ប្រតិភូកីឡារួមទាំងកីឡាករកីឡាការិនីកម្ពុជាទោះបីជាមិនអាចពាំនាំនូវមេដាយពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅ RIO ប្រទេសប្រេស៊ីលក៏ដោយ ប៉ុន្តែប្រតិភូកីឡាកម្ពុជាទាំងនោះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកីឡាកម្ពុជា ក៏ដូចជាក្រុមយុវជនយុវនារីយ៉ាងច្រើនកុះករនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញ។
ប្រតិភូកីឡាអូឡាំពិកកម្ពុជាដែលមិនអាចពាំនាំមេដាយពីព្រឹតិ្តការណ៍កីឡាអូឡាំពិក នៅRIO ប្រទេសប្រេស៊ីលបានមកដល់មាតុប្រទេសកម្ពុជាវិញហើយកាលពីម្សិលមិញ។ ការមកដល់មាតុភូមិរបស់ប្រតិភូកីឡាកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងឪពុកម្តាយកីឡាករកីឡាការិនីព្រមទាំងក្រុមយុវជនជាច្រើនរូបទៀតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធាន NOCC ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំកីឡាជាច្រើនរូបបានរង់ចាំនៅអាកាសយានអន្តរជាតិភ្នំពេញតាំងពីម៉ោង៦ល្ងាច ដើម្បីចាំស្វាគមន៍ដំណើរវិលត្រឡប់មកកាន់មាតុប្រទេសរបស់ប្រតិភូកីឡាកម្ពុជាតាមជើងហោះហើរ Bangkok Air នាវេលាម៉ោង៧:២០នាទី។
ទោះបីជាកីឡាករកីឡាការិនីមិនអាចឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាអូឡាំពិក ប៉ុន្តែលោក ថោង ខុន បានកោតសរសើរដល់អត្តពលិកកម្ពុជា ជាពិសេសលោកផ្តោតសំខាន់ទៅលើកីឡាការិនី ស៊ន សៀវម៉ី ដែលបានកែប្រែប្រវត្តិសាស្ត្រចាស់ជាង៦០ឆ្នាំរបស់កម្ពុជា។ លោកបញ្ជាក់ថា«យើងសរសើរក្មួយស្រី សៀវម៉ី លើកទី១ហើយដែលចូលរួមកីឡាអូឡាំពិក ហើយវាលើកទី១ដែលស្រុកខ្មែរយើងក្រោយ៦២ឆ្នាំតាំងពីឆ្នាំ១៩៥៤ មកដែលយើងមានអត្តពលិកជាផ្លូវការចូលរួមប្រកួតពេញសិទ្ធក្នុងព្រឹត្តិការណ៍អូឡាំពិក...មិនដែលមានទេ...អត់មានទេ»។
ប្រធាន NOCC រូបនេះបានកត់សម្គាល់ថា កម្រមានប្រទេសណាចូលរួមលើកដំបូងដណ្តើមបានមេដាយពីព្រឹត្តិការណ៍អូឡាំពិកណាស់។ ហើយសម្រាប់ការចូលរួមលើកនេះទោះបីមិនបានទទួលមេដាយប៉ុន្តែកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២៥ក្នុងចំណោម២០៧ប្រទេសដែលមានសម្លៀកបំពាក់ហែល្អជាងគេ។ លើសពីនេះកម្ពុជាទទួលបានកិត្តិយសល្អដោយកីឡាករកីឡាការិនីប្រកួតដោយមិនមានការបោះបង់ និងមិនធ្វើអ្វីឲ្យប៉ះពាល់ដល់កិត្តិយសជាតិ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអូឡាំពិកនៅ RIO កម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចូលរួមចំនួន៦នាក់ក្នុងនោះតេក្វាន់ដូ១នាក់ ចំបាប់១នាក់ ហែលទឹក២នាក់ និងម៉ារ៉ាតុន២នាក់ ប៉ុន្តែកម្ពុជាមិនទទួលបានមេដាយនោះឡើយ។ ក្នុងនោះកីឡាករ ពូ សុវិជ្ជា ទទួលបានចំណាត់ថ្នាក់លេខ៥៧ក្នុងចំណោម៥៩នាក់លើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រដោយប្រើថេរវេលា ៥៤.៥៥វិនាទី។
ចំណែកកីឡាការិនី ហែមថុន វិទីនី បានត្រឹមបំបែកកំណត់ត្រាផ្ទាល់ខ្លួនដោយទទួលបានចំណាត់ថ្នាក់លេខ៦៦ក្នុងចំណោម៩២នាក់លើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រដោយប្រើថេរវេលា២៩:៣៧វិនាទី ខណៈអូឡាំពិកក្នុងទីក្រុងឡុងប្រើថេរវេលា៣០.៤៤វិនាទី។
ឬឯកីឡាការិនីចំបាប់ ចូវ សុធារ៉ា បានចាញ់កីឡាករកូឡុំប៊ី Castillo Hidalgo Carolina ០-១០ ក្នុងវគ្គ១/៨ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ខណៈកីឡាការិនី ស៊ន សៀវម៉ី បានចាញ់កីឡាការិនីហូឡង់ Reshimie Oogink ១-៧ ក្នុងវគ្គ១/៨ លើប្រភេទម្ងន់លើស៦៧គីឡូក្រាម។
ដោយឡែក កីឡាការិនីខ្មែរ-បារាំង លី ណារី ទទួលបានចំណាត់ថ្នាក់លេខ១៣៣ក្នុងចំណោមអត្តពលិក១៥៧នាក់លើវិញ្ញាសាម៉ារ៉ាតុនដោយប្រើថេរវេលា៣ម៉ោង២០នាទី និង២០វិនាទី។ ចំណែកកីឡាករខ្មែរ-ជប៉ុន Takizaki Kuniaki ហៅ Neko ទទួលបានចំណាត់ថ្នាក់លេខ១៣៩ក្នុងចំណោម១៥៥នាក់លើវិញ្ញាសាម៉ារ៉ាតុន ដោយប្រើថេរវេលា២:៤៥:៥៥។ គួរបញ្ជាក់ថា អត្តពលិកកម្ពុជាទាំងពីរនាក់នេះសុទ្ធតែបានមកដល់គោលដៅទាំងអស់គ្នា៕