អន្តរជាតិ
មើល​អ៊ី​ម៉ែ​ល​ក្នុង Spam ឃើញ​ឈ្នះ​រង្វាន់​១៥​ម៉ឺន​ដុល្លារ ស្មានតែ​បោកប្រាស់​…
04, Mar 2016 , 8:39 am        
រូបភាព
ដោយ: ធីតា
 
 
​អ្នកស្រី Helen Garner ដែលជា​អ្នកនិពន្ធ​ជនជាតិ​អូស្ត្រាលី​ម្នាក់ បាន​ឆែក​មើល​អ៊ី​ម៉ែ​ល​ក្នុង Spam ដើម្បី​លុប​សារ​ដែល​ឥតប្រយោជន៍​ចោល​។ នៅពេលនោះ អ្នកស្រី​បានឃើញ​សារ​មួយ​ដែល​សរសេរថា អ្នកស្រី​ឈ្នះ​ប្រាក់រង្វាន់​១៥០ ០០០​ដុល្លារ​អាមេរិក​។​
 
​ពេល​ឃើញ​សារ​ដែល​ផ្ញើ​ពី​សាកលវិទ្យាល័យ Yale University របស់​សហរដ្ឋអាមេរិក ដែល​ប្រាប់ថា «​ដំណឹង​ល្អ​» (Good News) ហើយ​ថែមទាំង​សុំ​លេខ​ទូរ​សព្ទ​ផងដែរ​នោះ អ្នកស្រី បាន​គិតថា វា​ជា​រឿង​ឥតប្រយោជន៍ និង​បោកប្រាស់​។ ប៉ុន្តែ​អ្នកស្រី​បាន​យក​រឿងនេះ ប្រាប់​នាយក​របស់ខ្លួន ហើយ​បាន​សាកល្បង​ទាក់ទង​ទៅ Yale University​។ វា​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ខាង​សាកលវិទ្យាល័យ​បាន​អះអាងថា អ្នកស្រី បានឈ្នះ​ពានរង្វាន់ Windham-Campbell សម្រាប់​អ្នកនិពន្ធ​ឆ្នើម ដែលមាន​ទឹកប្រាក់​១៥​ម៉ឺន​ដុល្លារ​អាមេរិក​។​
 
​អ្នកស្រី Helen Garner បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​អូស្ត្រាលី Sydney Morning Herald ថា​៖ «​ខ្ញុំ​ស្ទើរតែ​សម្អាត​អ៊ី​ម៉ែ​ល​នោះ​ចោល​ទៅហើយ ពីព្រោះ​ខ្ញុំ​មិន​ជឿ​ទាល់តែសោះ​»​។​
 
 អ្នកស្រី Garner គឺជា​អ្នកនិពន្ធ​ម្នាក់​ក្នុងចំណោម​៩​នាក់​ដែល​ឈ្នះ​ពានរង្វាន់ Windham-Campbell ប្រចាំឆ្នាំ​។ ពានរង្វាន់​នេះ ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ ដែល​វា​ជា​កាដូ​របស់​អ្នកនិពន្ធ Donald Windham ដើម្បី​ឧទ្ទិស​ដល់​ដៃគូ​របស់ខ្លួន​ឈ្មោះ Sandy M​។​
 
​ពានរង្វាន់​នេះ មិន​តម្រូវ​ឲ្យ​មានការ​ដាក់ពាក្យ​ប្រឡង​ប្រកួតប្រជែង​ឡើយ តែ​ជាការ​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​ជ័យលាភី​។ ក្រៅពី​អ្នកស្រី Garner ជ័យលាភី​មួយចំនួនទៀត​ក៏មាន​ប្រតិកម្ម​ហួសចិត្ត​ផងដែរ​នៅពេល​ទទួលបាន​ដំណឹង​ដំបូង ដូចជា​អ្នកនិពន្ធ​អៀរ​ឡង់ Abbie Spallen និង​អ្នកនិពន្ធ​កាណាដា Hannah Moscovitch ជាដើម ដោយ​ពួកគាត់​គិតថា​ជាការ​បោកប្រាស់​។​
​អ្នកស្រី Garner ជា​អ្នកនិពន្ធ​ម្នាក់​ដ៏​ល្បីល្បាញ​របស់​អូស្ត្រាលី អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​។ ស្នាដៃ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់គាត់​នោះ គឺ​រឿង «This House of Grief» កាលពី​ឆ្នាំ​២០១៤ ដែល​រៀបរាប់​ពី​សំណុំរឿង​មួយ​នៅ​តុលាការ​។​
 
​អ្នកនិពន្ធ​ដែល​ឈ្នះ​រង្វាន់​ទាំង​៩​រួមមាន Helen Garner (​អូស្ត្រាលី​), Abbie Spallen (​អៀរ​ឡង់​), Hannah Moscovitch (​កាណាដា​) Branden Jacobs-Jenkins (​អាមេរិក​) Tessa Hadley (​អង់គ្លេស​), CE Morgan (​អាមេរិក​) Jerry Pinto (​ឥណ្ឌា​) Hilton Als (​អាមេរិក​) និង Stanley Crouch (​អាមេរិក​)៕
 

Tag:
 ប្លែក​
  អ្នកនិពន្ធ​
  Yale University
© រក្សាសិទ្ធិដោយ thmeythmey.com