កីឡាជាតិ
ជាតិ
កម្ពុជាមិនទទួលបានមេដាយសោះក្នុងព្រឹត្តិការណ៍វាយកូនឃ្លីលើតុជើងឯកយុវជនអាស៊ាន 15, Jul 2016 , 8:39 am
× ក្រុមវាយកូនឃ្លីលើតុកម្ពុជាមិនទទួលបានមេដាយសោះក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០១៦ (22nd South East Asian Table Tennis Championships 2016) ក្នុងចំណោមប្រទេសចំនួន៧ចូលរួម។ កម្ពុជាបានត្រឹមឈរមើល និងអបអរដល់បណ្តាប្រទេសដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីព្រឹត្តិការណ៍នេះប៉ុណ្ណោះ។
ក្រុមវាយកូនឃ្លីលើតុកម្ពុជាទាំងអាយុក្រោម១៨ឆ្នាំ និងក្រោម១៥ឆ្នាំចំនួន១៣នាក់ មិនទទួលបានមេដាយសូម្បីតែមួយគ្រឿងពីការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី២២ ពោលគឺក្រុមកម្ពុជាទាំងនេះធ្លាក់តាំងពីវគ្គជម្រុះមកម្ល៉េះ។ ការប្រកួតនេះធ្វើឡើងនៅក្នុងសាលដំបូលទូកដោយមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៩ ខែកក្កដា ហើយបានបញ្ចប់កាលពីថ្ងៃទី១២ ដោយមានប្រទេសចំនួន៧ចូលរួម និងមានអត្តពលិកសរុបចំនួន១២០នាក់ ក្នុងនោះប្រទេសឡាវក៏មិនទទួលបានមេដាយដូចកម្ពុជាដែរ។
ផ្ទុយទៅវិញកម្ពុជា និងឡាវបានត្រឹមឈរមើលការបង្ហូតទង់ជាតិ និងទះអបអរដល់បណ្តាប្រទេសទាំង៥ដែលទទួលបានមេដាយប៉ុណ្ណោះ។ ក្នុងចំណោមបណ្តាប្រទេសទាំងនោះក្រុមវាយកូនឃ្លីរបស់សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយសរុបចំនួន២១គ្រឿង មាស១០ ប្រាក់៥ និងសំរឹទ្ធ៦ ខណៈថៃជាប់ចំណាត់លេខ២ ដោយទទួលបានមេដាយសរុបចំនួន១២គ្រឿងក្នុងនោះមាស២ ប្រាក់១ និងសំរឹទ្ធ៩។
ក្រុមវាយកូនឃ្លីលើតុម៉ាឡេស៊ីទទួលបានចំណាត់លេខ៣ ដោយទទួលបានមេដាយសរុបចំនួន៨ ក្នុងនោះមាស១ ប្រាក់៣ និងសំរឹទ្ធ៤។ ចំណែកវៀតណាមឈរចំណាត់ថ្នាក់លេខ៤ ដោយទទួលបានមេដាយសរុបចំនួន៧ ប្រាក់៤ និងសំរឹទ្ធ៣ ខណៈលេខ៥បានទៅលើ ហ្វីលីពីន ដោយទទួលបានមេដាយសំរឹទ្ធចំនួន៤គ្រឿង៕
Tag:
វាយកូនឃ្លីលើតុ
ជើងឯកយុវជនអាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com