កីឡាជាតិ
ជាតិ
អូស្ត្រាលី ជួប ហ្វីលីពីន ក្រោយ​សិង្ហ​បុរី ជួប ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ប៉ះ​ក្រុម​ខ្លាំង​វៀតណាម
14, Jul 2016 , 12:10 pm        
រូបភាព
ក្រុម​កីឡាករ U-16 មីយ៉ាន់ម៉ា
ក្រុម​កីឡាករ U-16 មីយ៉ាន់ម៉ា
ដោយ:
 
​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ សិង្ហ​បុរី ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន​ម៉ាឡេស៊ី នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ល្ងាច​នេះ នៃ​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​បាល់ទាត់​អាស៊ាន AFF U-16 Youth Championship 2016 ចំណែក​ក្រុមយុវជន​មី​យ៉ាន់​ម៉ា ជួប​ប្រ​កួ​ជាមួយ​ក្រុម​ខ្លាំង​វៀតណាម មុន​ក្រុមយុវជន​អូស្ត្រាលី ជួប​ដៃគូ​ចាស់​ហ្វីលីពីន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។    
 
​សិង្ហ​បុរី ក្រោយពី​ឆ្លងកាត់​ពីរ​ប្រកួត​ចាញ់​មួយ​ប្រកួត​ឈ្នះ​១​ប្រកួត​រំពឹងថា នឹង​ទទួលបាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​បន្ត​ឈរ​នៅក្នុង​ពូ​ល B នា​ជំនួប​លើក​ទី​៣​ជាមួយ​ក្រុម​ម៉ាឡេស៊ី​នា​ល្ងាច​នេះ​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ខណៈ​ម៉ាឡេស៊ី ត្រូវការ​ឈ្នះ​ដើម្បី​បន្ត​ឱកាស​ប្រជែង​យក​ជើង​ឯកនៃ​ពានរង្វាន់​សហព័ន្ធ​អាស៊ាន​ប្រចាំឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ក្រុម​នេះ​ឆ្លងកាត់​ពីរ​ប្រកួត​ចាញ់​១​ប្រកួត​និង​ស្មើ​១​ប្រកួត​។​
 
​ក្រុម​ទាំងពីរ​នេះ​ធ្លាប់មាន​ប្រ​វ​តិ្ត​ជួបគ្នា​២​ដង​រួចមកហើយ​នៃ​ព្រឹត្តិការណ៍ AFF U-16 Youth Championship នេះ ដោយ​ឆ្នាំ​២០០៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្រុមយុវជន ម៉ាឡេស៊ី បាន​យកឈ្នះ​សិង្ហ​បុ​រិ ២-០ ហើយ​នៅ​ឆ្នាំ​២០១៣ នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា ក្រុម​ទាំងពីរ​សម្រេច​ក្នុង​លទ្ធផល​ស្មើ​១-១​។ 
 
​ជាមួយគ្នានេះ​ក្រុមយុវជន​មី​យ៉ាន់​ម៉ា​ក្រោយពី​យកឈ្នះ​ក្រុមយុវជន​សិង្ហ​បុរី ៤-១ នា​ការប្រកួត​លើក​ទី​២ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​វៀតណាម​ដែល​កំពុង​ឈរ​លេខ​១​ក្នុង​ពូ​ល និង​ជា​ក្រុម​មិនដែល​ស្គាល់​ចាញ់​សម្រាប់​២​ប្រកួត​របស់ខ្លួន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៣​ល្ងាច​នេះ​។​
 
​តាម​ប្រវត្តិ​នៃ​ការជួបគ្នា​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ពីរដង​រួចមកហើយ​នៃ​ព្រឺ​ត្តិ​ការណ៍​នេះ ដោយ​ឈ្នះ​ម្នាក់​មួយ​ប្រកួត​។ ឆ្នាំ​២០១១ នៅ​ប្រទេស​ឡាវ ក្រុមយុវជន​មី​យ៉ាន​ម៉ា​បាន​យកឈ្នះ​ក្រុមយុវជន​វៀតណាម ៣-១ ហើយ​នៅ​ឆ្នាំ​២០១៣ ក្រុមយុវជន​វៀតណាម​បាន​លត់​ក្រុម​ម្ចាស់​មី​យ៉ាន់​ម៉ា​យ៉ាង​ចាស់ដៃ ៤-០​។ 
 
​ចំណែក​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុមយុវជន​អូស្ត្រាលី​ត្រូវ​ជួប​ប្រកួត​ជាមួយ​ដៃគូ​ចាស់ ហ្វីលីពីន ដែល​ខ្លួន​ធ្លាប់​បំបាក់​ក្នុង​លទ្ធផល ៨-២ កាលពី​ឆ្នាំ​២០១៥ នៅលើ​ទឹកដី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​ផ្ទាល់​តែម្តង​។ តើ​ក្រុមយុវជន​ហ្វីលីពីន​អាច​ជម្រះបញ្ជី​ចាស់​ជាមួយ​អូស្ត្រាលី​បាន​ឬ​យ៉ាងណា​?
  
*​កម្មវិធី​ប្រកួត​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នេះ​៖
- ម៉ោង​១៥:៣០​នាទី​៖ សិង្ហ​បុរី ជួប ម៉ាឡេស៊ី នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
- ម៉ោង​១៥:៣០​នាទី​៖ មី​យ៉ាន់​ម៉ា ជួប វៀតណាម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
- ម៉ោង​១៨:៣០​នាទី​៖ អូស្ត្រាលី ជួប ហ្វីលីពីន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com