អន្តរជាតិ
អ្នក​សាធារណរដ្ឋ​បារម្ភ​ខ្លាំង នៅពេល​ដូ​ណា​ល់​ត្រាំ​បន្ត​ឈ្នះ​ការគាំទ្រ​
03, Mar 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ ទទួល​ជ័យជម្នះ​បន្តបន្ទាប់ សមាជិក​បក្ស​សាធារណរដ្ឋ​បង្ហាញ​កង្វល់​ខ្លាំង ខ្លាច​ថា​លោក​នឹង​ឈ្នះ​ការជ្រើសតាំង ហើយក៏​មានការ​បែកខ្ញែក​គ្នា​ក្នុងចំណោម​អ្នក​សាធារណរដ្ឋ​ដែរ​។ ថេត គ្រុស ដែលជា​បេក្ខជន​មានលទ្ធភាព​ប្រជែង ដូ​ណា​ល់ ត្រាំ ដ​ង្ហើ​យ​ឲ្យ​បេក្ខជន​ផ្សេងទៀត​ពួតដៃគ្នា​ផ្តួល​លោក ខណៈ មេដឹកនាំ​បក្ស​សាធារណរដ្ឋ​មួយចំនួន​ក៏​កំពុង​ថ្កោលទោស​សេដ្ឋី​នេះដែរ​ឥត​សំចៃ​។​


សូមស្ដាប់ព័ត៌មានលម្អិត៖



​ខណៈដែល បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រីករាយ​និង​មាន​អំណួត​កាន់តែខ្លាំង​ក្រោយពេល​ឈ្នះឆ្នោត ៧​រដ្ឋ​ក្នុងការ​បោះឆ្នោត​នៅ​រដ្ឋ​ចំនួន ១១​នៅ​ថ្ងៃ​អង្គារ​ទី ១​មីនា អ្នក​សាធារណរដ្ឋ​ជាពិសេស​បណ្តា​មេដឹកនាំ​បក្ស​នេះ​នាំគ្នា​សម្តែង​ក្តីបារម្ភ ថា លោក ដូ​ណា​ល់ ត្រាំ អាច​ឈ្នះ​ការតែងតាំង​ពី​បក្ស​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មិន​ពេញចិត្ត​ឡើយ​នៅពេលដែល​លឺថា សេដ្ឋី​អចលនទ្រព្យ​នេះ​ទទួល​ជ័យជម្នះ​បន្តបន្ទាប់ ផ្តួលរំលំ​គូប្រជែង​ក្នុង​បក្ស​បាន​ច្រើន​ដូច្នេះ​។ គេ​ខ្លាច​ថា អ្នកនយោបាយ​ជ្រុលនិយម រើសអើង​ពូជសាសន៍​និង​សាសនា​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដែលជា​មហាអំណាច​ពិភពលោក​។​

​លោក ដូ​ណា​ល់ ត្រាំ យក​បញ្ហា​ចម្រូងចម្រាស​ទាក់ទង​សាសនា និង​ពូជសាសន៍   ជាដើម​នោះមក​ធ្វើ​ប្រធានបទ​នៃ​ការឃោសនា និង​ទាក់ទាញ​ការគាំទ្រ​ពី​អ្នក​សាធារណរដ្ឋ​។ កន្លងមក​លោក​ថ្លែង​សុន្ទរកថា​រើសអើង​ប្រឆាំង​អ្នក​កាន់ សាសនា​ឥស្លាម ហើយ​ក្រោយមក បេក្ខជន​ម្នាក់នេះ​បង្ហាញ​ការគាំទ្រ​ចំពោះ​នយោបាយ​ជ្រុលនិយម​របស់​ជន​ស្បែ​កស រើសអើង​ពូជសាសន៍ ប្រឆាំង​ប្រជាជន​ស្បែក​ខ្មៅ​ជាដើម​ផង​។
​តាមពិតទៅ ការយក​បញ្ហា​សាសនា​និង​ពូជសាសន៍​ពណ៌​សម្បុរ​មក​ធ្វើជា​ល្បែង​នយោបាយ​ដើម្បី​ទាញយក​ប្រជាប្រិយ​ភាពជា​គ្រោះថ្នាក់​បំផុត បើ​អ្នកនយោបាយ​រូបនេះ​ឡើងកាន់​អំណាច​។ រឿងនេះ​ជា​រឿង​ធំ មិនមែនជា​បញ្ហា​តែ​ក្នុងសង្គម​អាមេរិក​ទេ​តែ​វា​ជា​បញ្ហា​សម្រាប់​ពិភពលោក​ទាំងមូល​។

​បច្ចុប្បន្ននេះ បេក្ខជន​ផ្សេងទៀត​ដែល​បានទទួល​សំឡេងគាំទ្រ​គ្រាន់បើ​ដែរនោះ​មាន ថេត គ្រុស និង​លោក ម៉ា​កូ រ៉ូ​ប៊ី​យ៉ូ បានប្រកាសថា​ខ្លួន​នឹង​បន្ត​រួមដៃគ្នា​ប្រកួតប្រជែង​ផ្តួល​លោក ដូ​ណា​ល់ ត្រាំ​។ នេះ​ក៏ដោយ​សារ បេក្ខជន​ទាំងពីរ​នាក់​នេះ​បាន​ដណ្តើម​ជ័យជម្នះ​នៅ​រដ្ឋ​គ្រាន់បើ​ដែល​ក្នុងការ​បោះឆ្នោត​កន្លងមក ដែល​មានន័យថា​ពួកគេ​នៅមាន​សង្ឃឹម​ដើម្បី​ប្រជែង ដូ​ណា​ល់ ត្រាំ​។ សមាជិក​ព្រឹទ្ធសភា ថេត គ្រុស ឈ្នះ​បាន​រដ្ឋ​ចំនួន​បី នៅ​តិច​សាស​, អូ​ក្លា​ហូ​ម៉ា និង​អាកា​ន់​សាស ខណៈ លោក ម៉ា​កូ រ៉ូ​ប៊ី​យ៉ូ ឈ្នះ​នៅ​រដ្ឋ​មី​ណេ​សូ​តា​។

​លោក ថេត គ្រុស បាន អះអាង​ប្រាប់​អ្នកគាំទ្រ​លោក​ថា មានតែ​លោក​ទេ​ដែល​អាច​ផ្តួល ដូ​ណា​ល់ ត្រាំ បាន ហើយ​លោក​ក៏​ឆ្លៀតឱកាស​អំពាវនាវ​ឲ្យ​បេក្ខជន​ផ្សេងទៀត​ដែល​មិនទាន់​រក​ជ័យជម្នះ​បាន​សូម្បី​តែមួយ​រដ្ឋ​នោះ​ចូលរួម​ជាមួយ​លោក​។
 
​ចំណែក​ខាង​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​នោះ​ក៏​មិន​ពេញចិត្ត និង​មាន​អារម្មណ៍​ទើសទាល់​ខ្លាំង​ដែរ នៅពេលដែល​ដូ​ណា​ល់ ត្រាំ ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​។ សូម្បីតែ​ប្រធានសភា​អាមេរិក លោក Paul Ryan ដែលជា​សមាជិក​បក្ស​សាធារណរដ្ឋ​នោះបាន​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ដែរ​ចំពោះ​សកម្មភាព​របស់​អុ្ន​ក​សាធារណរដ្ឋ​ដូចគ្នា​គឺ​លោក ដូ​ណា​ល់ ត្រាំ​នេះ​សោះ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឈ្មោះ​ចំៗ​ថា ដូ​ណា​ល់​ត្រាំ​ឡើយ​។

​លោក​ថា​៖«​ខ្ញុំ​ព្យាយាម​នៅ​ឆ្ងាយ​ពី​ការបោះឆ្នោត​សាកល្បង​សម្រាប់​រើស​បេក្ខជន​តំណាង​បក្ស​នេះ​។ ប៉ុន្តែ​ដូច​ខ្ញុំ​ធ្លាប់​និយាយថា ពេល​ខ្ញុំ​ឃើញ​សកម្មភាព​អ្វីដែល​ប្រឆាំង​បក្ស​និង​ប្រទេស​យើង ខ្ញុំ​នឹង​បញ្ចេញយោបល់​។ បើ​មនុ​ស្សណា​ម្នាក់​ចង់​ឲ្យ​បក្ស​ជ្រើសតាំង វា​មិនអាច​មានការ​ប្រើប្រាស​ឧបាយកល​និង​ប្រើ​ល្បែង​នយោបាយ​។ ហើយ​គេ ត្រូវបដិសេធ​រាល់​ក្រុមមនុស្ស ឬ សកម្មភាព​ទាំងឡាយណា​ដែល​បង្ក​ឲ្យ​មានការ​រើសអើង​និង​ស្អប់ខ្ពើម​នានា​»​។​

​គេ​ដឹង​ច្បាស់​ថា ប្រធានសភា​រូបនេះ​សំដៅ​ទៅលើ​លោក ដូ​ណា​ល់ ត្រាំ នេះឯង ដែលជា​អ្នកនយោបាយ​តែម្តង​គត់​ដែល​បញ្ឆេះ​ការ​ស្អប់ខ្ពើម ការរើសអើង​ពូជសាសន៍ និង​សាសនា កន្លងមកនេះ ដើម្បី​ទាញ​ប្រជាប្រិយភាព​នយោបាយ​។​

​តែ​យ៉ាងណាក៏ដោយ វា​ក្លាយជា​រឿង​វិជ្ជមាន​សម្រាប់​បក្ស​ប្រជាធិបតេយ្យ​ទៅវិញ​ទេ ពេលដែល​បេក្ខជន​ដូច ដូ​ណា​ល់​ត្រាំ​នេះ​ត្រូវ​បក្ស​ជ្រើសតាំង​ឲ្យ​តំណាង​បក្ស​ដើម្បី​ទៅ​ប្រជែង​ការបោះឆ្នោត​ថ្ងៃ ៨ វិច្ឆិកា​ខាងមុខនេះ​។ ប្រជាជន​អាមេរិក​ប្រហែលជា​ឆ្លាត​ល្មម​យល់​ដឹងថា អ្នកណា​គួរ​ជា​ប្រធានាធិបតី អ្នកណា​មិនគួរ​ហើយ​ពាក់ព័ន្ធ​ការបោះឆ្នោត​ប្រធានាធិបតី​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com