កីឡាជាតិ
ប្រធាន NOCC ក្រើនរំឭក​សហព័ន្ធ​ឲ្យ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុងនិង​ពង្រឹង​ខ្លួន​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​
30, Jul 2016 , 9:11 am        
រូបភាព
ដោយ:
នា​ពិធី​សំណេះសំណាល​ជាមួយ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) កាលពី​ថ្ងៃទី​២៦ ខែកក្កដា កន្លងទៅ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC បាន​ក្រើនរំឭក​ដល់​បណ្តា​សហព័ន្ធ​ជាតិ​ទាំង​អូឡាំពិក និង​មិន​អូឡាំពិក​ទាំងអស់ ឲ្យ​ដោះស្រាយ​វិវាទ​ផ្ទៃក្នុង​របស់ខ្លួន​ឲ្យ​បានល្អ ក្នុងទិសដៅ​ដើម្បី​សម្រួច​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី ជាពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន និង​ជា​ប្រធាន NOCC បាន​ក្រើនរំឭក​ដល់​សហព័ន្ធ​ជាតិ​ទាំង​អូឡាំពិក និង​មិន​អូឡាំពិក​ទាំង​៤០​សហព័ន្ធ​ត្រូវ​ដោះស្រាយ​បញ្ហា​វិវាទ​ផ្ទៃក្នុង​ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡា​របស់ខ្លួន​ឲ្យ​បានល្អ ហើយ​ត្រូវ​រៀបចំ​ផែនការ​ហ្វឹកហាត់​ក្នុងការ​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​ឲ្យ​បានល្អ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ជាពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ការលើកឡើង​បែបនេះ​បន្ទាប់ពី​រដ្ឋមន្ត្រី​រូបនេះ​មើលឃើញ​ពី​បញ្ហា​ទុក្ខលំបាក និង​ចំណុច​ខ្វះខាត​របស់​សហព័ន្ធ ម្យ៉ាងទៀត​ដោយសារ​ការប្រកួត​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី និង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​មកដល់​ក្នុងពេល​ឆាប់​ខាងមុខនេះ​។ លោក​សន្យាថា ប្រសិនបើ​សហព័ន្ធ​ដែល​ជួប​បញ្ហា​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​បាន លោក នឹងធ្វើ​ការស្នើសុំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែងរក​សប្បុរសជន​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​សហព័ន្ធ​ទាំងនោះ​។

 
​លោក​បាន​បន្ថែមថា ក្រោយ​ត្រឡប់​មកពី​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​វិញ លោក​នឹង​ហៅ​គ្រប់​បណ្តា​សហព័ន្ធ​ទាំងអស់​មកជួប​ម្នា​ក់ម្ត​ងៗ ដើម្បី​លើក​ពី​បញ្ហា​ខ្វះខាត​ដែល​សហព័ន្ធ​កំពុង​ជួបប្រទះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ណាមួយ ជាពិសេស​លោក​នឹង​ចុះទៅ​ត្រួតពិនិត្យ​ដោយផ្ទាល់​នៅនឹងកន្លែង​តែម្តង​។ ការធ្វើ​បែបនេះ​ក្នុង​គោលបំណង ដើម្បី​កុំ​ឲ្យ​សហព័ន្ធ​ទាំងនោះ​ខ្វល់ខ្វាយ​ទៅលើ​បញ្ហា​ទាំងនោះ ពោលគឺ​ចង់​ឲ្យ​សហព័ន្ធ​ផ្តោត​សំខាន់​ទៅលើ​ការហ្វឹកហាត់ ដើម្បី​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​តែប៉ុណ្ណោះ​។

​ទន្ទឹមនឹងនោះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​៣៨​ប្រភេទ​កីឡា និង​៤០៥​វិញ្ញាសា​ចូលរួម ប៉ុន្តែ​ក្នុងចំណោម​ប្រភេទ​កីឡា​ទាំងនោះ​មិនមាន​វត្តមាន​កីឡា​ចំបាប់​, សូ​រី​ន​ហ្សី​កេ​ប​ប៉ូ និង​វ៉ូ​វី​ណា​ម ដែលជា​ប្រភេទ​កីឡា​សក្តានុពល និង​ជា​កីឡា​ដែល​តែងតែ​នាំយក​មេដាយ​ជូន​កម្ពុជា​នោះទេ​។ ប៉ុន្តែ​មាន​២៩​ប្រភេទ​កីឡា​ដែល​កម្ពុជា​អាច​ចូលរួម ក្នុងនោះ​មាន​ប្រភេទ​កីឡា​ដែល​ថ្មី​សម្រាប់​កម្ពុជា​ផងដែរ​រួមមាន​ទ្រី​យ៉ា​ត្លុង ស្គី​ទឹកកក និង​មួយ (​មួយ​ថៃ​)​។​

​លោក​អគ្គលេខាធិការ​រូបនេះ​បាន​សង្កត់ធ្ងន់​ដល់​ប្រភេទ​កីឡា​ប៉េតង់ ដែលជា​ប្រភេទ​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជា ព្រោះ​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​មិនមាន​វិញ្ញាសា​វាយយក​ពិន្ទុ ដែលជា​វិញ្ញាសា​របស់​វីរ​កីឡាការិនី កែ ឡេង ដែល​តែងតែ​ដណ្តើមបាន​មេដាយមាស​នោះទេ​។ សម្រាប់​វិញ្ញាសា​ប៉េតង់​នេះដែរ គឺ​ភាគី​ម៉ាឡេស៊ី​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​លេង​ច្រើ​ប្រ​ទេ​ភ​វិញ្ញាសា​នោះទេ ពោលគឺ​ម្នាក់​អាច​លេង​តែ​១​វិញ្ញាសា​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អ៊ិន គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ដែល​ទើបនឹង​ដឹកនាំ​កីឡាករ​ប៉េតង់​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​ជើងឯក​យុវជន​អាស៊ី​អាស៊ី​គ្នេ​យ៍​ប្រចាំឆ្នាំ​២០១៦​នៅ​ប្រទេស​សិង្ហ​បុរី​ដោយបាន​នាំ​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​២​ជូន​កម្ពុជា​បាន​អះអាងថា វា​មិនមែនជា​បញ្ហា​ប្រឈម​សម្រាប់​សហព័ន្ធ​របស់លោក​នោះទេ ព្រោះ​សហព័ន្ធ​មួយ​នេះ​មាន​ធនធាន​គ្រប់គ្រាន់ សម្រាប់​ការត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​នេះ​រួចហើយ​៕


Tag:
 ថោង ខុន​
  ស៊ី​ហ្គេម​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com