កីឡាជាតិ
ជាតិ
ក្រោយ​ចាញ់​ជម្រុះ World Cup ទាំងពីរ​ជើង តើ​កម្ពុជា​អាច​សងសឹក​សិង្ហ​បុរី​នា​ល្ងាច​នេះ​បានដែរ​ឬទេ​?
28, Jul 2016 , 2:40 pm        
រូបភាព
ដោយ:
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក Lee Tae Hoon ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៨ ខែកក្កដា នេះ ខណៈ​គ្រូបង្វឹក​ទាំងពីរ​អះអាងថា នឹងធ្វើ​ឲ្យ​កក្រើក​ពហុ​កីឡដ្ឋាន ទោះបីជា​ការប្រកួត​មិត្តភាព​ក៏ដោយ​។​


​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា និង​សិង្ហ​បុរី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្តេជ្ញា​ថា នឹង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ​ទោះបី​វា​ជាការ​ប្រកួត​មិត្តភាព​ក៏ដោយ​។ ការប្តេជ្ញា​នេះ​ស្រប​ពេលដែល​កូនក្រុម​សំខាន់ៗ​របស់​មួយចំនួន​ដូចជា ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នី​ឧ​ត្ត​ម កំពុង​ញាំញី​ដោយ​របួស និង​កីឡាករ ណុប តុលា អវត្តមាន​សម្រាប់​ក្នុងជំនួប​នេះ​។​

​ជាមួយគ្នានេះ លោក Varadaraju Sundramoorthy គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​បាន​រៀបរាប់ថា ទោះបី​វា​ការប្រកួត​មិត្តភាព និង​កូនក្រុម​ខ្លួន​មួយចំនួន​បាន​អវត្តមាន​ក្នុងជំនួប​នេះ​ក៏ដោយ​លោក​នឹងមិន​ធ្វើ​ឲ្យ​អ្នកទស្សនា​រាប់ម៉ឺន​នាក់​ខកបំណង​នោះទេ លោក នឹងធ្វើ​ឲ្យ​កក្រើក​ពហុ​កីឡដ្ឋាន​ជាតិ និង​យកឈ្នះ​កម្ពុជា​ឲ្យ​បាន​។ 

​លោកគ្រូ​បង្វឹក​រូបនេះ​បាន​បន្តថា សម្រាប់​ជំនួប​នា​ល្ងាច​នេះ​លោក​មិន​ដាក់​ឈុត​ធំ​ដែល​កម្ពុជា​ធ្លាប់​ជួប​នាពេល​កន្លងមក​នោះទេ ព្រោះ​កីឡាករ​ជើង​ខ្លាំង​របស់ខ្លួន​មួយចំនួន​មិនមាន​វត្តមាន​នៅទីនេះ​ទេ ដោយសារ​ជាប់រវល់​លេង​ក្នុង​លី​ក​កំ​ពូ​ង​ក្នុង​បណ្តា​ប្រទេស​ផ្សេង​។​

​ដោយឡែក លោក Lee Tae Hoon បានចាត់ទុក​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​សិង្ហ​បុរី​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា​ក្នុងការ​ដកស្រង់​នូវ​បទពិសោធន៍​ល្អៗ​ពី​ក្រុម​ជើង​ខ្លាំង​មួយ​នេះ ព្រោះ​ក្រុម​នេះ​មុននឹង​មកជួប​ប្រកួត​មិត្តភាព​ជាមួយ​កម្ពុជា ក្រុម​នេះ​បាន​ចេញទៅ​ហ្វឹកហាត់​នៅក្នុង​ប្រទេស​ជប៉ុន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។ ម្យ៉ាង​ក្រុម​នេះ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ជម្រុះ World Cup នាពេល​កន្លង​ផងដែរ​។

​តាម​កំណត់ត្រា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កម្ពុជា​ធ្លាប់​ជួប​សិង្ហ​បុរី ១៦​លើក ដែល​ក្នុងនោះ កម្ពុជា​ធ្លាប់​ឈ្នះ​តែ​១​លើក​គត់ និង​ស្មើ​២​លើក​។ នា​ការប្រកួត​ជម្រុះ World Cup កន្លងមក សិង្ហ​បុរី បានទទួល​ជ័យជម្នះ​ទាំង​ពីរលើក​ក្នុងជំនួប​ជាមួយ​កម្ពុជា​៕ 


Tag:
 បាល់ទាត់​
  មិត្ត​អន្តរជាតិ​សិង្ហ​បុរី​
  Lee Tae Hoon
© រក្សាសិទ្ធិដោយ thmeythmey.com