កីឡាជាតិ
ជាតិ
ក្រោយ​វៀតណាម​លត់​អូស្ត្រាលី មី​យ៉ាន់​ម៉ា​ទទួលបាន​៣​ពិន្ទុ​មុន​ម៉ាឡេស៊ី និង​ហ្វីលីពីន​ចែកគ្នា​ម្នាក់​១​ពិន្ទុ​
13, Jul 2016 , 10:16 am        
រូបភាព
ដោយ:
​សម្រាប់​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF U16 Championship 2016 ក្នុង​ពូ​ល​A នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ ក្រោយ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម លត់​ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី ៣-០ ក្រុមយុវជន​ជម្រើស​រើស​ជាតិ​មី​យ៉ាន់​ម៉ា ទទួលបាន​៣​ពិន្ទុ​បន្ថែម ខណៈ​ក្រុមយុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី និង​ហ្វីលីពីន​ចែកគ្នា​ម្នាក់​១​ពិន្ទុ​។ 


​ក្រុមយុវជន​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​ទទួលបាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​ការប្រកួត​ជើង​ទី​២ ក្រោយពី​យកឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ​សិង្ហ​បុរី ៤-១ កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នាំ​ឲ្យ​ក្រុម​នេះ​ឈរ​ចំណាត់ថ្នាក់​លេខ​២ ជា​បណ្តោះអាសន្ន​ក្នុង​ពូ​ល A ដោយមាន​៤​ពិន្ទុ បន្ទាប់ពី​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម​។ សម្រាប់​ការប្រកួត​ជើង​ទី​១​ក្រុម​មី​យ៉ាន់​ម៉ា បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​អូស្ត្រាលី​ប៉ុណ្ណោះ​។

​ជ័យជម្នះ​៤-១​របស់​មី​យ៉ាន់​ម៉ា​នេះ សម្រេច​ដោយ​កីឡាករ Aung Wanna Soe ២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​១៣ និង​៤០ និង​កីឡាករ Win Naing Tun ១​គ្រាប់ នៅ​នាទី​៤២ ព្រមទាំង​រួមចំណែក​ដោយ Ye Yint Aung ១​គ្រាប់​ផងដែរ ខណៈ​១​គ្រាប់​របស់​សិង្ហ​បុរី​រកបាន​ដោយ​កីឡាករ Mohamad Azlan នៅ​នាទី​ថែម​បង្គ្រប់​បញ្ចប់​តង់​ទី​២​។



​ជាមួយគ្នានេះដែរ ក្រុមយុវជន​ជម្រើសជាតិ​ហ្វីលីពីន និង​ម៉ាឡេស៊ី​បាន​ចែកគ្នា​ម្នាក់​១​ពិន្ទុ បន្ទាប់ពី​បញ្ចប់​ការប្រកួត​រក្សា​លទ្ធផល​ស្មើ ២-២​។ ២​គ្រាប់​របស់​ម៉ាឡេស៊ី​រកបាន​ដោយ​កីឡាករ Sallahuddin ទាំងពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​៣០ និង​៤៦ ហើយ​២​គ្រាប់​របស់​ក្រុមយុវជន​ជម្រើសជាតិ​ហ្វីលីពីន សម្រេច​ដោយ​កីឡាករ Tacardon នៅ​នាទី​ទី​៣៤ និង Wilson នៅ​នាទី​ទី​៤៤​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កាលពី​ម្សិលមិញ​នោះដែរ​ក្រុមយុវជន​ជម្រើសជាតិ​របស់​វៀតណាម បាន​លត់​ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី ៣-០​។ ជ័យជម្នះ​នេះ​សម្រេច​ដោយ​កីឡាករ Uong Ngoc Tien និង Tran Van Det ម្នាក់​មួយ​គ្រាប់​នៅ​តង់​ទីមួយ និង​កីឡាករ Nguyen Khac Khiem បន្ថែម​បាន​១​គ្រាប់​នៅ​តង់​ទី​ពីរ​។ វៀតណាម ឈរ​លេខ​១​បណ្តោះអាសន្ន​ក្នុង​ពូ​ល​A ដោយមាន​៦​ពិន្ទុ​ពេញ​សម្រាប់​ការប្រកួត​ពីរលើក ខណៈ​អូស្ត្រាលី​មាន​១​ពិន្ទុ​ក្រោយពី​ស្មើ​ជាមួយ​មី​យ៉ាន់​ម៉ា​កាលពី​ជើង​ទី​១ ៕


Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com