កីឡាជាតិ
ជាតិ
AFF U16៖ ថៃ​ឈ្នះ​​កម្ពុជា​ ៦-០
17, Jul 2016 , 8:21 pm        
រូបភាព
ក្រុម U16 ថៃ
ក្រុម U16 ថៃ
ដោយ: ថ្មីៗ
ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ថៃ បានយក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា ៦-០ ក្នុង​ការ​ប្រកួត​ជម្រុះ​ពូ​ល B នៃព្រឹត្តិការណ៍ AFF U16 Championship ឆ្នាំ​២០១៦ នៅពហុកីឡដ្ឋាន​ជាតិអូ​ឡាំពិក​នា​ល្ងាច​ថ្ងៃអាទិត្យនេះ។


Korawich Tasa បាន​ទាត់​បាល់បញ្ចូលទីនាំមុខ​សម្រាប់​ថៃនៅ​នាទី​៤០ ហើយ​ឈាន​ដល់នាទី​បន្ថែម គ្រូ​បង្វឹក​កម្ពុជា លោក Inoue Kazunori បាន​បង្ខំ​ចិត្តដូរអ្នកចាំទី​ជម្រើស​ដំបូង គង់ រ៉ាហ្វាត់ ដោយសារ​បញ្ហារបួស។ ហ៊ុល គឹមហ៊ុយ បាន​ចូល​ជំនួស​រ៉ាហ្វាត់ មុនពេល​លោកអាជ្ញាកណ្តាល​ហ្វីលីពីន Clifford Daypuyat ផ្លុំកញ្ចែបញ្ចប់​តង់ទីមួយ។

នៅនាទី៥២ លោកអាជ្ញាកណ្តាល​ហ្វីលីពីន Clifford Daypuyat បានផ្តល់​បាល់ពិន័យ​១១ម៉ែត្រ​សម្រាប់​ក្រុម​ថៃ បន្ទាប់ពី​ខ្សែការពារ​កម្ពុជា​បង្កកំហុសនៅ​តំបន់​គ្រោះ​ថ្នាក់។ Sumana Salapphet ទាត់បាល់ពិន័យបញ្ចូលទី​បាន​សម្រេច មុនពេល​ដែល Peerapat Kaminyhong បន្ថែមគ្រាប់ទីបីនៅនាទី​៦៧ ។ គ្រាប់បាល់ទី​៤ និង​ទី៥ កើតមាន​សម្រាប់​ក្រុម​ថៃ ជាមួយ​នឹង​ការសម្រេច​ផល​របស់ Jinnawat Russamee ទាំង​២គ្រាប់​ ។ មុនចប់ការ​ប្រកួត Korawich Tasa  បន្ថែមបាន​១គ្រាប់ទៀត។

នៅ​ក្នុងព្រឹត្តិការណ៍ AFF U16 Championship នេះ ក្រុម​ទាំងពីរ​ធ្លាប់​ប៉ះគ្នា​ចំ​នួន​២លើក ដោយ​បានបញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅ​ឆ្នាំ​២០០២ ហើយ​ថៃ​ឈ្នះ ៣-២ កាលពីឆ្នាំ​២០០៧។ ជ័យ​ជម្នះ​បន្ថែម​លើ​កម្ពុជានាពេលនេះ នាំឲ្យ​ថៃ ទទួល​បាន​កៅអី​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ជាមួយ​នឹងក្តី​រំពឹង​ខ្ពស់​ក្នុង​ការ​រក្សា​តំណែង​ជើង​ឯក​របស់​ខ្លួន។

ការ​ប្រកួត​គូទី​១នៅ​ក្នុងពូល B ព្រុយណេ​​បាន​បង់​ឱកាស​ទៅ​កាន់​វគ្គ​បន្ត បន្ទាប់ពួក​គេ​ត្រូវ​បាន​ក្រុមឡាវ​បំបាក់ក្នុងលទ្ធផល ៤-០ ។ Bounphachan Bounkong និង Anan Inthapanya រក​បានម្នាក់​ពីរគ្រាប់​សម្រាប់​ក្រុមឡាវ។

នៅ​ថ្ងៃទី​១៩ ខែកក្កដា កម្ពុជា​ត្រូវ​តទល់ជាមួយ​ទីម័រ​ខាងកើត មុនពេលឡាវ​ជួបថៃ។ កម្ពុជានៅមាន​ក្តី​សង្ឃឹម​ក្នុង​ការឈាន​ទៅ​កាន់វគ្គ​បន្ត ប្រសិន​បើពួក​គេ​ឈ្នះ​ទីម័រខាងកើត ។

សម្រាប់ពូល A វៀតណាម បាន​ឡើង​ទៅ​រងចាំ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​អូស្ត្រាលី និង​ម៉ាឡេស៊ី ដែល​មាន​៧ពិន្ទុ​ដូចគ្នា ត្រូវ​ប្រជែងគ្នា​ដើម្បីឡើង​ទៅ​កាន់វគ្គ​បន្ត។ មីយ៉ាន់ម៉ា សិង្ហបុរី និងហ្វីលីពីន អស់ឱកាស​ហើយ​ក្នុង​ការឈាន​ទៅ​កាន់​វគ្គ​បន្ត។

ជម្រើស​ដំបូង​កម្ពុជា៖ គង់ រ៉ាហ្វាត់, (ហ៊ុល គឹមហ៊ុយ, អ្នកចាំទី ៤៥+២), យ៉ើ សាហ្វី, ឡុង ម៉េងហាវ, ឈឿង វីស៊ីនុ, សៀង ចន្ធា, សាន គឹមហេង, ស៊ិន កក្កដា, ទុន សុំឆៃ, ហេង ទីណា (សឿត ណាវ៉ា ៥៦), ទៀត គឹមហេង, សៀន សុភត្រា (រ័ត្ន ប៊ុននូ ៨៣)។

កីឡាករ​បម្រុង៖ ទេស សម្បត្តិ, ផាច សុផាវីឡា, ទូច គឹមឆាយ, សេត ម៉ាន់ស៊ូត, តាន់ រិទ្ធីវីវឌ្ឍន៍, ម៉ៅ ពិសិដ្ឋ, យ៉េត ចិត្រា, , ស្វែង សំណាង, , គង់ ចាន់​សិរិសា៕




Tag:
 U16 Cambodia
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com