យោងតាមលទ្ធផលបឋម សេដ្ឋីអចលនទ្រព្យលោក ដូណាល់ ត្រាំ(Donald Trump) និងលោកស្រី ហ៊ីឡារី គ្លីនតុន បានទទួលសំឡេងគាំទ្រច្រើនជាងគេនៅក្នុងថ្ងៃបោះឆ្នោតដ៏សំខាន់ Super Tuesday ។ ការបោះឆ្នោតនៅបន្តទៅមុខនៅរដ្ឋដែលនៅសល់ ហើយគេវាយតម្លៃថា លោកស្រី គ្លីនតុនឈ្នះយ៉ាងហោចណាស់ ៦រដ្ឋក្នុងចំណោមរដ្ឋដែលបោះឆ្នោតទាំង ១២។
ក្នុងថ្ងៃបោះឆ្នោតដ៏សំខាន់ថ្ងៃ អង្គារទី ១ ខែមីនា ដែលគេហៅថា ថ្ងៃ «Super Tuesday» លទ្ធផលបឋមបង្ហាញថា បេក្ខជនបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះនៅរដ្ឋយ៉ាងហោចណាស់ ៥ខណៈ រដ្ឋនៅសល់កំពុងបន្តបោះឆ្នោតនៅឡើយ។ ដែលនេះមានន័យថា លោកនឹងអាចបន្តទទួលជ័យជម្នះបន្ថែមទៀតក្រោយការបោះឆ្នោតចប់សព្វគ្រប់។
យោងតាមសារព័ត៌មានអាមេរិក Politico លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះនៅរដ្ឋ Alabama, Georgia , Massachusetts, Tennessee, និង Virginia។ ចំណែកបេក្ខជនបក្សសាធារណរដ្ឋម្នាក់ទៀតគឺលោក ថេត គ្រុស (Ted Cruz) បានទទួលជ័យជម្នះនៅរដ្ឋ Oklahoma និងរដ្ឋដែនដីកំណើតលោក តិចសាស (Texas) ។
ក្រោយលទ្ធផលបង្ហាញជាផ្លូវការហើយនោះ លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់អ្នកគាំទ្រលោក ដែលធ្វើឲ្យលោកទទួលបានជ័យជម្នះនៅរដ្ឋច្រើនបែបនេះ។ ហើយរដ្ឋដែលនៅសេសសល់មិនទាន់ចេញលទ្ធផលនោះមានដូចជារដ្ឋ Colorado, Minnesota, Vermont និងរដ្ឋ Arkansas។
ត្រលប់មកវិញ អ្នកនាំមុខគេនៅក្នុងបក្សប្រជាធិបតេយ្យ គឺអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីឡារី គ្លីនតុន។ ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅថ្ងៃអង្គារថ្ងៃសំខាន់នេះ យោងតាមលទ្ធផលបឋម លោកស្រីបានទទួលជ័យជម្នះនៅរដ្ឋចំនួន ៦ ក្នុងនោះមានដូចជារដ្ឋ Massachusetts, Georgia, Tennessee, Alabama, Arkansas និង Virginia។ ចំណែកគូប្រជែងរបស់លោកស្រី លោក ប៊ឺនី សេនឌឺ ( Bernie Sanders) បានទទួលជ័យជម្នះនៅរដ្ឋចំនួន២ ក្នុងនោះមានរដ្ឋ Oklahoma និងនៅរដ្ឋ Vermont ដែលជាទីកន្លែងកំណើតរបស់លោកតែម្តង។
បើតាមការវាយតម្លៃជារួម លោកស្រី ហ៊ីឡារី គ្លីនតុន បានទទួលការគាំទ្រពីសំណាក់ប្រជាជនអាមេរិកដើមកំណើតអាហ្វ្រិក ដែលរស់នៅក្នុងរដ្ឋភាគខាងត្បូងតែម្តង។ ក្រោយលទ្ធផលចេញមកហើយលោកបានទទួលជ័យជម្នះតិចជាងលោកស្រី ហ៊ីឡារី គ្លីនតុន លោក សេនឌឺ បានថ្លែងប្រាប់អ្នកគាំទ្រលោកឲ្យបន្តប្រឹងប្រែងទៀត ហើយលោកនឹងមិនបោះបង់ការតស៊ូប្រកួតប្រជែងនេះឡើយ។ លោកនឹងបន្តរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការនេះនៅខែមិថុនា និងឈានដល់សមាជបក្សចុងក្រោយផង។
សូមបញ្ជាក់ថា ថ្ងៃ «Super Tuesday»ជា ថ្ងៃសំខាន់បំផុតសម្រាប់ការប្រកួតប្រជែងរកសំឡេងគាំទ្រក្នុងបក្សក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក។ វាជាសមរភូមិនយោបាយសំខាន់ ព្រោះប្រជាជនអាមេរិកនៅរដ្ឋចំនួន ១២ និងទឹកដីអាមេរិកមួយផងនោះនាំគ្នាបោះឆ្នោតរួមគ្នាក្នុងពេលតែមួយ។ អាចថា វាជាពេលដែលកំណត់ថា បេក្ខជនណាមានលទ្ធភាពខ្ពស់អាចនឹងត្រូវបក្សជ្រើសតាំងឲ្យទៅប្រជែងតំណែងប្រធានាធិបតី ហើយបេក្ខជនណាទៀតត្រូវដកខ្លួនចេញពីសង្វៀននយោបាយនេះ៕