កីឡាជាតិ
ជាតិ
យុវជនសាលាបាល់ទាត់ជាតិកម្ពុជាក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍នៅចិន 27, Aug 2016 , 11:42 am
× ក្រុមយុវជនអាយុក្រោម១៥ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី ក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ «The Belt and Road Initiative» U15 Boys Football Touament ដែលរៀបចំតាំងពីថ្ងៃទី២៤ ខែសីហា នៅប្រទេសចិន។
ក្រុមមកពីប្រទេសកម្ពុជា ជប៉ុន កាហ្សាក់ស្ថាន ម៉ាឡេស៊ី ប៉ាគីស្ថាន សិង្ហបុរី អេស្ប៉ាញ រួមជាមួយម្ចាស់ផ្ទះចិន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ «The Belt and Road Initiative» U15 Boys Football Touament ដែលរៀបចំឡើងដើម្បីពង្រឹងការយល់ដឹងពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីសូត្រចិន។
កម្ពុជាតំណាងដោយក្រុមយុវជនអាយុក្រោម១៥ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន Inoue Kazunori។ យោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) យុវជនកម្ពុជាឆ្លងកាត់ការប្រកួត៥លើក ដោយមិនស្គាល់បរាជ័យ។
កាលពីថ្ងៃទី២៥ ខែសីហា ពួកគេបានឈ្នះក្រុមយុវជន Jianyin School របស់ចិន ក្នុងលទ្ធផល ៣-០ មុននឹងលត់ក្រុម Cempaka Inteational School របស់ម៉ាឡេស៊ី ក្នុងលទ្ធផលរហូតដល់ទៅ២៧-០ ។
នៅថ្ងៃទី២៦ ខែសីហា ក្រុមយុវជនសាលាបាល់ទាត់ជាតិកម្ពុជា បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុម Warriors Football Club របស់សិង្ហបុរី មុនពេលយកឈ្នះក្រុម Orient FC Football Team របស់ជប៉ុន ៥-៤ ដោយការទាត់បាល់ប៉េណាល់ទី បន្ទាប់ពីបញ្ចប់លទ្ធផលស្មើ ៣-៣ នៅម៉ោងធម្មតា។
ឈានដល់ថ្ងៃទី២៧ ខែសីហានេះ ក្រុមយុវជនសាលាបាល់ទាត់ជាតិកម្ពុជា បានប្រកួតជាមួយក្រុមយុវជន Sdushor No 8 Team របស់កាហ្សាក់ស្ថាន ដោយទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-២ ៕
© រក្សាសិទ្ធិដោយ thmeythmey.com