កីឡាជាតិ
ជាតិ
AFF U-16៖ គ្រូថៃថា កម្ពុជាលេងល្អ ប៉ុន្តែចូលចិត្តប្រើក្បួនលេងដដែលៗ 18, Jul 2016 , 7:39 pm
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំថៃ បានយកឈ្នះម្ចាស់ផ្ទះកម្ពុជា ៦-០ ក្នុងការប្រកួតជម្រុះពូល B នៃព្រឹត្តិការណ៍ AFF U16 Championship ឆ្នាំ២០១៦ ។ បើតាមគ្រូបង្វឹកថៃ មូលហេតុដែល ថៃ អាចយកឈ្នះ កម្ពុជា ៦ទល់០ នេះដោយសារតែថៃ ផ្លាស់ប្ដូរយុទ្ធសាស្ត្រលេងថ្មី ក្នុងការបំបែកស្ទីលនិងទម្រង់លេងដដែលៗ របស់កម្ពុជានេះ។
ក្នុងការប្រកួតរយៈពេល៩០នាទី ក្រុមជម្រើសជាតិក្រោមអាយុ១៦ឆ្នាំថៃ អាចស៊ុតគ្រាប់បាល់បញ្ចូលទីក្រុមកម្ពុជា ចំនួន៦គ្រាប់ ដោយកីឡាករ Korawich Tasa នៅនាទី៤០ ។ កីឡាករ Sumana Salapphet ទាត់បាល់ពិន័យបញ្ចូលទីបានសម្រេចនៅនាទី៥៣ មុនពេលដែល Peerapat Kaminyhong បន្ថែមគ្រាប់ទីបីនៅនាទី៦៧ ។ ចំណែកគ្រាប់បាល់ទី៤ និងទី៥ កើតមានសម្រាប់ក្រុមថៃ ជាមួយនឹងការសម្រេចផលរបស់ Jinnawat Russamee ទាំង២គ្រាប់ ។ មុនចប់ការប្រកួត Korawich Tasa បន្ថែមបាន១គ្រាប់ទៀត។
សម្រាប់គ្រូបង្វឹកថៃលោក Chaiyong Khumpiam ចាត់ទុកការប្រកួតជាមួយកម្ពុជានេះ គឺជាជោគជ័យមួយ ដែលមិនគួរឲ្យជឿថា ថៃអាចយកឈ្នះកម្ពុជារហូតដល់៦គ្រាប់ឡើយ។ បើតាមលោក Chaiyong Khumpiam មូលហេតុដែល ថៃ អាចយកឈ្នះ កម្ពុជា បាននេះដោយសារតែថៃ ផ្លាស់ប្ដូរយុទ្ធសាស្ត្រលេងថ្មី ក្នុងការបំបែកតាកទិចនិងទម្រង់លេងដដែលៗ របស់កម្ពុជា។ ជាពិសេសគឺការរារាំងកីឡាករ ស៊ាង ចន្ធា ដែលជាកីឡាករមុតស្រួចរបស់កម្ពុជា មិនឲ្យមានឱកាសបំបែកសំណាញ់ទីថៃបាន។
ថ្លែងក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកថៃរូបនេះ បញ្ជាក់ដូច្នេះថា៖«បាល់ទាត់មិនមែនជាកីឡាមួយដែលប្រើតែកម្លាំងទេ គឺមានការលេងដោយប្រើកលល្បិច មានបទបែនជាច្រើន។ ហើយខ្ញុំឃើញថាពីរប្រកួតមុនដំបូង កម្ពុជាតែងតែប្រើកីឡាករដដែល និងតាកទិចលេងដដែលៗ។ ហើយកាលនៅថៃ ក្រុមខ្ញុំប្រកួតមិត្តភាពចាញ់កម្ពុជា ៣-១ ប៉ុន្ដែកីឡាករដែលលេងនៅបាងកក និងកម្ពុជានេះគឺខុសគ្នា»។
លោក Chaiyong Khumpiam បន្ថែមថា កីឡាករកម្ពុជា ពិតជាមានទម្រង់លេងបានល្អ មានកីឡាករល្អ និងគោរពវិន័យល្អក្នុងការប្រកួត ប៉ុន្ដែមិនទាន់គ្រប់គ្រាន់ឡើយ ពោលគឺកីឡាករកម្ពុជាត្រូវការហ្វឹកហាត់រៀនសូត្រ ទទួលយកបទពិសោធន៍បន្ថែមទៀត សម្រាប់ការប្រកួតខាងមុខ។
គ្រូបង្វឹកកម្ពុជាលោក Inoue Kazunori ទទួលស្គាល់ថា ក្រុមថៃ គឺពិតជាក្រុមខ្លាំងដែលមានទម្រង់លេងយ៉ាងល្អក្នុងការប្រកួត។ ប៉ុន្តែមូលហេតុដែលកម្ពុជា ចាញ់ថៃ ដោយលទ្ធផលច្រើននេះ ដោយសារកម្ពុជា បាត់បង់អ្នកចាំទីជម្រើសដំបូង គង់ រ៉ាហ្វាត់ ដោយសារបញ្ហារបួសនោះ គឺជាសម្ពាធធំមួយដែលធ្វើឲ្យកម្ពុជារបូតគ្រាប់បាល់ច្រើន ស្របពេលដែលក្រុមកម្ពុជា ប្រឹងវាយលុកយកគ្រាប់បាល់បញ្ចូលទីថៃ វិញ។
បើតាមគ្រូបង្វឹកកម្ពុជាលោក Inoue Kazunori លទ្ធផលបរាជ័យនេះ គឺជាបទពិសោធន៍មួយដែលលោកត្រូវទទួលយកទៅពង្រឹងហ្វឹកហាត់កីឡាករបន្ថែមទៀត ដើម្បីឆ្លងផុតវគ្គជម្រុះនេះ ហើយឈានទៅប្រកួតដណ្ដើមយកពាន AFF U16 Championship ឆ្នាំ២០១៦នេះ ជាមួយក្រុមខ្លាំងដូចជា ក្រុមថៃ នៅវគ្គផ្ដាច់ព្រាត់ម្ដងទៀត។
នៅថ្ងៃទី១៩ ខែកក្កដា កម្ពុជាត្រូវតទល់ជាមួយទីម័រខាងកើត មុនពេលឡាវជួបថៃ។ កម្ពុជានៅមានក្តីសង្ឃឹមក្នុងការឈានទៅកាន់វគ្គបន្ត ប្រសិនបើពួកគេឈ្នះទីម័រខាងកើត ៕
Tag:
AFF U16
U16 Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com