អន្តរជាតិ
មេទ័ព​អាមេរិក​នៅ​អឺរ៉ុប​សុំ​បង្កើន​ថវិកា​ពង្រឹង​អំណាច​យោធា​ទប់ទល់​រុស្ស៊ី​
03, Mar 2016 , 9:39 pm        
រូបភាព
លោក Philip Breedlove មេទ័ពអាមេរិកផ្កាយមាសបួន
លោក Philip Breedlove មេទ័ពអាមេរិកផ្កាយមាសបួន
​មេទ័ព​អាមេរិក​ដឹកនាំ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ថា ព្រមាន អាមេរិក​បរាជ័យ​ក្នុង​ការយក​រុស្ស៊ី​ជា​ដៃគូ ហើយ​អាមេរិក​ក៏​មិនមាន​ធនធាន​យោធា​គ្រប់គ្រាន់​នៅ​អឺរ៉ុប ដើម្បី​ឆ្លើយតប​ជាមួយ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​នានា​នៅ​អឺរ៉ុប​ឡើយ​។  មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​ដ​ង្ហើ​យ​ឲ្យ​សភា​អាមេរិក​ពិចារណា​ផ្គត់ផ្គង់​ថវិកា​យោធា​បន្ថែម ដើម្បី​ពង្រឹង​អំណាច​យោធា​អាមេរិក​នៅ​អឺរ៉ុប​ឡើងវិញ​។ បើ​មិន​ដូច្នេះ​ទេ រុស្ស៊ី​កាន់តែ​បានចិត្ត បន្ត​បញ្ចេញ​ចង្កូម​កាន់តែខ្លាំង​ដាក់​អឺរ៉ុប​និង​បន្ត​រំលោភ​អធិបតេយ្យ​រដ្ឋ​ជិតខាង​ផង​។​


​តាំងពី​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​និង​ក្រសោប​យក​ឧបទ្វីប Crimea ពី​អ៊ុយ​ក្រែ​ន រុស្ស៊ី​ត្រូវ​លោកខាងលិច​បន្ត​ចាត់ទុកជា​រដ្ឋ​ដែល​គំរាមកំហែង​សន្តិសុខ​អឺរ៉ុប​ខ្លាំងជាងគេ​។ មហាអំណាច​មួយ​នេះ​បន្ត​បញ្ចេញ​ចង្កូម​របស់ខ្លួន​ដាក់​រដ្ឋ​ជិតខាង ហើយ​រុស្ស៊ី​ក៏មាន​ចំណែក​ក្នុង​បញ្ហា​តានតឹង​នៅក្នុង​រដ្ឋ​មួយចំនួន​ដូចជា Georgia និង Moldova ទៀត​។ យុទ្ធសាស្ត្រ​ដែល​គំរាម​មិន​ឲ្យ​បណ្តា​ប្រទេស​ទាំងនេះ​បន្ត​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​លោកខាងលិច​។ គេ​បន្ត​មើលឃើញ របប​ដឹកនាំ​ក្រេ​ម​ឡាំង​បន្ត​បង្កើន​សាច់ដុំ​យោធា  ពង្រាយ​កងទ័ព និង​សព្វាវុធ​ទៅកាន់​តំបន់​សំខាន់​ដូចជា​ខេត្ត Kaliningrad សមុទ្រ​ខ្មៅ និង នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ថែមទៀត​។​

​សកម្មភាព​ទាំងអស់នេះ​ត្រូវបាន​មេទ័ព​អាមេរិក​ដែល​ដឹកនាំ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ចាត់ទុកថា ការគំរាមកំហែង​ដ៏​ធំ​និង​យូរអង្វែង​សម្រាប់​អឺរ៉ុប​និង​អាមេរិក​ដែល​បង្កឡើង​ដោយ​រុស្ស៊ី​ផង ខណៈដែល​អំណាច​យោធា​អាមេរិក​នៅ​អឺរ៉ុប​ថមថយ​ចុះ​នោះ​។​ទើបតែ​ក្រោយ​ជម្លោះ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​ប៉ុណ្ណោះ​ដែល​អាមេរិក​ព្យាយាម​បង្កើន​វត្តមាន​ទ័ព​និង​ពង្រាយ​សព្វាវុធ​ទៅ​រដ្ឋ​នៅ​អឺរ៉ុប​ខាងកើត​និង​ដឹកនាំ​ប្រទេស​សមាជិក​និង​ដៃគូ​ណា​តូ​ធ្វើ​សមយុទ្ធ​យោធា​បន្តបន្ទាប់​។​

 លោក Philip Breedlove មេទ័ព​អាមេរិក​ផ្កាយ​មាស​បួន បាន​ថ្លែង​រៀបរាប់​ពី​បញ្ហា​ប្រឈម​សន្តិសុខ​ដ៏​ធំ​នេះ​ប្រាប់​សមាជិក​គណកម្មាធិកា​រ​យោធា​នៃ​ព្រឹទ្ធសភា​អាមេរិក ហើយ​លោក​ក៏​ដ​ង្ហើ​យ​ហៅ​ឲ្យ​សភា​អាមេរិក​ពិចារណា​បង្កើន​ធនធាន​សម្រាប់​ការពង្រឹង​យោធា​អាមេរិក​នៅ​អឺរ៉ុប​ផង​។​

​លោក​បាន​លើកយក​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​ជា​ឧទាហរណ៍​។ ទោះជា​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បង្កើតឡើង​ដោយ​មហាអំណាច​ពាក់ព័ន្ធ​នៅ​ទីក្រុង Minsk ប្រទេស​បេឡា​រ៉ុ​ស​ក៏ដោយ ក៏​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​មិនទាន់​ឈានដល់​ទីបញ្ចប់​ឡើយ​។ ទោះ​មិនមាន​ការប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំ​មែន តែ​ការប៉ះទង្គិច​គ្នា​បន្ត​កើតមានឡើង​ឥត​ឈប់ ហើយក៏​ដំណើរការ​ផ្សះផ្សា​ជាតិ​ក៏​មិនទាន់​ចេញ​រូបរាង​ដែរ ។ ខេត្ត​នៅ​ភាគ​ខាងកើត​នៅ​បន្ត​កញ្ជ្រោល​ចង់​ផ្តាច់ខ្លួន​ចេញពី​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​ក្រុង​គៀវ ទោះ​មានការ​ផ្តល់​សម្បទា​នន​យោ​បាយ​ដោយ​ផ្តល់​ស្វ័យភាព​ដល់​តំបន់​នេះ​ច្រើន​ជាមុន​ក្តី​។​

​ឧ​ត្ត​ម​សេនីយ៍ Philip Breedlove បាន​សង្កត់ធ្ងន់ថា អាមេរិក​បរាជ័យ​ក្នុងការ​បង្កើត​ភាពជា​ដៃគូ​ជាមួយ​រុស្ស៊ី​នៅ​អឺរ៉ុប ហើយ​អាមេរិក​បាត់បង់​ធនធាន​យោធា​សម្រាប់​ប្រើប្រាស់​នៅ​អឺរ៉ុប​ក្នុង​កាលៈទេសៈ​ចាំបាច់​ដែរ​។ ដែល​នេះ​មានន័យថា បើសិន​ការគំរាមកំហែង​កើតឡើង​បង្កើត​ដោយ​មហាអំណាច​រុស្ស៊ី អាមេរិក​មិនមាន​លទ្ធភាព​ក្នុងការ​ទប់ទល់​ឬ​ការពារ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ឡើយ ព្រោះ​អំណាច​យោធា​អាមេរិក​នៅ​អឺរ៉ុប​ធ្លាក់ចុះ​។ មន្ត្រី​យោធា​ជាន់ខ្ពស់​នេះ​ក៏​លើកឡើង​ផងដែរ​ពី​នយោបាយ​ការបរទេស​អាមេរិករ​បស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ផ្តោត​មកកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខ្លាំងពេក​ភ្លេច​តំបន់​អឺរ៉ុប​។ ចាប់តាំងពី​ចប់​សង្គ្រាមត្រជាក់ កងទ័ព​អាមេរិក​ដែល​ឈរជើង​នៅ​អឺរ៉ុប​ថយចុះ​ពី​កន្លះ​លាន​នាក់មក​ត្រឹមតែ​ជាង ៦​ម៉ឺន​នាក់​ប៉ុណ្ណោះ​។

​អ្វីដែល​សំខាន់ លោក Breedlove ស្នើសុំ​បង្កើន​ថវិកា​យោធា​សម្រាប់​តំបន់​អឺរ៉ុប ដើម្បី​ធានាថា អាមេរិក​អាច​ការពារ​សម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​។ ឆ្លើយតប​ការស្នើសុំ​នេះ គណកម្មាធិការ​សភា​ថា ថវិកា​សម្រាប់​យោធា​អាមេរិក​នៅ​អឺរ៉ុប​ត្រូវ​បង្កើន​ឡើង​បួន​ដង​ធៀប​និង​ថវិកា​សម្រាប់​ប្រើប្រាស់​កាលពី​ឆ្នាំមុន ដោយ​ថវិកា​កើន​ដល់ ៣.៤​ពាន់​លាន​ដុល្លារ​អាមេរិក​។​

-​រុស្ស៊ី​ចង់​បង្កើត​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​
​ក្រៅពី​សុំ​ជំនួយ​បន្ថែម​ពីស​ភា ដើម្បី​ពង្រឹង​អំណាច​អាមេរិក​នៅ​អឺរ៉ុប ឧ​ត្ត​ម​សេនីយ៍​ខាងលើ​បាន​ឆ្លៀត​ទិតៀន​រុស្ស៊ី​ខ្លាំង​ដែរ​ចំពោះ​ការ​លូកដៃ​កាន់តែ​ជ្រៅ​ក្នុង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​។  កាលពី​ខែកញ្ញា​ឆ្នាំមុន រុស្ស៊ី​បានសម្រេច​បញ្ជូន​ទ័ព​និង​សព្វាវុធ​ដើម្បី​គាំទ្រ​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស ក្រោមលេស​ប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ​នៅ​ស៊ី​រី​។ ហើយ​ចាប់តាំងពី​មានការ​ចូលរួម​របស់​ក្រុង​ម៉ូស្គូ​ក្នុង​ជម្លោះ​នេះ អាមេរិក​ប្រឈម​ការលំបាក​កាន់តែខ្លាំង​រហូត​បង្ខំចិត្ត​ចាប់ដៃ​រុស្ស៊ី​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ថែមទៀត​។

​មេទ័ព​អាមេរិក​ប្រចាំ​អឺរ៉ុប​នេះ​ក៏បាន​លើកឡើង​ដែរ​ថា រុស្ស៊ី​មិនបាន​អ​ន្តា​គម​ន៍​នៅ​ស៊ី​រី​ដើម្បី​ការប្រឆាំង​ភេរវកម្ម​ឡើយ​តែ​ដើម្បី​ការពារ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ ប៉ុណ្ណោះ​។ ហើយ​ម្យ៉ាងវិញទៀត រុស្ស៊ី​និង​ស៊ី​រី​ក៏​ឆ្លៀតឱកាស​យក​បញ្ហា​ជនភៀសខ្លួន​ជា​អាវុធ​ដើម្បី​បង្កើត​បញ្ហា​ចម្រូងចម្រាស​ច្រើន​ជំពូក​នៅ​អឺរ៉ុប​ទៀត ព្រោះ​ទាំង​រុស្ស៊ី​និង​អាសាដ​បន្ត​ប្រើប្រាស់​អាវុធ​គ្រប់​ប្រភេទ​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ជីវិត បាត់បង់​ជម្រក​និង​រត់​ភៀសខ្លួន​ឥត​ឈប់​។​

​ដូច្នេះហើយ មន្ត្រី​យោធា​អាមេរិក​រូបនេះ​ចោទថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បង្កើត​បញ្ហា​ស្មុគស្មាញ​បែបនេះ មិន​ត្រឹមតែ​ចង់​ប្រជែង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​លោកខាងលិច​បង្កើតឡើង​មក​ទេ តែ​លោក​ក៏​ចង់​បង្កើត​សណ្តាប់ធ្នាប់​អន្តរជាតិ​ថ្មី​ផងដែរ ដែល​បម្រើ​ប្រយោជន៍​រុស្ស៊ី​ថែមទៀត​៕


Tag:
 ​រុស្ស៊ី​
  ​ណា​តូ​
  ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com