កីឡាជាតិ
ជាតិ
ក្រសួងការពារជាតិលត់វេស្ទើនភ្នំពេញ ៦-២ ដើម្បីបាន៣ពិន្ទុបន្តប្រជែងបឹងកេតអង្គរ 24, Jul 2016 , 6:54 pm
រូបភាពប្រភពពី៖ ហ្វេសប៊ុកក្លិបក្រសួងការពារជាតិ
× ក្រុមក្រសួងការពារជាតិ(ទ័ព)បានលត់ក្រុមវេស្ទើនភ្នំពេញ ៦-២ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទល្ងាចនេះ ដើម្បីបាន៣ពិន្ទុបន្ថែមសម្រាប់បន្តប្រជែងជាមួយក្រុមបឹងកេតអង្គរ និងបន្តឈរលំដាប់លេខ២ក្នុងពូលនៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៦ នេះ។ ចំណែកវេស្ទើនភ្នំពេញនៅតែមិនអាចស្វែងរកជ័យរបស់ខ្លួនបានដដែលនៅក្នុងពានរង្វាន់នេះ។
កីឡាករជនជាតិកូរ៉េខាងជើង Ri Hyok Chol សម្រេចបាន២គ្រាប់ម្នាក់ឯកនៅនាទី១៦ និង២០ ដើម្បីជួយឲ្យក្រសួងការពារជាតិនាំមុខវេស្ទើនភ្នំពេញ ២-០ មុនកីឡាករ កែវ វណ្ណៈ រកបានគ្រាប់បាល់ទី៣ និងទី៤ នៅនាទី៤៥ និង៥១ និងកីឡាករ ប៊ុន ហេង សម្រេចគ្រាប់បាល់ទី៥ នៅនាទី៥៤ ដើម្បីជួយឲ្យទ័ពនាំមុខវេស្ទើនភ្នំពេញ ៥-០។
រូបភាពប្រភពពី៖ ហ្វេសប៊ុកក្លិបក្រសួងការពារជាតិ
ប៉ុន្តែកីឡាករប្រយុទ្ធពាក់អាវលេខ១១របស់វេស្ទើនសម្រេចបាន២គ្រាប់ម្នាក់ឯកសម្រាប់វេស្ទើនភ្នំពេញ ដើម្បីតាមទ័ព ៥-២ នៅនាទី៥៧ និង៦១ ក្រោយមកនៅម៉ោងបន្ថែមនាទី90+4' កីឡាករ Choe Myong Ho រកបានគ្រាប់បាល់ទី៦សម្រាប់ជួយទ័ពលត់ក្រុមវេស្ទើនភ្នំពេញ ៦-២ ក្រោយចប់ការប្រកួតតង់ទី២។
ជ័យជម្នះនេះធ្វើឲ្យក្រុមក្រសួងការពារជាតិទទួលបាន៣ពិន្ទុបន្ថែម ដើម្បីបន្តប្រជែងជាមួយក្រុមបឹងកេតអង្គរដែលកំពុងឈរលំដាប់លេខ១ក្នុងតារាងដោយមាន៣៤ពិន្ទុ ខណៈក្រុមនេះមាន៣១ពិន្ទុដោយឈរលំដាប់លេខរៀងទី២។ ចំណែកវេស្ទើនភ្នំពេញនៅតែមិនអាចរកជ័យជម្នះបានដដែលសម្រាប់ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៦នេះ ដោយបន្តឈរបាតតារាងជាមួយ៤ពិន្ទុ៕
រូបភាពប្រភពពី៖ ហ្វេសប៊ុកក្លិបក្រសួងការពារជាតិ Tag:
បាល់ទាត់
Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com