អន្តរជាតិ
កូរ៉េខាងជើង នៅមាន​ផ្លូវ​រួច​ផុតពី​ទណ្ឌកម្ម​អន្តរជាតិ បើ​បន្ទន់ខ្លួន​បន្តិច​ទៅរក​តុ​ចរចា​វិញ
03, Mar 2016 , 8:19 pm        
រូបភាព
ដោយ:
​ការបន្ត​ការបាញ់​សាកល្បង​មី​ស៊ី​ល និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្រោម​ការដឹកនាំ ដោយ​មេដឹកនាំ​វ័យក្មេង​លោក​គីម ជុង​អ៊ុន បាន​ក្លាយជា​ចំណោទបញ្ហា និង​ការគំរាមកំហែង​សន្តិសុខ​មួយ​នៅក្នុង​តំបន់ និង ពិភពលោក​។ ជម្រើស​នៃ​ការចរចា មិនអាច​ត្រូវបាន​អនុវត្ត​ក្នុង​បញ្ហា​នេះ​នោះទេ ដ្បិត​មិនមាន​វត្តមាន​របស់​កូរ៉េខាងជើង​។ ជំនួស​ដោយ​ការចរចា កូរ៉េខាងជើង បាន​បន្តសកម្មភាព​ដ៏​គឃ្លើន​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​សកម្មភាព​ផ្គើន​ទាំងនេះ បាន​បង្ខំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ត្រូវ​ចេញ​សេចក្តីសម្រេច​ថ្មី​ដែល​ត្រូវបាន​មើលឃើញថា​ជា​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​។ តើ​ទណ្ឌកម្ម​ថ្មី​នេះ នឹងធ្វើ កូរ៉េខាងជើង​ស្ងប់ស្ងាត់​បាន​ឬ​យ៉ាងណា​?


​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ នៅ​ថ្ងៃទី​០២ ខែមីនា ម្សិលមិញ បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​ឃ្លើ​ន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​។​

១. តើ​ចំណុច​ថ្មី​ធ្ងន់ធ្ង​ន​អ្វីខ្លះ​ដែល​បាន​បញ្ញត្តិ​ក្នុង​សេចក្តីសម្រេច​លេខ​២២៧០​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​?
​តាមពិតទៅ​វា​មិនមែនជា​លើកដំបូង​នោះទេ ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អនុម័ត លើស​ម្រេច​ដើម្បី​ដាក់ទណ្ឌកម្ម និង​ប្រឆាំង​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែកបរមាណូ និង​កម្មវិធី​នុយក្លេអ៊ែរ​នោះ​។ កន្លងទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្តីសម្រេច​បួន​លើក​រួចហើយ​ដើម្បី​ប្រឆាំងនឹង​កូរ៉េខាងជើង​។ ក្នុងនោះ​រួមមាន​ក្នុង​ឆ្នាំ​២០០៦ ( សេចក្តីសម្រេច​លេខ​១៧១៨ ) ឆ្នាំ​២០០៩ (​សេចក្តីសម្រេច​លេខ​១៨៧៤) ឆ្នាំ​២០១៣(២០៨៧) និង ឆ្នាំ​២០១៣ (​សេចក្តី​លេខ​២០៩៤) ។ សេចក្តីសម្រេច​ទាំងនេះ​ដែល​បាន​បញ្ញា​ត្តិ​ទណ្ឌកម្ម​មួយចំនួន​ទាក់ទង​នឹង​ការ​រឹតត្បិត​លើ​ប្រភព​សេដ្ឋកិច្ច​ទៅកាន់​កូរ៉េខាងជើង​ទាំងនេះ មិនបាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ថមថយ​សកម្មភាព​ខ្លួន​នោះទេ​។

​ដោយឡែក សម្រាប់​សេចក្ដីសម្រេច​លេខ​២២៧០ ឆ្នាំ​២០១៦ ជា​សេចក្តីសម្រេច​ទី​៥ ដែលមាន​៥២​ចំណុច​ត្រូវបាន​ចាត់ទុកថា ជា​ប្រភេទ​ទណ្ឌកម្ម​បន្ថែម​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើ​ទណ្ឌកម្ម​ចាស់ ប្រឆាំងនឹង​កូរ៉េខាងជើង​។ ក្នុងនោះ​រាល់​សមាជិក​ទាំងអស់ តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ទំនិញ​ទាំងអស់​ដែល​នាំចេញ​និង​នាំចូល​ពី​កូរ៉េខាងជើង មិន​ថា​ធ្វើ​ឡើយ​តាមផ្លូវ​អាកាស​ឬ​សមុទ្រ កំណត់​ពី​ការហាមឃាត់​ការនាំចេញ​ធ្យូងថ្ម ដែក មាស និង​រ៉ែ​មានតម្លៃ​ដទៃទៀត ពី​កូរ៉េខាងជើង​ផងដែរ ដែល​នេះ​គឺ​សំដៅ​ដល់​ការ​កាត់ផ្ដាច់​ធនធាន​ហិរញ្ញវត្ថុ​របស់​ក្រុង​ព្យុងយ៉ាង​។ កូរ៉េខាងជើង​ទទួលបាន​ចំណូល​ជាច្រើន​លាន​ក្នុង​ការនាំចេញ​ភោគផល​រ៉ែ​ទាំងនេះ ដែល​ត្រូវ​ប្រើ​សម្រាប់​ការចំណាយ​របស់ខ្លួន​។

​ក្រៅពីនោះ ក្រុមប្រឹក្សាសន្តិសុខ​ក៏​ពង្រឹង​លើ​ការហាម​ធ្វើ​ពាណិជ្ជកម្ម​អាវុធ ជាពិសេស​អាវុធ​ធុន​ស្រាល និង​បានអនុញ្ញាត​ឲ្យ​ឃាត់​កប៉ាល់​ដែល​សង្ស័យថា មាន​ដឹកទំនិញ​ខុសច្បាប់​ទៅ​កូរ៉េខាងជើង​។ សូម្បី​នាឡិកា​ទំនើប ដូចជា​សម្ភារៈ​កីឡា​ក៏​ត្រូវបាន​ហាមឃាត់​ចូលទៅ​កូរ៉េខាងជើង​ផងដែរ ដែល​ការហាមឃាត់​នេះ​សំដៅ​ដល់​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង​។ លើសពីនេះទៅទៀត ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​មាន​សិទ្ធិ​បណ្ដេញ​អ្នកការទូត កូរ៉េខាងជើង ដែល​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​អាវុធ​ខុសច្បាប់​ផងដែរ​។

២. កូរ៉េខាងជើង​នៅមាន​ផ្លូវ​ចរចា​ដើម្បី​បន្ធូរបន្ថយ​ទណ្ឌកម្ម​?
​បើទោះបីជា​បទបញ្ញត្តិ​នៅក្នុង​សេចក្តីសម្រេច​ថ្មី​ភាគច្រើន បានកំណត់​ពី​ការដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង ពោលគឺ​ធ្វើយ៉ាងណា​ដើម្បី​ធានា​មិន​ឲ្យ​មាន​ប្រភព​ហិរញ្ញវត្ថុ​ក្នុងការ​ផ្គត់ផ្គង់ និង​ពង្រឹងសមត្ថភាព​អាវុធ​ក្លេ អ៊ែរ​ក៏ដោយ កូរ៉េខាងជើង​ក៏​នៅតែ​អាចមាន​ឱកាស​ដើម្បី​បន្ធូរបន្ថយ​ទណ្ឌកម្ម​នោះដែរ​។ យោងតាម​សេចក្តីសម្រេច​ថ្មី​ដដែល​ក្នុង​ប្រការ​ទី​៥០ និង​៥១ កូរ៉េខាងជើង​អាច​នឹង​រួចផុត ឬ​ត្រូវបាន​បន្ធូរបន្ថយ ទណ្ឌកម្ម​ខ្លះ ប្រសិនបើ កូរ៉េខាងជើង ងាក​មករក​តុ​ចរចា​វិញ ពោលគឺ​បន្ត​កិច្ចសន្ទនា​ភាគី​ប្រាំមួយ ( Six Party Talks)​ឆ្នាំ​២០០៥ ក្នុងការ​ធានា​ឲ្យ​បាន​នូវ​គ្មាន​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​។ កិច្ចសន្ទនា​ភាគី​ប្រាំមួយ គឺជា​យន្តការ​ក្នុង​ចរចា​មួយ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា ចិន កូរ៉េខាងជើង ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និង អាមេរិក​។

​តែ​អ្វី​គួរកត់សម្គាល់​នោះ ក្រោយ​តែ​ប៉ុន្មាន​ម៉ោង​នៃ​ការអនុម័ត​ទណ្ឌកម្ម​ថ្មី កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ទៅកាន់​សមុទ្រ​ភាគ​ខាងកើត ដែល​ទំនងជា​ចង់​បង្ហាញថា​ខ្លួន​មិនមាន​ការ​ញញើត​អ្វី​ឡើយ ចំពោះ​សហគមន៍​អន្តរជាតិ​។ បើទោះបីជា​កូរ៉េខាងជើង មាន​អាវុធ​នុយក្លេអ៊ែរ​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ចុងក្រោយ​ក៏ដោយ ការចរចា​នឹង​ក្លាយជា​ជម្រើស​ចុងក្រោយ​បំផុត​សម្រាប់​កូរ៉េខាងជើង​ក្នុងការ​រក្សា​ឲ្យ នូវ​របប​នោះ​។ កន្លងមក​កូរ៉េខាងជើង ក៏​ធ្លាប់បាន​សុំ​ការចរចា​សន្តិភាព​ពី​អាមេរិក​ដែរ តែ​អាមេរិក​បាន​បដិសេធ​ដ្បិត​មិនត្រូវ​លក្ខខណ្ឌ​គ្នា ពោលគឺ​ការចរចា មិនអាច​ធ្វើទៅបាន​នោះទេ បើ​កូរ៉េខាងជើង នៅតែ បាន​បន្ត​ការបាញ់​សាកល្បង និង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​បែប​ហ្នឹង​៕


Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com