងមិនសុខចិត្តបិទទ្វារសេដ្ឋកិច្ចខ្លួនឯងនោះទេ។ ដៃម្ខាងទៀតព្យាយាមដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ដោយទាញមហាអំណាចមកពាក់ព័ន្ធ៕
Tag:
ចិន
វៀតណាម
កុម្មុយនីស្ត
© រក្សាសិទ្ធិដោយ thmeythmey.com