កីឡាជាតិ
ជាតិ
មី​យ៉ាន់​ម៉ា​ជួប​ហ្វីលីពីន​បង្គ្រប់កិច្ច​មុន អូស្ត្រាលី​ប្រជែង​ជាមួយ​ម៉ាឡេស៊ី​ដើម្បី​ឡើងទៅ​វគ្គ​១/២
18, Jul 2016 , 11:25 am        
រូបភាព
កីឡាករអូស្ត្រាលី (លឿង) នាជំនួបកន្លងមកជាមួយ​វៀតណាម
កីឡាករអូស្ត្រាលី (លឿង) នាជំនួបកន្លងមកជាមួយ​វៀតណាម
ដោយ:

​សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF U-16 Championship 2016 នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​មី​យ៉ាន់​ម៉ា ជួប​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ហ្វីលីពីន ខណៈ​ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី​ត្រូវ​ប្រជែង​ជាមួយ​យុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី ដើម្បី​ឡើងទៅ​វគ្គ​១/២​។ ចំណែក​យុវជន​ជម្រើសជាតិ​សិង្ហ​បុរី ជួប​ជើង​ខ្លាំង​យុវជន​ជម្រើសជាតិ​វៀតណាម​។


​ក្រុមបាល់ទាត់​យុវជន​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​ខណៈដែល​កំពុង​ឈរ​លំដាប់​លេខ​៤​ដោយមាន​៤​ពិន្ទុ​ក្រោយ​ឆ្លងកាត់​៤​ប្រកួត​ឈ្នះ​១​ប្រកួត​ស្មើ​១​ប្រកួត និង​ចាញ់​២​ប្រកួត​ជួប​ប្រកួត​បង្គ្រប់កិច្ច​នៃ​ពានរង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF U-16 Championship ជាមួយ​ក្រុម​បាត​តារាង​ដែល​មិន​ស្គាល់​ជ័យជម្នះ​យុវជន​ជម្រើសជាតិ​ហ្វីលីពីន នា​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​នេះ​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។

​ជាមួយគ្នានេះ​ជំនួប​រវាង​ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី និង​ក្រុមយុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី​នា​វេលា​ម៉ោង​៦​ល្ងាច​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្លាយជា​ជំនួប​មួយ​ដ៏​ស្វិតស្វាញ​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​ឡើងទៅ​ប្រជែង​នៅក្នុង​វគ្គ​១/២​នៃ​ពានរង្វាន់ AFF U-16 Championship ខណៈ​ក្រុម​ទាំងពីរ​កំពុងមាន​៧​ពិន្ទុ​ដូចគ្នា​នៅក្នុង​ពូ​ល​B​។ សម្រាប់​ការប្រកួត​ល្ងាច​នេះ​ប្រសិនបើ​ក្រុម​ណា​ឈ្នះ ក្រុម​នោះ​នឹង​ឡើងទៅ​កាន់​វគ្គ​១/២​ជាមួយ​វៀតណាម​តំណាង​ឲ្យ​ពូ​ល​B​។

​ដោយឡែក​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​សិង្ហ​បុរី​នឹង​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ជើង​ខ្លាំង​ដែល​មិន​ធ្លាប់​ស្គាល់​បរាជ័យ​សម្រាប់​៤​ប្រកួត​កន្លង​នៃ​ពានរង្វាន់ AFF U-16 Championship 2016 គឺ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម នា​វេលា​ម៉ោង​៨​យប់​នៅក្នុង​ពហុ​កី​ឡ​ជាតិ​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ក្នុង​ពូ​ល​B​នៃ​ពានរង្វាន់ AFF U-16 Championship 2016 កាលពី​ម្សិលមិញ ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​រង​ការបំបាក់​យ៉ាង​ចាស់ដៃ ៦-០ របស់​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ ក្រោយ​ក្រុមយុវជន​ជម្រើសជាតិ​ឡាវ លត់ ក្រុមយុវជន​ជម្រើសជាតិ​ព្រុយ​ណេ ៤-០៕  
 
*​កម្មវិធី​ប្រកួត​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ៖
- ម៉ោង​១៥:៣០​នាទី​៖ មី​យ៉ាន់​ម៉ា ជួប ហ្វីលីពីន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
- ម៉ោង​១៨:៣០​នាទី​៖  អូស្ត្រាលី ជួប ម៉ាឡេស៊ី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
- ម៉ោង​០៨:០០​នាទី​៖ សិង្ហ​បុរី ជួប វៀតណាម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​


Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com