វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាកាយសម្ព័ន្ធ រយៈពេល១០ថ្ងៃ បានបញ្ចប់កាលពីថ្ងៃទី២៥ ខែសីហា។ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង ជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកវគ្គដែលបណ្តុះបណ្តាលដោយគ្រូជំនាញជនជាតិជប៉ុននេះ ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការត្រៀមខ្លួនរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ។
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធពីអ្នកជំនាញជនជាតិជប៉ុន លោក Munehiro Kugimiya ត្រូវបានលោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាវាយតម្លៃថា ជាវគ្គបណ្តុះបណ្តាលមួយដ៏សំខាន់ក្នុងការផ្តល់ឱកាសសិក្សាដល់សិក្ខាកាមដែលមកពីបណ្តាខេត្ត និងរាជធានីភ្នំពេញអាចសិក្សាជំនាញ និងបទពិសោធន៍ថ្មីៗពីគ្រូជំនាញ ដើម្បីពង្រឹងបច្ចេកទេស សមត្ថភាពរបស់ខ្លួន ក្នុងការជួយអភិវឌ្ឍន៍វិស័យកីឡាកាយសម្ព័ន្ធកម្ពុជាឲ្យកាន់តែរីកចម្រើន។
លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ផងដែរនោះ នាថ្ងៃបិទវគ្គសិក្សាសាមគ្គីអូឡាំពិកនៅទីស្នាក់ការ NOCC កាលពីម្សិលមិញបានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា តាមរយៈវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាកាយសម្ព័ន្ធរយៈពេល១០ថ្ងៃនេះ សិក្ខាកាមនឹងយកបទពិសោធន៍ល្អៗដែលទទួលបានពីអ្នកជំនាញជនជាតិជប៉ុនទៅបណ្តុះបណ្តាលពង្រឹងសមត្ថភាពធនធានថ្នាលនៅតាមមូលដ្ឋានរបស់ខ្លួន សម្រាប់ត្រៀមប្រកួតកីឡាជាតិ ជាពិសេសការប្រកួតស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
លើសពីនេះលោកបានជំរុញឲ្យថ្នាក់ដឹកនាំក្លិប-សមាគមកីឡាកាយសម្ព័ន្ធនៅតាមបណ្តាខេត្តត្រូវមានការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស ក៏ដូចរៀបចំការប្រកួតជើងឯកថ្នាក់ខេត្តផ្សេងៗដើម្បីចូលរួមចំណែកចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីដែលមានទេពកោសល្យ ព្រោះកីឡានេះពិបាកក្នុងការស្វែងរកកីឡាករឆ្នើម។
ដើម្បីត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំជាបន្តបន្ទាប់ ជាពិសេសរៀបចំការប្រកួតកីឡាជាតិ(National Games) ឲ្យបាន៣លើក ដើម្បីដកស្រង់បទពិសោធន៍ក្នុងការរៀបចំ និងចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីដែលមានសមត្ថភាព ព្រោះការប្រកួតនេះមានលំនាំដូចទៅនឹងការប្រកួតស៊ីហ្គេម។
លោក Munehiro Kugimiya គ្រូឧទ្ទេសដែលមកពីអង្គការសាមគ្គីអូឡាំពិកជប៉ុន បានវាយតម្លៃខ្ពស់ផងដែរថា ជាវគ្គសិក្សាមួយដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍វិស័យកីឡាកាយសម្ព័ន្ធកម្ពុជា ហើយលោកជឿជាក់យ៉ាងមុតមាំថា ក្រោមកិច្ចសហការរវាងជប៉ុន និងកម្ពុជា កីឡាកាយសម្ព័ន្ធកម្ពុជានឹងមានភាពរីកចម្រើននាថ្ងៃអនាគត។
ទន្ទឹមនឹងនេះ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានវាយតម្លៃថា វគ្គបណ្តុះបណ្តាលរយៈពេល១០ថ្ងៃដែលមានការបង្ហាញទាំងទ្រឹស្តី និងការអនុវត្តសិក្ខាកាមទទួលបានការយល់ដឹងច្រើនទាំងបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ហើយក្នុងចំណោមសិក្ខាកាមទាំង២៥នាក់ គឺមាន៣នាក់ទទួលបាននិទ្ទេសល្អ ១៧នាក់ល្អបង្គួរ និង៥នាក់មធ្យម។
នាពិធីបិទវគ្គសិក្សាសាមគ្គីអូឡាពិកស្តីពីគ្រូបង្វឹកកីឡាកាយសម្ព័ន្ធនោះដែរ សិក្ខាកាមទាំង២៥នាក់ដែលបានបំពេញវគ្គសិក្សានេះទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាម្នាក់មួយៗពីកីឡាកាយសម្ព័ន្ធកម្ពុជា ចំណែកសិក្ខាកាម៣នាក់ដែលទទួលបាននិទ្ទេសល្អទទួលបានវត្ថុអនុស្សាវរីយ៍ពីគ្រូឧទ្ទេសជនជាតិជប៉ុន។ ហើយនាឱកាសនោះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងសិក្ខាកាមបានផ្តល់កាដូអនុស្សាវរីយ៍ ដល់គ្រូឧទ្ទេសជនជាតិជប៉ុនផងដែរ៕