កីឡាជាតិ
ជាតិ
​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​ដែល​ចូលរួម​អូឡាំពិក​នៅ RIO សុទ្ធតែ​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពី​នាយករដ្ឋមន្ត្រី​
28, Jul 2016 , 7:39 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បានផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​ម្នាក់​១​ពាន់​ដុល្លារ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ម្នាក់​៥០០​ដុល្លារ សម្រាប់​ការត្រៀម​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង RIO ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ​។


​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ថវិកា​លើក​ទឹក​ដល់​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​ដែល​ត្រូវ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក Olympic Gams នៅ​ទីក្រុង​រី​យ៉ូ​(RIO) ប្រទេស​ប្រេ​ស៊ី​ល​ម្នាក់​១​ពាន់​ដុល្លារ និង​មន្ត្រី​ពាក់ព័ន្ធ​ម្នាក់​៥០០​ដុល្លារ​ផងដែរ​។ ការប្រគល់​ថវិកា​លើកទឹកចិត្ត​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា  នៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ម្សិលមិញ​។ នេះ​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។​


​លោក​អគ្គលេខាធិការ NOCC រូបនេះ​បន្ថែមថា ក្រៅពី​ថវិកា​របស់ សម្តេច ហ៊ុន សែន កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​ពាក់​ទាំងអស់​ទទួលបាន​ការឧបត្ថម្ភ​ពី​លោក​អនុប្រធាន NOCC និង​បណ្តា​សប្បុរសជន​ផ្សេងៗ​ទៀត​ផងដែរ​ក្នុងនោះ​កីឡាការិនី ស៊ន សៀវ​ម៉ី ទទួលបាន ២,៥០០​ដុល្លារ​, ចូ​វ សុធា​រ៉ា​, ហែម​ថុ​ន វិ​ទី​នី​, លី ណា​រី​, ពូ សុវិជ្ជា និង​កីឡាករ នី​កូ ទទួល​ម្នាក់​១៥០០​ដុល្លារ ចំណែក​គ្រូបង្វឹក​៤​រូប​ម្នាក់ៗ​ទទួលបាន​៧០០​ដុល្លារ​ផងដែរ​។

​នា​ពិធី​បង្ហាញខ្លួន​ជា​សាធារណ​របស់​បេក្ខភាព​កីឡាករ​កីឡាការិនី​អូឡាំពិក​មុន​ថ្ងៃ​ចាកចេញ​ទី​២៨ ខែកក្កដា ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល នៅ​ផ្សារ​ទំនើប​អ៊ី​អន កាលពី​ថ្ងៃទី​២៦ ខែកក្កដា កន្លងទៅ​កីឡាករ​កីឡាការិនី​តំណាង​កម្ពុជា​ទាំង​៦​រូប​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្សេងៗ​ម្នាក់​៤០០​ដុល្លារ និង​បណ្ណ​ទិញ​សម្ភារៈ​កីឡា​ចំនួន​១​ពាន់​ដុល្លារ​ថែម​ទៀតផង​។


​គួរ​បញ្ចា​ក់ថា កីឡាករ​កីឡាការិនី​បេក្ខភាព​អូឡាំពិក​កម្ពុជា និង​គណប្រតិភូ​នឹង​ចាក​ចេញពី​កម្ពុជា​ដើម្បី​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២៨ ខែកក្កដា នេះ​។ សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​នេះ កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី នឹង​ប្រកួត​លើ​វិញ្ញាសា​៧៣​គីឡូក្រាម ឬ​ឯ​កីឡាការិនី​ចំបាប់  ចូ​វ សុធា​រ៉ា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៤៣​គីឡូក្រាម ខណៈ​កីឡាករ ពូ សុវិជ្ជា និង​កីឡាការិនី ហែម​ថុ​ន វិ​ទី​នី ប្រកួត​ហែល​ទឺ​ក​ចម្ងាយ​១០០​ម៉ែត្រ និង​៥០​ម៉ែត្រ​សេរី ចំណែក​កីឡាករ នី​កូ និង​កីឡាការិនី លី ណា​រី ប្រកួត​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​៕  









Tag:
 វ៉ា​ត់ ចំរើន​
  ថោង ខុន​
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com