កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
កីឡាករ និង​កីឡាការិនី​បាល់បោះ​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ពីររូប នឹង​មក​កម្ពុជា
09, Jul 2016 , 7:39 am        
រូបភាព
ដោយ:
 ​កីឡាករ​បាល់បោះ​របស់​អាមេរិក Wayne Ellington និង​កីឡាការិនី Sue Wicks នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៧ ខែកក្កដា ខាងមុខ​។ គម្រោង​មកកាន់​កម្ពុជា​របស់​កីឡាករ កីឡាការិនី ផ្នែក​បាល់បោះ​ទាំងពីរ រៀបចំឡើង​ដោយ​ក្រសួងការបរទេស​អាមេរិក​សហការ​ជាមួយ​សមាគម​កីឡាបាល់បោះ​បុរស និង​សមាគម​កីឡាបាល់បោះ​នារី​នៅ​សហរដ្ឋអាមេរិក​។​
 
​អ្នក​ទាំងពីរ​នេះ គឺជា​បេសកជន​កីឡាបាល់បោះ​បុរស និង​នារី ដែល​ក្រ​សូង​ការបរទេស​អាមេរិក​ជ្រើសរើស​បញ្ជូនមក​កម្ពុជា​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃទី ៨ ខែកក្កដា កីឡាករ Wayne Ellington និង​កីឡាការិនី Sue Wicks នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី ១២ ខែកក្កដា ។ ការងារ​បេសកជន​កីឡា​ទាំងពីរ​រូបនេះ នៅក្នុង​ប្រទេស​កម្ពុជារ​ហូត​ដល់​ថ្ងៃទី ១៧ ខែកក្កដា ខាងមុខ ដើម្បី​ជួយ​ពង្រឹង​ជំនាញ​កីឡា​ផ្នែក​បាល់បោះ​ដល់​យុវជន​កម្ពុជា និង​ធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​មកលើ​កីឡាបាល់បោះ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ជាងនេះទៅទៀត ដំណើរ​មកកាន់​កម្ពុជា​របស់​កីឡាករ Wayne Ellington និង​កីឡាការិនី Sue Wicks  ក៏​នឹង​ផ្តោតលើ​ការងារ​ជា​ក្រុម​របស់​យុវជន ការទំនាក់ទំនង​ជាមួយ​គ្នា​បានល្អ ការបង្កើន​ការចេះ​ឲ្យ​តម្លៃ​លើ​ខ្លួនឯង និង​មេរៀន​ដទៃទៀត ដែល​នឹង​បាន​រៀន តាមរយៈ​ការលេង​កីឡាបាល់បោះ​នេះ​។ 
 
​ស្រប​ពេលដែល​កីឡាករ កីឡាការិនី​ទាំងពីរ​មិនទាន់​មកដល់​កម្ពុជា ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុ​ជាំ កំពុងធ្វើការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា និង​សមាគម​អតីត​និស្សិត​អាហារូបករណ៍ Fulbright  នៃ​កម្ពុជា ដើម្បី​ទទួល​បេសកជន​កីឡា និង​រៀបចំ​សកម្មភាព​នានា​។  ក្នុងចំណោម​សកម្មភាព​ទាំងនេះ មាន​សកម្មភាព ២ ដែល​នឹង​ត្រូវបាន​បើក​ឲ្យ​សាធារណជន​ចូល​មើល​ដោយ​សេរី និង​ដោយ​មិន​គិតថ្លៃ​នោះ មានដូចជា នៅ​ម៉ោង ៩ ព្រឹក ថ្ងៃទី ១៤ កក្កដា នឹងមាន​កម្មវិធី​ជួបជុំ​ដោយ​សេរី នៅ​សាលា​វត្ត​កោះ ដើម្បី​ជួយ​ដល់​គំរោង​ជួសជុល​ទីលាន​លេង​កីឡាបាល់បោះ​នៅក្នុង​សាលា​នេះ​។  ហើយ​នៅ ម៉ោង ៥ រសៀល ថ្ងៃទី ១៥ កក្កដា នឹងមាន​កម្មវិធី​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក ដោយមាន​ការលេង​បាល់បោះ ការប្រគំ​តន្ត្រី និង​មាន​កម្មវិធី​ជាច្រើន​ទៀត​។​
 
​កីឡាករ Wayne Ellington ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ ទី ២៨ ដោយ​ក្រុមកីឡា Minnesota Timberwolves ក្លាយជា​សមាជិក​ក្រុមកីឡា​បាល់បោះ​ប្រចាំឆ្នាំ​នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ ២០០៩ ។ Ellington  លេង​ឲ្យ​ក្រុម Brooklyn Nets កាលពី​ឆ្នាំទៅ និង​លេង​ឲ្យ​ក្រុម Memphis Grizzlies, Cleveland Cavaliers, Dallas Mavericks និង Los Angeles Lakers  ផងដែរ​។ កីឡាករ Ellington ធ្លាប់​ទទួល​រង្វាន់ 2015-16 J. Walter Kennedy Citizenship Award​។ ពានរង្វាន់​នេះ  សមាគម​អ្នកនិពន្ធ​ស្តីពី​កីឡាបាល់បោះ​អាជីព ផ្តល់​ឲ្យ​រាល់​ឆ្នាំ ដល់​កីឡាករ​នៅក្នុង​សមាគម​កីឡាបាល់បោះ គ្រូបង្ហាត់ ឬ​អ្នក​បង្ហាត់​កីឡាករ ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​ការងារ​។​
 
​ចំណែក​កីឡាការិនី Sue Wicks បាន​ជាប់​ជា​ជម្រើស​ជុំ​ដំបូង​ដោយ​ក្រុម New York Liberty នៅក្នុង​ការជ្រើសរើស​កីឡាការិនី​ជា​លើកដំបូង ក្នុង​ឆ្នាំ ១៩៩៧ របស់​សមាគម​កីឡាការិនី​បាល់បោះ​ក្នុង​សហរដ្ឋអាមេរិក​។ កីឡាការិនី​រូបនេះ លេង​ឲ្យ​សាកលវិទ្យាល័យ Rutgers University ហើយ​បាន​ជាប់​ជា​កីឡាការិនី​ស្ម័គ្រ​ចិត្តល្អ​ជាងគេ​ចំនួន ៣ លើក ក្នុង​សហរដ្ឋអាមេរិក ព្រមទាំង​នៅ​ឆ្នាំ ១៩៨៨ បាន​ក្លាយជា​អ្នកលេង​ល្អ​បំផុត​ប្រចាំឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក​។ កីឡាការិនី​ឆ្នើម​រូបនេះ ធ្លាប់​ទទួលបាន​ពានរង្វាន់ Kim Perrot Sportsmanship Award នៅ​ឆ្នាំ ២០០០ ហើយ​បានបញ្ចប់​អាជីព​របស់​លោកស្រី​នៅក្នុង​សមាគម​បាល់បោះ​នារី​អាមេរិក ដោយ​ជាប់​លេខ ៨​។ កីឡាការិនី Wicks ត្រូវបាន​បញ្ចូល​ទៅក្នុង​ក្រាំងមាស​ផ្នែក​កីឡាការិនី​បាល់បោះ​ក្នុង​សាកលវិទ្យាល័យ Rutgers នៅ​ខែមិថុនា ឆ្នាំ ២០១៣៕
 

Tag:
 កីឡា​
  ទូត​អាមេរិក​
  បាល់បោះ
© រក្សាសិទ្ធិដោយ thmeythmey.com